មេនគរបាលខេត្តកំពត បានឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនមន្ត្រីនគរបាលចំនួន៣នាក់ ដែលត្រូវបានឃាត់ខ្លួនពាក់ព័ន្ធការផ្ទុះអាវុធបណ្តាលឱ្យជនសង្ស័យម្នាក់ស្លាប់នោះ ទៅតុលាការនៅរសៀលថ្ងៃព្រហស្បតិ៍នេះ។
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួនមន្ត្រីនគរបាលចំនួន៣នាក់កាលពីថ្ងៃម្សិលមិញនេះ ២ថ្ងៃក្រោយពួកគេចុះប្រតិបត្តិការបង្ក្រាបការកាប់ប្រហារគ្នារវាងយុវជនពីរក្រុម ហើយបានផ្ទុះអាវុធបណ្តាលឱ្យយុវជនម្នាក់ស្លាប់។
បើតាមមេនគរបាលរូបនេះ មន្ត្រីនគរបាលទាំង៣រូបកំពុងស្ថិតក្រោមការឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពតនៅឡើយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែលោកថា នឹងបញ្ជូនខ្លួនពួកគេទៅតុលាការនៅរសៀលថ្ងៃដដែលនេះ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់ថា៖ «ឥលូវនេះ យើងកំពុងអនុវត្តពិន័យនៅស្នងការនៅឡើយ ហើយឯកសារ ខ្ញុំកំពុងតែរៀបចំដើម្បីបញ្ជូនទៅអយ្យការនៅរសៀលថ្ងៃនេះ»។
កាលពីម្សិលមិញ នគរបាលខេត្តកំពតបានចេញលិខិតបំភ្លឺមួយដោយរៀបរាប់ថា កាលពីថ្ងៃទី២ ខែវិច្ឆិកា មានយុវជនមួយក្រុមមានគ្នា៥នាក់បានកាប់ប្រហារទៅលើយុវជនពីរនាក់ ដោយបណ្តាលឱ្យយុវជនម្នាក់រងរបួសធ្ងន់ ដែលហេតុការណ៍នោះបានកើតឡើងនៅត្រង់ចំណុចភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត។
នគរបាលខេត្តនេះលើកឡើងថា ក្រោយទទួលបានដំណឹងនោះ មន្ត្រីនគរបាលក្រុងកំពតបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលព័ត៌មាននិងឃាត់ខ្លួនជនបង្ក ដោយភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ម៉ូតូជនសង្ស័យ១គ្រឿងជិះគ្នា២នាក់ ប៉ុន្តែពួកគេមិនព្រមឈប់និងបានបើកម៉ូតូបំបុកសមត្ថកិច្ចបណ្តាលឱ្យរងរបួស២នាក់ថែមទៀត។
ស្នងការដ្ឋាននគរបាលខេត្តកំពត បន្ថែមថា ពេលឃើញជនសង្ស័យធ្វើសកម្មភាពបែបនេះ សមត្ថកិច្ចបានប្រើអាវុធបាញ់ផ្ជុចដី ដើម្បីគំរាមឱ្យជនសង្ស័យឈប់ ប៉ុន្តែគ្រាប់កាំភ្លើងនោះបានផ្លាតត្រូវបុរសម្នាក់ឈ្មោះ ម៉ម វិបុល អាយុ២៩ឆ្នាំ បណ្តាលឱ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតត្រូវឃាត់ខ្លួន ខណៈ៣នាក់រត់គេចខ្លួន។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ អះអាងថា សមត្ថកិច្ចមិនមានចេតនាក្នុងការផ្ទុះអាវុធឱ្យត្រូវជនរងគ្រោះនោះទេ ដោយចាត់ទុកជារឿង«ចៃដន្យ»ប៉ុណ្ណោះ ហើយលោកថា ការផ្ទុះអាវុធនោះ គឺគោលបំណងដើម្បីបង្អាក់ការរត់គេចខ្លួនរបស់ភាគីដែលបានកាប់ទៅលើជនរងគ្រោះម្ខាងទៀតតែប៉ុណ្ណោះ។
មេនគរបាលខេត្តកំពតរូបនេះ ឱ្យដឹងថា ក្រោយជនសង្ស័យស្លាប់ ស្នងការដ្ឋាននគរបាលខេត្តកំពតបានជូនលុយ៤ ៥០០ដុល្លារទៅដល់ក្រុមគ្រួសារនៃសព សម្រាប់ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ប៉ុន្តែបដិសេធថា មិនមែនជាថ្លៃសំណងនោះទេ។ ចំណែកមន្ត្រីនគរបាលដែលបានផ្ទុះអាវុធនោះ កំពុងត្រូវបានអនុវត្តវិន័យរបស់កងកំលាំងនគរបាលជាតិ និងរៀបចំបញ្ជូនទៅតុលាការតាមនីតិវិធី។
លោក ម៉ម ដានី ឪពុករបស់យុវជនដែលត្រូវគ្រាប់កាំភ្លើងស្លាប់នោះ ប្រាប់វីអូឌីកាលពីម្សិលមិញថា ករណីសមត្ថកិច្ចផ្ទុះអាវុធបណ្តាលឱ្យកូនរបស់គាត់ស្លាប់ ជារឿងអយុត្តិធម៌។ លោកបន្តថា សមត្ថកិច្ចមានចេតនាបាញ់សម្លាប់កូនរបស់គាត់ ដោយសារកូនរបស់គាត់បានត្រូវគ្រាប់កាំភ្លើងត្រង់ឆ្អឹងជំនីរខាងឆ្វេង ធ្លាយទៅឆ្អឹងជំនីរខាងស្តាំ។
បើទោះបីជាកូនប្រុសរបស់គាត់បានស្លាប់ក៏ដោយ លោក ម៉ម ដានី អះអាងថា លោកមិនប្តឹងករណីនេះទៅតុលាការទេ ដោយសារគ្រួសារក្រីក្រពេក ប៉ុន្តែលោកស្នើឱ្យតុលាការផ្តល់យុត្តិធម៌ដល់កូនរបស់គាត់ដែលបានស្លាប់។
លោក ម៉ម ដានី និយាយថា៖ «ខ្ញុំអត់ដាក់ពាក្យប្តឹងទេ ព្រោះយើងក្រ។ បើយើងប្តឹង តែតុលាការកោះហៅយើង គេត្រូវការលុយ។ ចុះបើយើងអត់លុយ បានលុយពីណាឱ្យគេ។ ខ្ញុំចង់ឱ្យតុលាការផ្តល់យុត្តិធម៌ដល់កូនខ្ញុំ និងផ្តល់សំណងឱ្យខ្ញុំបានសមរម្យផង ពីព្រោះខ្ញុំបានបាត់កូនមួយទាំងមូល»។
ស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងថា យុវជន ធម្ម កុម្ភៈ អាយុ១៦ឆ្នាំ ត្រូវបានចាប់ខ្លួន ខណៈយុវជន ម៉ាត សើគីរីន អាយុ១៧ឆ្នាំ យុវជន សុខ ធាន អាយុ១៧ឆ្នាំ និងយុវជនម្នាក់ទៀតឈ្មោះ រ៉ាន់ អាយុ២០ឆ្នាំ កំពុងរត់គេចខ្លួន។
ស្នងការដ្ឋានបន្តថា ពួកគេបានជិះម៉ូតូ២គ្រឿងទៅកាប់យុវជនមួយក្រុមទៀតមានគ្នា២នាក់ បណ្តាលឱ្យយុវជនម្នាក់ឈ្មោះ តឿ ចាន់ រងគ្រោះរបួសធ្ងន់។
ក្នុងសេចក្តីបំភ្លឺដដែលនេះ បញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យមានអំពើហិង្សាកើតឡើង ដោយសារជនរងគ្រោះបានទៅផឹកកាហ្វេក្បែរជនសង្ស័យក្នុងហាងមួយកន្លែង ហើយជនរងគ្រោះមើលមុខជនសង្ស័យ ដែលបណ្តាលឱ្យជនសង្ស័យខឹង ក៏តាមកាប់ជនរងគ្រោះពេលចេញពីហាងកាហ្វេនោះតែម្តង។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ស្នើឱ្យមានការស៊ើបអង្កេតឱ្យច្បាស់លាស់នូវករណីសមត្ថកិច្ចផ្ទុះអាវុធបណ្តាលឱ្យបុរសម្នាក់ស្លាប់នេះ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកដែលបានស្លាប់ ហើយអ្នកបង្កត្រូវតែទទួលទោសតាមផ្លូវច្បាប់។
មន្ត្រីអង្កេតសិទ្ធិមនុស្សរូបនេះ សង្ស័យថា សមត្ថកិច្ចប្រើប្រាស់អាវុធចុះប្រតិបត្តិការបង្ក្រាបយុវជនឈ្លោះគ្នានោះ មិនមានបច្ចេកទេសក្នុងការប្រើប្រាស់អាវុធនោះទេ បានជាបណ្តាលឱ្យត្រូវមនុស្សបែបនេះ។
លោក អំ សំអាត បន្ថែមថា៖ «អ្នកប្រើប្រាស់ឬអ្នកកាន់កាប់អាវុធ យើងដឹងហើយថា កាលណាយើងប្រើប្រាស់ឬក៏បាញ់វាចេញទៅ គឺវាបង្កគ្រោះថ្នាក់ដល់មនុស្ស ប្រសិនបើយើងប្រើប្រាស់វាមិនត្រឹមត្រូវ។ អ៊ីចឹង ករណីខ្លះដែលយើងមិនគួរណាផ្ទុះអាវុធ យើងកុំប្រើប្រាស់នូវការផ្ទុះអាវុធ។ យើងអាចរកវិធីឬមធ្យោបាយផ្សេងវិញទៅ ព្រោះកាលណាផ្ទុះអាវុធ ទី១ បង្កភាពភ័យខ្លាច ទី២ បង្កឱ្យមនុស្សគ្រោះថ្នាក់អ៊ីចឹង»៕