តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃអង្គារនេះ បានចេញដីកាកោះហៅអតីតមេដឹកនាំនិងសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិចំនួន៩រូប ឱ្យចូលខ្លួនទៅកាន់សាលាដំបូងនៅសប្តាហ៍ទី២ ខែវិច្ឆិកា ពាក់ព័ន្ធនឹងបទ «ឧបឃាត» ឬ «ប៉ុនប៉ងធ្វើរដ្ឋប្រហារ»។
យោងតាមដីកាកោះរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោកព្រះរាជអាជ្ញារង សេង ហៀង នៅថ្ងៃអង្គារនេះ បានតម្រូវឱ្យអតីតមេដឹកនាំនិងសមាជិកជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ចំនួន៩រូប ឱ្យចូលខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង៨ព្រឹក ជាកំហិត ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់លើសំណុំរឿង «ឧបឃាត»នេះ។
អតីតមេដឹកនាំនិងសមាជិកជាន់ខ្ពស់បក្សប្រឆាំងទាំង៩រូបនោះ រួមមាន លោក សម រង្ស៊ី, លោកស្រី ជូឡុង សូមូរ៉ា (ភរិយាលោក សម រង្ស៊ី), លោក អេង ឆៃអ៊ាង, លោកស្រី មួរ សុខហួរ, លោកអ៊ូ ចាន់ឬទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រី, លោក ម៉ែន សុថាវរិន្រ្ទ និងលោក នុត រំដួល។
វីអូឌី ពុំអាចសុំការអត្ថាធិប្បាយបន្ថែមជុំវិញដីកាកោះនេះពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ នៅល្ងាចថ្ងៃអង្គារនេះ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ដីកាបង្គាប់ឱ្យចូលខ្លួននេះ គ្រាន់តែបង្ហាញពីរូបភាពផ្លូវច្បាប់ ដើម្បីកុំឱ្យគេមើលឃើញថា ការចោទប្រកាន់កន្លងទៅមានលក្ខណៈនយោបាយប៉ុណ្ណោះ។
លោកថា៖ «បើសិនជាអត់មាននីតិវិធីចោទប្រកាន់ទេឬកាត់សេចក្តីទេ វាឃើញថា ការចោទប្រកាន់នេះមានលក្ខណៈនយោបាយពេក អ៊ីចឹងទេ យន្តការនៃការប្រើប្រាស់ប្រព័ន្ធច្បាប់ត្រូវតែដំណើរការទៅ មិនអាចខកខានបានទេ ត្រូវឱ្យមាននីតិវិធីជារូបភាពមួយ»។
មួយវិញទៀត លោកថា យន្តការកោះនេះ នឹងមិនធ្វើឱ្យលោក សម រង្ស៊ី ត្រឡប់មកកម្ពុជាវិញទេ ទោះលោក សម រង្ស៊ី ធ្លាប់លើកឡើងពីការចង់វិលចូលកម្ពុជាវិញ ដើម្បីតតាំងនឹងតុលាការក៏ដោយ ដោយសារការកៀរគរកម្លាំងរបស់ក្រុមប្រឆាំងមិនទាន់បានពេញលេញនៅឡើយ។
កាលពីថ្ងៃទី០៣ ខែតុលា តុលាការធ្លាប់បានចេញដីកាឱ្យចាប់ខ្លួនលោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សប្រឆាំង៨រូបទៀត ពាក់ព័ន្ធនឹងបទចោទ «ឧបឃាត» ឬ «ការប៉ុនប៉ងធ្វើរដ្ឋប្រហារ» ម្តងរួចមកហើយ តាមរយៈផែនការនៃការវិលត្រលប់មកកម្ពុជាវិញរបស់លោក សម រង្ស៊ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប៉ុន្តែលោក សម រង្ស៊ី បានចាត់ទុកការចោទប្រកាន់នេះថា គ្រាន់ជាលេស ដើម្បីរារាំងមាតុភូមិនិវត្តន៍របស់លោកដោយសន្តិវិធីតែប៉ុណ្ណោះ៕