លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ បន្តការយោគយល់ ដោយបន្ធូរបន្ថយអត្រាការប្រាក់ ពន្យារពេលនៃការសងប្រាក់ និងកុំរឹបអូសទ្រព្យសម្បត្តិពីពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។
ក្នុងពេលចុះជួបសួរសុខទុក្ខនិងជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា កន្លងមក រាជរដ្ឋាភិបាលធ្លាប់បានអំពាវនាវដល់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្ធូរបន្ថយអត្រាការប្រាក់និងពន្យារពេលការសង សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដដោយជំងឺកូវីដ១៩ម្តងរួចហើយ។
លោកបន្តថា ដោយសារបច្ចុប្បន្ន មានប្រជាពលរដ្ឋប្រមាណជាង១សែនគ្រួសារ បន្តរងគ្រោះដោយជំនន់ទឹកភ្លៀងបន្ថែមទៀត ដែលករណីនេះ លោកអំពាវនាវជាថ្មីដល់ធនាគារនិងមីក្រូហិរញ្ញវត្ថុ បន្តការយោគយល់ដូចគ្នានេះចំពោះពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។
លោកបានគូសបញ្ជាក់ថា៖ «នៅក្នុងរយៈពេលនៃការលំបាក ដែលខ្ញុំគិតថា ទាំងធនាគារធំៗ សំខាន់មីក្រូ មេត្តាយោគយល់ចំពោះបញ្ហានេះ»។
លោកនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ធនាគារនិងមីក្រូហិរញ្ញវត្ថុទាំងអស់ កុំឱ្យមានការរឹបអូសផ្ទះសម្បែង ដីធ្លី និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ទាំងក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ និងអ្នកដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀងនេះផងដែរ។
តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិចំពោះជនទាំងឡាយណាដែលបំផុសចលនាឱ្យមានចរន្តដកប្រាក់ឱ្យអស់ពីធនាគារនិងកុំសងលុយធនាគារ និងអ្នកដែលជឿលើការញុះញង់នេះ៕