ស្នងការដ្ឋាននគរបាលខេត្តកំពត ឱ្យដឹងថា មន្ត្រីនគរបាលចំនួន៣នាក់នៅខេត្តកំពត ត្រូវបានឃាត់ខ្លួនក្រោយចុះប្រតិបត្តិការបង្ក្រាបយុវជនពីរក្រុមកាប់គ្នា ហើយបានផ្ទុះអាវុធបណ្តាលឱ្យជនសង្ស័យម្នាក់ស្លាប់។
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធរិទ្ធ ប្រាប់វីអូឌីនៅរសៀសថ្ងៃពុធនេះថា កាលពីថ្ងៃទី២ ខែវិច្ឆិកា មានយុវជនមួយក្រុមមានគ្នា៥នាក់ បានកាប់ទៅយុវជនមួយក្រុមទៀតមានគ្នាពីរនាក់ បណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើងនៅត្រង់ចំណុចភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។
លោកបន្តថា ក្រោយទទួលបានដំណឹងនេះ មន្ត្រីនគរបាលក្រុងកំពត បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាននិងឃាត់ខ្លួនជនបង្ក ហើយភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ម៉ូតូជនសង្ស័យ១គ្រឿងដែលជិះគ្នា២នាក់ ប៉ុន្តែពួកគេមិនព្រមឈប់ និងបានបើកម៉ូតូបំបុកសមត្ថកិច្ចបណ្តាលឱ្យរងរបួស២នាក់ថែមទៀត។
ស្នងការនគរបាលរូបនេះអះអាងទៀតថា ពេលឃើញជនសង្ស័យធ្វើសកម្មភាពបែបនេះ សមត្ថកិច្ចបានប្រើអាវុធបាញ់ផ្ជុចដីដើម្បីគំរាមឱ្យជនសង្ស័យឈប់ ប៉ុន្តែគ្រាប់កាំភ្លើងបានផ្លាតត្រូវជនសង្ស័យម្នាក់បណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតឃាត់ខ្លួន ខណៈ៣នាក់រត់គេចខ្លួន។
លោក ម៉ៅ ច័ន្ទមធរិទ្ធ ឱ្យដឹងថា ពាក់ព័ន្ធការផ្ទុះអាវុធបណ្តាលឱ្យជនសង្ស័យស្លាប់នេះ ស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនមន្ត្រីនគរបាល៣នាក់ មកសាកសួរ ដើម្បីអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការទៅតាមនីតិវិធីច្បាប់។
លោកបន្ថែមថា៖ «ពាក់ព័ន្ធកម្លាំងរបស់ខ្ញុំ ដែលក្នុងប្រតិបត្តិការបានផ្ទុះអាវុធបណ្តាលឱ្យជនសង្ស័យស្លាប់នោះ គឺឥលូវនេះកំពុងដាក់នៅក្នុងស្នងការខេត្តកំពត ហើយយើងកំពុងរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការឱ្យតុលាការវិនិច្ឆ័យ»។
បើតាមសេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ជនបង្កមួយក្រុមមានគ្នា៥នាក់នោះជាប្រុសទាំងអស់ ដែលមានឈ្មោះ ម៉ម វិបុល អាយុ២៩ឆ្នាំ បានស្លាប់ដោយគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ឈ្មោះ ធម្ម កុម្ភៈ អាយុ១៦ឆ្នាំ ត្រូវបានឃាត់ខ្លួន និងឈ្មោះ ម៉ាត់ សើគីរីន អាយុ១៧ឆ្នាំ ឈ្មោះ សុខ ធាន អាយុ១៧ឆ្នាំ ឈ្មោះ រ៉ាន់ អាយុ២០ឆ្នាំ កំពុងរត់គេចខ្លួន។ ស្នងការដ្ឋានបន្តថា ពួកគេបានជិះម៉ូតូ២គ្រឿងទៅកាប់យុវជនមួយក្រុមទៀតមានគ្នា២នាក់ បណ្តាលឱ្យយុវជនម្នាក់ ឈ្មោះ តឿ ចាន់ រងគ្រោះរបួសធ្ងន់។
ក្នុងសេចក្តីបំភ្លឺដដែលនេះ បញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានអំពើហិង្សាកើតឡើង ដោយសារជនរងគ្រោះបានទៅផឹកកាហ្វេក្បែរជនសង្ស័យក្នុងហាងមួយកន្លែង ហើយជនរងគ្រោះមើលមុខជនសង្ស័យ ដែលបណ្តាលឱ្យជនសង្ស័យខឹង ក៏តាមកាប់ជនរងគ្រោះពេលចេញពីហាងកាហ្វេនោះតែម្តង។
លោក ម៉ម ដានី ឪពុករបស់យុវជនដែលបានស្លាប់ និយាយទាំងអួលដើមកថា ករណីសមត្ថកិច្ចផ្ទុះអាវុធបណ្តាលកូនរបស់គាត់ស្លាប់ ជារឿងអយុត្តិធម៌។ លោកបន្តថា សមត្ថកិច្ចមានចេតនាបាញ់សម្លាប់កូនរបស់គាត់ ដោយសារ កូនរបស់គាត់បានត្រូវគ្រាប់កាំភ្លើងត្រង់ឆ្អឹងជំនីរខាងឆ្វេង ធ្លាយទៅឆ្អឹងជំនីរខាងស្តាំ។
បើទោះបីជាកូនប្រុសរបស់គាត់បានស្លាប់ក៏ដោយ លោក ម៉ម ដានី អះអាងថា លោកមិនប្តឹងករណីនេះទៅតុលាការទេ ដោយសារគ្រួសារក្រីក្រពេក ប៉ុន្តែលោកស្នើឱ្យតុលាការរកនិងផ្តល់យុត្តិធម៌ដល់កូនរបស់គាត់ដែលបានស្លាប់។
លោកបន្ថែមថា៖ «ខ្ញុំអត់ដាក់ពាក្យប្តឹងទេ ព្រោះយើងក្រ បើយើងប្តឹង តែតុលាការកោះហៅយើង គេត្រូវការលុយ ចុះបើយើងអត់លុយ បានលុយពីណាឱ្យគេ។ ខ្ញុំចង់ឱ្យតុលាការផ្តល់យុត្តិធម៌ដល់កូនខ្ញុំនិងផ្តល់សំណងឱ្យខ្ញុំបានសមរម្យផង ពីព្រោះខ្ញុំបានបាត់កូនមួយទាំងមូល»៕