អ្នកជាប់ឃុំដោយសារអត្ថាធិប្បាយបញ្ហាព្រំដែន លោក រ៉ុង ឈុន ស្នើតុលាលាការកំពូលកាត់សេចក្តីឈរលើវិជ្ជាជីវៈ កុំស្ថិតក្រោមឥទ្ធិពលនយោបាយ ខណៈលោកចូលតតាំងក្តីប្រឆាំងនឹងបទចោទលោកថា បាន«ញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
នៅថ្ងៃពុធនេះ តុលាការកំពូលបើកសវនាការលើបណ្តឹងសារទុក្ខចំនួនពីររបស់លោក រ៉ុង ឈុន។ បណ្តឹងទី១ គឺជំទាស់ទៅនឹងដីកាបង្គាប់ឱ្យឃុំខ្លួនលោកពីសំណាក់សាលាដំបូងរាជធានីភ្នំពេញ និងបណ្តឹងមួយទៀត លោក រ៉ុង ឈុន ទាមទារសុំនៅក្រៅឃុំ។
មានពុកចង្កាវែង ស្ថិតក្នុងឯកសណ្ឋានពណ៌ស្លាទុំ ដែលគេសម្គាល់ថាជាអ្នកជាប់ឃុំ លោក រ៉ុង ឈុន ឈរមុខក្រចកសេះ និងប្រាប់ចៅក្រមជំនុំជម្រះថា ការចាប់ខ្លួនលោកទាំងយប់នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែកក្កដា ដោយមន្ត្រីនគរបាលយុត្តិធម៌នោះ ត្រូវបានធ្វើឡើងខុសនីតិវិធីច្បាប់។
លោក រ៉ុង ឈុន និយាយថា ការចោទប្រកាន់ពីបទល្មើសជាក់ស្តែង និងញុះញង់ឱ្យវឹកវរសង្គមធ្ងន់ធ្ងរ ក៏មិនត្រឹមត្រូវដែរ ដោយថា រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃដែលលោកបង្ហោះសារពីរឿងព្រំដែន និងដល់ថ្ងៃចាប់ខ្លួននោះ មិនមានភាពវឹកវរណាមួយកើតឡើងដូចការចោទប្រកាន់ទេ។
លោក រ៉ុង ឈុន ស្នើក្រុមប្រឹក្សាជំនុំជម្រះ«កាត់ក្តីឈរលើវិជ្ជាជីវៈ កុំរងឥទ្ធិពលនយោបាយ» ដោយថា ការបន្តឃុំខ្លួនលោក មានតែការរិះគន់និងថ្កោលទោសពីមជ្ឈដ្ឋានជាតិនិងអន្តរជាតិប៉ុណ្ណោះ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោកស្រី គិម សត្ថាវី បានកាត់ភ្លាម ដោយថា លោក រ៉ុង ឈុន និយាយខុសប្រធានបទ។
ប្រធានអង្គជំនុំជម្រះរូបនេះ និយាយថា សវនាការនៅថ្ងៃនេះ មិនពិចារណាទៅលើអង្គហេតុទេ ដោយតម្រូវឱ្យលោក រ៉ុង ឈុន និយាយតែពីមូលហេតុដែលលោកប្តឹងសារទុក្ខសុំនៅក្រៅឃុំ។
លោក រ៉ុង ឈុន ផ្អាកបន្តិច ហើយរួចនិយាយបន្តថា ក្នុងនាមជាជនជាប់ចោទ លោកចង់ប្រាប់អង្គជំនុំជម្រះឱ្យបានដឹងថា ការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមទៅលើរូបលោក មិនឆ្លុះបញ្ចាំងការពិតដែលវាបានកើតឡើងទេ ហើយថា ក្នុងនាមជនជាប់ចោទមួយរូប លោកក៏មិនចង់ឆ្លើយសំណួរណាតាមតែតុលាការកំពូលចង់បាន ដោយមិនទាំងបានដោះបន្ទុកទៅនឹងបទចោទលោកនោះដែរ។
ប្រធានក្រុមប្រឹក្សាក្នុងអង្គជំនុំជម្រះ បានគូសបញ្ជាក់ថា តុលាការកំពូលនឹងមិនពិចារណាទៅលើអង្គហេតុនៃសំណុំរឿងចោទប្រកាន់នេះទេ តុលាការចង់ដឹងថា សម្អាងលើមូលហេតុអ្វីបានជាលោក រ៉ុង ឈុន សុំនៅក្រៅឃុំ ហើយថា ចៅក្រមមានវិជ្ជាជីវៈរបស់ខ្លួនមានកិច្ចការតូចតាចច្រើនទៀត។
សំណុំរឿងលោក រ៉ុង ឈុន ត្រូវបានការពារដោយមេធាវី៣រូប រួមមាន លោកមេធាវី ជូង ជូងី លោកមេធាវី ឡោ ជុនធី និងលោកមេធាវី សំ សុគង់ ប៉ុន្តែលោកសំ សុគង់ អវត្តមាននៅក្នុងសវនាការថ្ងៃនេះ។
លោក ជូង ជូងី និយាយថា ការចោទប្រកាន់កូនក្តីលោកយោងលើឯកសារបង្ហោះលើហ្វេសប៊ុក ខណៈរដ្ឋាភិបាលមិនទាន់មានច្បាប់ស្តីការគ្រប់គ្រងអ៊ិនធឺណិតនៅឡើយ ម្យ៉ាងទៀត លោកថា កូនក្តីលោកមានផ្ទះសម្បែងនិងមុខរបរជាក់លាក់ ដែលអាចឱ្យតុលាការជឿបានថា គាត់នឹងមិនគេចវេះពីនីតិវិធីរបស់តុលាការលើសំណុំរឿងនេះឡើយ។ លោកស្នើសុំតុលាការកំពូលពិចារណាឱ្យកូនក្តីលោកបាននៅក្រៅឃុំ។
លោកមេធាវី ឡោ ជុនធី មានប្រសាសន៍ថា វិបត្តិកូវីដ១៩ ការធ្វើដំណើរឆ្លងដែនទៅប្រទេសជិតខាង នៅបន្តបិទនៅឡើយ វាជាហេតុផលមួយទៀតបញ្ជាក់ថា កូនក្តីនឹងមិនអាចគេចខ្លួនទៅក្រៅប្រទេស បង្កផលលំបាកដល់នីតិវិធីសំណុំរឿងនេះឡើយ។ លោកស្នើចៅក្រមពិចារណាទាត់ចោលសេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរសាលាដំបូង ដើម្បីឱ្យកូនក្តីបាននៅក្រៅឃុំតាមការស្នើសុំ។
បណ្តឹងសុំនៅក្រៅឃុំរបស់លោក រ៉ុង ឈុន ត្រូវបានសាលាដំបូងច្រានចោលកាលពីថ្ងៃទី៥ ខែសីហាកន្លងមកនេះ ហើយបន្ទាប់មក សាលាឧទ្ធរណ៍ច្រានចោលដូចគ្នា។
ទោះជាយ៉ាងណា តំណាងមហាអយ្យការអមតុលាការកំពូល លោក ច័ន្ទដារ៉ា រង្ស៊ី ថ្លែងចំពោះមុខចៅក្រមថា ការឱ្យលោក រ៉ុង ឈុន នៅក្រៅឃុំ អាចបង្កជាហានិភ័យដល់ដំណើរការនីតិវិធីបទល្មើសថ្មី និងចលាចលសង្គមអាចនឹងកើតឡើងតាមរយៈអ្នកដែលជឿជាក់លើលោក រ៉ុង ឈុន។
តំណាងមហាអយ្យការរូបនេះ និយាយដែរថា សេចក្តីសម្រេចរបស់សាលាដំបូងនិងសាលាឧទ្ធរណ៍កន្លងទៅ ត្រឹមត្រូវតាមទម្រង់ច្បាប់ និងស្នើក្រុមប្រឹក្សាជំនុំជម្រះទទួលយកតាមការសន្និដ្ឋានរបស់ខ្លួន។
យ៉ាងណា នៅនាទីចុងក្រោយ លោក រ៉ុង ឈុន បានលើកដៃសុំឡើងតវ៉ាម្តងទៀត ប៉ុន្តែត្រូវបានប្រធានក្រុមប្រឹក្សាហាមឃាត់ជាថ្មីទៀត ដោយថា សវនាការនេះមិនសំខាន់វត្តមានជនជាប់ចោទទេក្រៅពីមេធាវី។
លោក រ៉ុង ឈុន មិនអាចសុំបញ្ជាក់បន្ថែមបាន ក្រោយចេញពីបន្ទប់សវនាការ ដោយនគរបាលបានអមលោកជាប់ និងហាមអ្នកសារព័ត៌មានសាកសួរឬថតរូប។ ប៉ុន្តែដើរជិតដល់រថយន្តដែលត្រៀមដឹកលោកត្រឡប់ទៅពន្ធនាគារវិញនោះ លោក រ៉ុង ឈុន និយាយថា សុខភាពគាត់នៅបន្តតតាំងបាន។
លោក ជូង ជូងី បង្ហាញការខកចិត្ត បន្ទាប់ពីប្រធានក្រុមប្រឹក្សាជំនុំជម្រះរារាំងកូនក្តីម្តងហើយម្តងទៀត មិនឱ្យថ្លែងពីភាពស្អាតស្អំរបស់កូនក្តី។
លោក ជូង ជូងី ប្រាប់ថា៖ «មែនទែន សិទ្ធិរបស់គាត់ត្រូវសម្ដែងឱ្យអស់ ប៉ុន្តែការអនុវត្តរបស់តុលាការមានការរឹតត្បិត»។
សំណើសុំនៅក្រៅឃុំជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញនេះ នឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខនេះ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការលើកឡើងរបស់លោក រ៉ុង ឈុន មិនមែនជាមូលដ្ឋានច្បាប់ដើម្បីការពារខ្លួនទេ វាជាការចោទប្រកាន់ដើម្បីបិទបាំងកំហុស មិនមានហេតុផលផ្លូវច្បាប់រឹងមាំដើម្បីការពារខ្លួនទេ។
លោក ជិន ម៉ាលីន ប្រាប់ថា៖ «ផ្ទុយទៅវិញ បើគាត់ចង់ការពារខ្លួន គួរតែស្វែងរកភស្តុតាង សក្ខីកម្មផ្លូវច្បាប់ឱ្យបានរឹងមាំ ដើម្បីដោះបន្ទុក ដើម្បីចៀសវាងការចោទប្រកាន់គេដោយគ្មានមូលដ្ឋាន»។
នៅក្រៅតុលាការវិញ មានមនុស្សប្រមាណជា២០នាក់ដែលភាគច្រើនជាគ្រូបង្រៀន បានប្រមូលផ្តុំគ្នាស្រែកទាមទារឱ្យដោះលែងនិងទម្លាក់បទចោទប្រកាន់លើលោក រ៉ុង ឈុន។
លោកគ្រូ ឡុង រឹម អាយុ៤៩ឆ្នាំ និយាយថា លោកចង់ឃើញប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជារបស់ជាតិ មិនស្ថិតនៅក្រោមឥទ្ធិពលជនណាមួយ ដើម្បីធានាយុត្តិធម៌សង្គម។
លោក ឡុង រឹម ប្រាប់ថា៖ «យើងអំពាវនាវឱ្យតុលាការយកវិជ្ជាជីវៈរបស់ខ្លួនកាត់ក្តីឱ្យបានត្រឹមត្រូវ បម្រើឱ្យប្រជាពលរដ្ឋទូទៅ កុំធ្វើឡើងក្រោមអំណាចរបស់បុគ្គលណាម្នាក់ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ប្រជាជនយើង»។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បើគេនិយាយពីគោលការណ៍ឯករាជ្យភាពរបស់តុលាការ និងភាពស្មើគ្នាចំពោះមុខច្បាប់ និងការការពារខ្លួនចំពោះមុខច្បាប់ សាម៉ីខ្លួនមានសិទ្ធិក្នុងការបង្ហាញហេតុផលតាមផ្លូវច្បាប់បង្ហាញភស្តុតាង។
អ្នកការពារសិទ្ធិមនុស្សរូបនេះ និយាយថា ក្នុងករណីសុំនៅក្រៅឃុំ បើការទាមទារនោះស្របតាមលក្ខខណ្ឌនៃច្បាប់ ហើយគាត់អាចចូលរួមគ្រប់នីតិវិធីរបស់តុលាការ វាគួរតែត្រូវបាននៅក្រៅឃុំ។ប៉ុន្តែលោកថា ជាការសង្កេត នៅកម្ពុជា ជនជាប់ចោទឬអ្នកទោសនយោបាយត្រូវបានដោះលែងឬបាននៅក្រៅឃុំ វាដើរទន្ទឹមគ្នាទៅនឹងស្ថានការណ៍នយោបាយ។
លោក អំ សំអាត ប្រាប់ថា៖ «ជនដែលត្រូវចោទឬក៏ជាប់ចោទដែលពាក់ព័ន្ធស្ថានភាពនយោបាយទាល់តែស្ថានភាពនយោបាយវាធូរស្រាល អ្នកដែលជាប់ឃុំពាក់ព័ន្ធរឿងនយោបាយច្រើនដោះលែងឬឱ្យនៅក្រៅឃុំបណ្តោះអាសន្ន និងការលើកលែងទោសអីជាដើម»៕