ក្រសួងទេសចរណ៍គ្រោងស្នើទៅរដ្ឋាភិបាលបង្កើតទីក្រុងសៀមរាបថ្មី និងគោលដៅទេសចរណ៍ថ្មីមួយចំនួនបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិទៅកាន់ខេត្តសៀមរាបឱ្យបាន៧លាននាក់ នៅឆ្នាំ២០៣៥។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ត្រូវបានទំព័រហ្វេសប៊ុករបស់ក្រសួងស្រង់ប្រសាសន៍មកផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែតុលានេះថា ដើម្បីទាក់ទាញទេសចរអន្តរជាតិទៅកាន់ខេត្តសៀមរាប-អង្គរ ឱ្យបានប្រមាណ៧លាននាក់នៅឆ្នាំ២០៣៥ គោលដៅទេសចរណ៍ធំៗថ្មីនៅជុំវិញអង្គរ នឹងត្រូវបានបង្កើតឡើង ហើយផែនការនេះត្រូវបានដាក់បញ្ចូលក្នុងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។
លោករដ្ឋមន្ត្រី បន្តថា គោលដៅទេសចរណ៍ថ្មីចំនួន៤ធំៗបន្ថែមទៀតលើគោលដៅទេសចរណ៍ពីរដែលមានស្រាប់ អាចនឹងត្រូវបានបង្កើតឡើង ក្នុងនោះរួមមាន តំបន់បឹងទន្លេសាប តំបន់ភ្នំគូលែន តំបន់បន្ទាយស្រី និងទីក្រុងសៀមរាបថ្មី។
លោកបានគូសបញ្ជាក់ថា៖ «ចំពោះការបង្កើតទីក្រុងសៀមរាបថ្មីនេះ គឺក្នុងគោលបំណងដើម្បីទ្រទ្រង់ដល់ទីក្រុងសៀមរាបបច្ចុប្បន្ន ដែលមិនអាចសាងសង់សំណង់ទំនើបខ្ពស់ៗឬសំណង់ដែលប៉ះពាល់ដល់សម្បត្តិបេតិកភណ្ឌវប្បធម៌»។
លោករដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា ទីក្រុងថ្មីនេះនឹងរៀបចំឱ្យក្លាយជាទីក្រុងវៃឆ្លាត (Smart City) ប៉ុន្តែប្លង់គោលទីក្រុងទាំងមូល អាចនឹងត្រូវសិក្សារចនាឡើងតាមទម្រង់បុរាណខ្មែរ។ ចំពោះទីតាំងទីក្រុងសៀមរាបថ្មីនេះ លោករដ្ឋមន្ត្រីបង្ហើបឱ្យដឹងថា គឺត្រូវស្ថិតនៅក្រៅពីតំបន់ការពាររបស់អាជ្ញាធរជាតិអប្សរា។
លោកបានបញ្ជាក់បន្ថែមថា៖ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ត្រូវបានដាក់ឆ្លងគណៈកម្មការជាតិអភិវឌ្ឍន៍វិស័យទេសចរណ៍ហើយ ក្នុងនោះក្រសួងទេសចរណ៍ក៏កំពុងរៀបចំកែសម្រួលឱ្យវាខ្លីជាងមុន ដើម្បីដាក់ឆ្លងរាជរដ្ឋាភិបាលពិនិត្យនិងអនុម័តនៅពេលខាងមុខ»។
បើតាមក្រសួងទេសចរណ៍ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញចក្ខុវិស័យទាក់ទាញភ្ញៀវទេសចរអន្តរជាតិទៅទស្សនាខេត្តសៀមរាប ឱ្យបាន៧លាននាក់នៅឆ្នាំ២០៣៥ ដោយនឹងបង្កើតការងារផ្ទាល់ប្រមាណ៩០ម៉ឺននាក់ រួមជាមួយការទទួលបានប្រាក់ចំណូលប្រមាណ៥ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នានោះ។ ករណីនេះ ក្រសួងថា ដើម្បីសម្រេចចក្ខុវិស័យនេះ ទីក្រុងសៀមរាបបច្ចុប្បន្នមិនអាចទ្រទ្រង់បានគ្រប់គ្រាន់ឡើយ គឺចាំបាច់ត្រូវបង្កើតឱ្យមានទីក្រុងថ្មីមួយទៀត៕