សកម្មជនដីធ្លីបឹងកក់ និងជាអ្នកគាំទ្របក្សប្រឆាំង អ្នកស្រី សាត ផា ត្រូវបានតុលាការសម្រេចដាក់ឃុំខ្លួនជាបណ្ដោះអាសន្ននៅថ្ងៃនេះ មួយថ្ងៃក្រោយពីគាត់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការចោទប្រកាន់ថា«ញុះញង់ឱ្យមានសភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ជាបទចោទប្រកាន់ដែលអាជ្ញាធររដ្ឋាភិបាលបានប្រើប្រាស់សម្រាប់ចាប់ខ្លួនមនុស្សជាច្រើននាក់ជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
ការចាប់ខ្លួននេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីគាត់បានចូលរួមធ្វើបាតុកម្មនៅមុខស្ថានទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែតុលា ដើម្បីប្រឆាំងទៅនឹងកងទ័ពចិនដែលត្រូវបានរាយការណ៍ថា ត្រូវបានកម្ពុជាអនុញ្ញាតឱ្យឈរជើងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកកម្ពុជា និងទាមទារឱ្យប្រទេសហត្ថលេខីទាំងអស់គោរពនិងអនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចព្រមព្រៀងសនិ្តភាពទីក្រុងប៉ារីស។
អំឡុងពេលធ្វើបាតុកម្ម មានសកម្មជន៣នាក់រួចហើយត្រូវបានចាប់ខ្លួននិងត្រូវបានសម្រេចឃុំខ្លួននៅពន្ធនាគារនៅព្រឹកថ្ងៃទី២៦ ខែតុលា ក្រោមការចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានសភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានប្រាប់វីអូឌីនៅថ្ងៃនេះថា អ្នកស្រី សាត ផា អាយុ៤៧ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ពីបទញុះញង់ឱ្យមានសភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងត្រូវបានបញ្ជូនខ្លួនទៅមណ្ឌលអប់រំកែប្រែទី២ ឬពន្ធនាគារព្រៃស នៅថ្ងៃពុធនេះ។
លោក អ៊ី រិន្ទ ប្រាប់ថា៖ «[គាត់]ត្រូវបានចោទប្រកាន់ក្រោមបទចោទមាត្រាទី៤៩៤និង៤៩៥ ហើយត្រូវបានសម្រេចឃុំនៅថ្ងៃនេះតែម្តង»។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនអ្នកស្រី សាត ផា តាមដីការបស់តុលាការ ហើយការចាប់ខ្លួននេះធ្វើឡើងដោយសារតែអ្នកស្រីបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សង្គម ហើយបានចោទថា ការតវ៉ានោះធ្វើឡើងគ្រាន់តែជាការសម្តែងដែលសមនឹងទទួលទោសទៅតាមផ្លូវច្បាប់។
លោក ឆាយ គឹមខឿន ប្រាប់ថា៖ «សមត្ថកិច្ចបានឃាត់ខ្លួន [អ្នកស្រី សាត ផា] តាមដីកាតុលាការ ហើយឥលូវនេះបានបញ្ជូនទៅចូលគុកហើយ ពីបទទៅរញ៉េរញ៉ៃហ្នឹងណ៎ា! ឃើញរូបនារីហ្នឹងបាក់ជើងហើយតវ៉ាទេ? ហើយអាហ្នឹងសមដាក់គុកហើយ។ នាំគ្នាទៅបង្កើតល្ខោន ហើយឥលូវមកវះជើងទៀត»។
មុនពេលចាប់ខ្លួន អ្នកស្រី សាត ផា បានប្រាប់សារព័ត៌មានក្នុងស្រុកថា អ្នកស្រីតែងតែចូលរួមការតវ៉ាជាបន្តបន្ទាប់ជាមួយប្រពន្ធសកម្មជនគណបក្សប្រឆាំង យុវជនខ្មែរថាវរៈ ហើយថា ការតវ៉ាកន្លងទៅ អ្នកស្រីតែងតែរងការវាយដំពីសំណាក់កងសន្តិសុខខណ្ឌ៧មករា ខណ្ឌដូនពេញ និងសន្តិសុខខណ្ឌចំការមនម្ដង។
អ្នកស្រី សាត ផា និយាយថា៖ «នៅស្ថានទូតចិន ដាក់រាប់រាយ[សន្តិសុខ]មកបង្ក្រាបពួកនាងខ្ញុំ ហើយចាប់ពួកខ្ញុំ៣នាក់ឡើងលើឡាន រហូតគេចាប់ខ្ញុំបោក គេរុញខ្ញុំ ប្រតាយប្រតប់ខ្ញុំ ឱ្យខ្ញុំដួល ហើយគេជាន់ខ្ញុំ គេសែងខ្ញុំបោះដូចជាខ្ញុំអ្នកទោសឧក្រិដ្ឋ។ និយាយទៅ ពួកគាត់សាហាវចំពោះខ្ញុំណាស់ ខាងរដ្ឋាភិបាលហ្នឹងសាហាវមែនទែន។ និយាយទៅ របបគាត់ផ្ដាច់ការយកមែនទែន។ គាត់ធ្វើបាបប្រជាពលរដ្ឋ គ្រាន់តែមានម្រាមដៃ១០ អត់មានអាវុធនៅលើដៃទេ គឺសាហាវមែនទែន។ គាត់ធ្វើបាបពួកខ្ញុំនេះ»។
កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានចំៗទៅអតីតតំណាងរាស្ត្របក្សប្រឆាំង លោក ហូរ វ៉ាន់ ដោយចោទថា បានបញ្ជាឱ្យមានការតវ៉ាមួយនៅមុខស្ថានទូតចិនក្នុងរាជធានីភ្នំពេញ ប្រឆាំងនឹងកងទ័ពចិនដែលត្រូវបានរាយការណ៍ថាមានវត្តមាននៅកម្ពុជា។
លោក ហ៊ុន សែន បានព្រមានបែបនេះនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានមួយដែលតភ្ជាប់តំបន់កោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ មកទីក្រុងរណបកោះពេជ្រ ស្ថិតក្នុងខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញ នាថ្ងៃចន្ទដើមសប្ដាហ៍នេះ។
លោក ហ៊ុន សែន ថ្លែងថា៖ «អា វ៉ាន់ អ្ហើយ ល្មមបានហើយ! ឈប់បានក៏ឈប់ទៅ អា វ៉ាន់! កូនប្រពន្ធអ្ហែងនៅភ្នំពេញទេ។ សម្តីអ្ហែងបញ្ជា នៅក្នុងទូរសព្ទទាំងអស់។ រឿងអីអ្ហែងមកបញ្ជាឱ្យប្រឆាំងទូតចិន ប្រឆាំងវត្តមានយោធាចិន។ ពួកអ្ហែងឆ្កួត ប្រយ័ត្នប្រពន្ធអ្ហែង កូនអ្ហែង ដេកអត់សុខទេ កំពុងតែភ័យ។ អ្ហែងឈប់បាន ឈប់ទៅ!»។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី២៦ ខែតុលានេះ សាលាដំបូងខេត្តពោធិ៍សាត់ បានបើកសវនាការជំនុំជម្រះមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ៣នាក់ ពាក់ព័ន្ធនឹងការកាប់គាស់រុករាន ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកជាកម្មសិទ្ធិ នៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង កាលពីអំឡុងឆ្នាំ២០១៥។
មន្ត្រីអតីតបក្សប្រឆាំង៣រូបនោះ មានលោក ចាន់ សុផល អាយុ៦២ឆ្នាំ លោក ទួន សំអាត អាយុ៦៨ឆ្នាំ និងលោក ណែម ណាត អាយុ៤០ឆ្នាំ គឺសុទ្ធតែជាអតីតសមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សាខេត្តពោធិ៍សាត់។
លោក ឡោ ជុនធី មេធាវីការពាឱ្យអតីតមន្ត្រីគណបក្សសង្គ្រោះជាតិទាំង៣រូប បានប្រាប់ថា សាលាដំបូងខេត្តពោធិ៍សាត់បានបើកសវនាការជំនុំជម្រះករណីខាងលើ ដោយពុំមានវត្តមានជនជាប់ចោទ ហើយថា សាលាដំបូងខេត្តពោធិ៍សាត់នឹងធ្វើការប្រកាសសាលក្រមនៅថ្ងៃទី៤ ខែវិច្ឆិកា ខាងមុខនេះ។
លោកបានបន្ថែមថា ការបើកសវនាការនេះធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីសហគមន៍អូរច្រឡៅ ដែលបានប្តឹងចោទអ្នកទាំង៣នាក់ថា បានកាប់រុករានព្រៃសហគមន៍ ហើយបានអះអាងថា ភស្តុតាងដែលតុលាការបានបង្ហាញនៅក្នុងសវនាការកាលពីថ្ងៃចន្ទនោះ គឺមិនគ្រប់គ្រាន់ដើម្បីដាក់បន្ទុកទៅលើកូនក្តីរបស់គាត់នោះទេ។
លោក ឡោ ជុនធី ប្រាប់ថា៖ «ភស្តុតាងវាតិចតួចណាស់។ អ្នកខ្លះបានទៅទិញរបស់គេ អ្នកខ្លះក៏បានទៅកាប់រុករានខ្លះ ដើម្បីធ្វើចម្ការ វាតិចតួចប៉ុណ្ណឹងឯង ដោយសារគាត់អត់មានដីធ្លី។ មែនទែនទៅ ភស្តុតាងវាមិនគ្រប់គ្រាន់សម្រាប់ចោទប្រកាន់។ គាត់ទៅទិញគេ ហើយដីខ្លះ វាវាលហើយ ហើយគាត់ក៏បានទៅត្រួសត្រាយធ្វើចម្ការ»។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) និយាយក្នុងរបាយការណ៍របស់ខ្លួនកាលដើមខែតុលានេះថា ១ឆ្នាំចុងក្រោយនេះ ការបង្ក្រាបខាងនយោបាយបានកើតឡើងកាន់តែខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយមានយ៉ាងហោចណាស់មនុស្ស១៤០នាក់ដែលមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួន៕