ក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវឱ្យរដ្ឋាភិបាលគោរពឱ្យបានពេញលេញនូវកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស «២៣តុលា» តាមរយៈការធ្វើឱ្យប្រសើរឡើងវិញនូវស្ថានភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិ ដើម្បីបញ្ចៀសកុំឱ្យមានការបែកបាក់ជាតិដែលធ្លាប់កើតមានក្នុងប្រវត្តិសាស្រ្តកម្ពុជានាពេលកន្លងមក។
កិច្ចព្រមព្រៀងអន្តរជាតិនេះមានចែងអំពីការធានាអធិបតេយ្យភាពកម្ពុជា បូរណភាពទឹកដី មិនអាចរំលោភបាននៃដែនដី អព្យាក្រឹតភាព ការផ្សះផ្សាជាតិ ឯកភាពជាតិ សេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ប្រជាធិបតេយ្យ និងការអភិវឌ្ឍជាតិ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ធន សារ៉ាយ ដែលបាននិរទេសខ្លួនទៅរស់នៅក្រៅប្រទេស ថ្លែងតាមវីដេអូក្នុងពិធីប្រារព្ធខួប២៩ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស«២៣តុលា» ថាកិច្ចព្រមព្រៀងអន្តរជាតិនេះ តម្រូវឱ្យមេដឹកនាំខ្មែរកសាងប្រទេសឡើងវិញ ភ្ជាប់នឹងការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ ក្រោយពីកម្ពុជាជាជួបវិនាសកម្មធ្ងន់ធ្ងរដោយសារសង្គ្រាមរ៉ាំរ៉ៃរវាងខ្មែរនិងខ្មែរ។
ប៉ុន្តែលោកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពនយោបាយ វាបង្កើតការព្រួយបារម្ភថា កម្ពុជាអាចវិលទៅរកអតីតកាល បង្កើតការឈឺចាប់ដល់សង្គមជាតិជាថ្មីទៀត បើគ្មានការកែប្រែ។
លោកថា៖ «ប្រជាពលរដ្ឋយើង ប្រទេសយើងរងទុក្ខវេទនាឆ្អែតឆ្អន់ណាស់ហើយ សូមកុំឱ្យអ្នកដឹកនាំត្រឡប់ទៅរកដានចាស់ហ្នឹងវិញ ធ្វើឱ្យប្រជាពលរដ្ឋខ្មែរឈឺចាប់បន្តទៅទៀត។ អ៊ីចឹងហើយក្នុងទិវានៃខួបកិច្ចព្រមព្រៀងនេះ ខ្ញុំស្នើហើយស្នើទៀតថា សូមមេដឹកនាំរបស់យើង សូមគិតផលប្រយោជន៍ជាតិជាធំមក»។
អ្នកឃ្លាំមើលពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ថ្លែងថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដូចគ្នាទៅនឹងរដ្ឋធម្មនុញ្ញកម្ពុជា តម្រូវឱ្យរដ្ឋាភិបាលកើតក្រោយបោះឆ្នោត ត្រូវតែមានសមត្ថភាព ធានាឱ្យមានការផ្សះផ្សាជាតិ និងរកឱ្យឃើញនូវឯកភាពជាតិ។
ប៉ុន្តែលោកថា ជម្លោះនយោបាយបច្ចុប្បន្ន វាដើរដល់ចំណុចមិនអាចនិយាយគ្នាបាន ដោយបក្សមួយចោទបក្សមួយទៀតថា ជាក្រុម«ក្បត់ជាតិ» រីឯបក្សមួយវិញទៀតថា ជាក្រុមឧទ្ទាមក្រៅច្បាប់ដែលលោកថា ល្បែងនយោបាយនេះកំពុងជំរុញឱ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិ។
លោកថា៖ «បើសិនជាយើងនៅតែឮពាក្យ«ឧទ្ទាមក្រៅច្បាប់»គឺបានន័យថា សង្គមហ្នឹងនៅតែទទួលរងនូវការបះបោរ មានអ្នកកាន់កាប់អំណាច ហើយការបង្រួបបង្រួមជាតិនេះ វានឹងមិនអាចយកមកវាស់វែងបានទេ»។
អ្នកគ្រប់គ្រងកម្មវិធីនៅមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក ហេង គីមហុង និយាយថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានស្តារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ តាមរយៈតម្រូវឱ្យអន្តរជាតិលុបចោលទណ្ឌកម្មមកលើកម្ពុជា ដើម្បីមានឱកាសស្តារឡើងវិញដូចប្រទេសប្រជាធិបតេយ្យមួយចំនួនដែរ។ ប៉ុន្តែលោកថា ២៩ឆ្នាំមកនេះ ពលរដ្ឋនៅតែអះអាងថា សិទ្ធិរបស់ពួកគេដែលធានាដោយច្បាប់ នៅតែរងការរំលោភបំពាន។
តំណាងឱ្យកម្មករ អ្នកស្រី ឈឹម ស៊ីថរ និយាយប្រហាក់ប្រហែលដែរថា៖ «២៩ឆ្នាំ វាគួរតែល្អ រីកចម្រើនទៅមុខ ប៉ុន្តែនីតិរដ្ឋហ្នឹងដើរថយក្រោយ ដោយថយក្រោយនៅត្រង់ថា ឥលូវនេះសិទ្ធិសេរីភាពតំណាងសហជីពទាំងអស់ត្រូវបានគំរាមកំហែងចាប់ដាក់គុក ចោទថា ជាអ្នកបង្កឱ្យមានចលាចលសង្គម»។
តំណាងកសិករម្នាក់នៅស្រុកបាទី ខេត្តតាកែវ ដែលបានចូលរួមក្នុងពិធីប្រារព្ធខួបនេះដែរ គឺអ្នកស្រី អ៊ុច ស៊ីមន និយាយថា និន្នាការលាភពណ៌ផ្នែកនយោបាយ បានរាលដាលដល់តំបន់ជនបទ។
ស្ត្រីអាយុ៥២ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុករូបនេះ និយាយទៀតថា ការលាភពណ៌ផ្នែកនយោបាយនេះ សហគមន៍ក៏រងនូវការតាមដាននិងបំភិតបំភ័យពីអាជ្ញាធរដែនដីនៅពេលតំណាងអង្គការចុះទៅបើកវគ្គវណ្តុះបណ្តាល ដោយតម្រូវឱ្យមានការឯកភាពពីអាជ្ញាធរជាមុនសិន។
អ្នកស្រីថា៖ «ក្នុងនាមខ្ញុំជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមអំពាវនាវទៅរដ្ឋាភិបាលឱ្យចេះចរចាគ្នា ដើម្បីដឹកនាំប្រជាពលរដ្ឋមានភាពកក់ក្តៅ មានសេចក្តីសុខ ដូចប្រទេសគេ»។
ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា វិធានការនានាដែលរដ្ឋាភិបាលធ្វើកន្លងមក គឺដើម្បីពង្រឹងនីតិរដ្ឋ រក្សាសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាជម្រើសអាទិភាពសម្រាប់កសាងប្រទេស។
លោកថា៖ «ជនណាក៏ដោយដែលមិនគោរពនូវគោលការណ៍នេះ គឺយើងមិនអនុញ្ញាតជាដាច់ខាត ពីព្រោះផលប្រយោជន៍ប្រទេសជាតិធំណាស់ គឺសន្តិភាពនិងស្ថិរភាពនយោបាយនេះឯង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីចុះចែកអំណោយដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីម្សិលមិញ បានថ្លែងថា ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ជំរុញដល់ការអភិវឌ្ឍនិងរក្សាបានសន្តិភាពរហូតបច្ចុប្បន្ន វាកើតចេញពីនយោបាយ«ឈ្នះ ឈ្នះ»របស់លោក។
លោកថា៖ «នយោបាយឈ្នះ-ឈ្នះនេះជាឱសថទិព្វ ដែលធ្វើឱ្យកម្ពុជាមានសង្គ្រាមមិនចេះចប់មិនចេះហើយរាប់រយឆ្នាំ បានបញ្ចប់នៅក្នុងឆ្នាំ១៩៩៨»។
យ៉ាងណា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ត្រូវបានរដ្ឋាភិបាលដកចេញពីប្រតិទិននៃថ្ងៃឈប់សម្រាកបុណ្យជាតិ ជាលើកទីពីរ កាលពីឆ្នាំមុន។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បាននិយាយក្នុងរបាយការណ៍ស្ដីពីស្ថានភាពសិទ្ធិមនុស្សដាក់ទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីដើមខែនេះថា ១ឆ្នាំចុងក្រោយនេះ ការបង្ក្រាបខាងនយោបាយកាន់តែខ្លាំង បានកើតឡើងនៅក្នុងប្រទេសកម្ពុជា។
ស្ថាប័នអន្តរជាតិនេះគូសបញ្ជាក់ថា យ៉ាងហោចណាស់មនុស្សចំនួន១៤០នាក់ដែលជាប់ខ្លួនទាក់ទងជាមួយអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន។ ចំណែកសំណុំរឿងចោទប្រកាន់លើមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ពីបទ «ក្បត់ជាតិ» ត្រូវបានគេជឿជាក់ថា «ជាហេតុផលនយោបាយ និងជាផ្នែកមួយនៃលំនាំដ៏ធំមួយនៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ»៕