នគរបាលខេត្តសៀមរាបបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៧នាក់បានស្លាប់ ហើយ៤នាក់ទៀតរងរបួសស្រាល បន្ទាប់ពីរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានរត់ធ្លាក់ចេញពីផ្លូវជាតិលេខ៦ ស្ថិតក្នុងខេត្តសៀមរាប កាលពីយប់មិញនេះ។
ស្នងការរងនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត ប្រាប់វីអូឌីនៅថ្ងៃនេះថា រថយន្តដឹកនាំអ្នកដំណើរមួយគ្រឿងប្រភេទហ៊ីយ៉ាន់ដាយ ស្ដារីច បានរត់ធ្លាក់ចេញពីផ្លូវជាតិលេខ៦ នៅត្រង់ភូមិស្ពានត្នោត១ ស្ថិតក្នុងស្រុកជីក្រែង ចន្លោះម៉ោង១ទៅ២យប់ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកានេះ។
មន្ត្រីនគរបាលរូបនេះឱ្យដឹងបន្ថែមថា ឧបទ្ទវហេតុនេះបណ្ដាលឱ្យជនជាតិវៀតណាម៦នាក់និងអ្នកបើកបរម្នាក់ជាជនជាតិខ្មែរបានស្លាប់ ហើយជនជាតិវៀតណាម៤នាក់ផ្សេងទៀតបានរងរបួសស្រាល។
បើតាមលោក ច័ន្ទណាត សពត្រូវបានបញ្ជូនទៅវត្តស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ នៅរាជធានីភ្នំពេញ ហើយអ្នកដំណើរដែលរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
ស្នងការរងរូបនេះឱ្យដឹងទៀតថា បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ច អ្នកបើកបរអាចងងុយដេកនិងបើកលឿន បណ្តាលឱ្យរេចង្កូតធ្លាក់ចូលប្រឡាយ៕