នគរបាលខេត្តកំពត អះអាងថា សមត្ថកិច្ចកំណត់បានហើយនូវមុខសញ្ញាអ្នកដែលបាញ់សម្លាប់សន្តិសុខការពារក្រុមហ៊ុនឯកជនមួយនៅក្នុងខេត្តនេះ។
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីម្សិលមិញនេះ មានជនមិនស្គាល់មុខបានប្រើប្រាស់កាំភ្លើងកែច្នៃ បាញ់ទៅសន្តិសុខក្រុមហ៊ុនរបស់ឧកញ៉ា សូ ងួន បណ្តាលឱ្យស្លាប់ម្នាក់និងរងរបួសម្នាក់ ខណៈសន្តិសុខជាច្រើននាក់របស់ក្រុមហ៊ុនេះជិះឡានចុះល្បាតដីរបស់ក្រុមហ៊ុនដែលទទួលបានសម្បទានសេដ្ឋកិច្ចពីរដ្ឋ ស្ថិតក្នុងឃុំត្រពាំងផ្លាំង ស្រុកឈូក។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ លោកបានបញ្ជាកម្លាំងនគរបាលឱ្យចុះទៅអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ ដោយសមត្ថកិច្ចដកហូតបានកាំភ្លើងកែច្នៃ២ដើម ខណៈមនុស្សបានរត់គេចខ្លួនបាត់អស់។ លោកថា ពេលនេះសមត្ថកិច្ចកំណត់បានមុខសញ្ញាមេខ្លោង២នាក់នៃអំពើឃាតកម្មនេះហើយ។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ប្រាប់ថា៖ «ក្រោយទទួលបានព័ត៌មាន គឺខ្ញុំបានចាត់កម្លាំងដើម្បីចុះទៅធ្វើការ។ ពេលយើងចុះទៅដល់ គឺអ្នកដែលជាប់ពាក់ព័ន្ធនឹងការបង្កហេតុនោះបានរត់គេចខ្លួនប៉ុន្តែយើងបានកំណត់អត្តសញ្ញាណក្រុមអ្នកបង្កនោះបានអស់ហើយ។ មានមេខ្លោង២នាក់ ដោយឡែកអ្នកចូល យើងមិនទាន់ដឹងចំនួនច្បាស់ទេ»។
បើតាមលោក ម៉ៅ ច័ន្ទមធុរិទ្ធ សន្តិសុខដែលស្លាប់ឈ្មោះ នួន ភ័ក្ត្រា អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅខេត្តស្វាយរៀង និងម្នាក់ទៀតដែលរងរបួសឈ្មោះ ផន ដា អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅស្រុកសំពៅមាស ខេត្តពោធិ៍សាត់។
វីអូឌី បានសុំការបញ្ជាក់បន្ថែមពីអភិបាលខេត្ត លោក ជាវ តាយ អភិបាលរងខេត្ត លោក ភូ លិ ដែរ ប៉ុន្តែទូរសព្ទគ្មានអ្នកទទួល។
ចំណែកនាយករដ្ឋបាលខេត្តកំពត លោក វិត វឌ្ឍនា សុំមិនធ្វើអធិប្បាយលើរឿងនេះទេ ខណៈអភិបាលស្រុកឈូក លោក ខៀវ រិទ្ធិភ័ណ្ឌ បញ្ជាក់បានត្រឹមថា ករណីសន្តិសុខក្រុមហ៊ុនស្លាប់និងរងរបួសនោះ ជាការលួចធ្វើឃាត។ ពេលដែល វីអូឌី សួរថា តើរឿងនេះពាក់ព័ន្ធជម្លោះដីធ្លីរវាងក្រុមហ៊ុននិងប្រជាពលរដ្ឋ លោកសុំមិនឆ្លើយទេ។
លោក ខៀវ រិទ្ធិភ័ណ្ឌ ប្រាប់ថា៖ «ខ្ញុំសុំបញ្ជាក់បងថា ករណីនេះមិនមែនមានការប៉ះទង្គិចគ្នារវាងពលរដ្ឋនិងសន្តិសុខទេ។ ករណីនេះជាករណីលួចធ្វើឃាតតែម្តង គឺបុគ្គលិកក្រុមហ៊ុនគាត់ចុះល្បាតក្នុងដីក្រុមហ៊ុន ហើយជនល្មើសលួចបាញ់ពីក្នុងព្រៃមក»។
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អៀន ង៉ុន ឱ្យដឹងថា ក្រុមហ៊ុន សូ ងួន ទទួលបានសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅឆ្នាំ២០០៥ ក្នុងទំហំដីសរុប៩ ៨០០ហិកតា ប៉ុន្តែក្រោយមកបានអនុវត្តសារាចរលេខ០១របស់រដ្ឋាភិបាល គឺក្រុមហ៊ុនបានកាត់ដីសម្បទានមួយចំនួនធំបែងចែកទៅឱ្យប្រជាពលរដ្ឋរស់នៅនិងអាស្រ័យផលជាក់ស្តែង ដោយបច្ចុប្បន្ននៅសស់តែ៦ ០០៧ហិកតាប៉ុណ្ណោះ។
លោក អៀន ង៉ុន បញ្ជាក់ថា ដីនោះត្រូវបានក្រុមហ៊ុនធ្វើដំណាំកសិកម្មនិងឧស្សាហកម្ម ដូចជាពោត សណ្តែក ដើមអាកាស្យា និងកៅស៊ូ ជាដើម។
មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ ឱ្យដឹងថា នៅឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋប្រហែល៣០០គ្រួសារចូលទៅរុករាននិងចាប់យកដីរបស់ក្រុមហ៊ុន ដោយបានសង់ខ្ទមនិងបោះបង្គោលព្រំ ដែលបណ្តាលឱ្យមានជម្លោះរវាងសន្តិសុខនិងប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «នៅឆ្នាំ២០២០ហ្នឹង ប្រជាពលរដ្ឋមកតំបន់ផ្សេងៗ គាត់បានចូលមករំលោភយកដីក្រុមហ៊ុនធ្វើកម្មសិទ្ធិ។ ពលរដ្ឋខ្លះបានមកត្រាយព្រៃបោះបង្គោលព្រំ អ្នកខ្លះសង់រោង ហើយពលរដ្ឋមកកាប់អាកាស្យារបស់ក្រុមហ៊ុនធ្វើរោងនៅក្នុងហ្នឹង ដាំចេក និងដំណាំផ្សេងៗ»។
មន្ត្រីអង្គការលីកាដូប្រចាំខេត្តកំពត លោក យន់ ផល្លី មានប្រសាសន៍ថា លោកមិនទាន់បានចុះស៊ើបរឿងនេះទេ ប៉ុន្តែលោកដាក់ការសង្ស័យថា ករណីនេះអាចពាក់ព័ន្ធជម្លោះដីធ្លី។ លោកថា កន្លងមក ពលរដ្ឋនៅក្នុងតំបន់នោះក៏ធ្លាប់មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន និងធ្លាប់ប៉ះទង្គិចគ្នាជាមួយសន្តិសុខក្រុមហ៊ុនទៀតផង។
លោក យន់ ផល្លី ប្រាប់ថា៖ «ព្រោះកន្លងមក កន្លែងហ្នឹងធ្លាប់មានទំនាស់បញ្ហាដីធ្លីជាមួយក្រុមហ៊ុន សូ ងួន និងជាមួយសន្តិសុខ ដែលសុន្តិសុខរបស់ សូ ងួន ហ្នឹង គាត់ហាមមិនឱ្យប្រជាពលរដ្ឋចេញចូលតាមដីរបស់ក្រុមហ៊ុនអីជាដើមហ្នឹង»។
ពលរដ្ឋម្នាក់នៅភូមិព្រៃពាយ ឃុំត្រពាំងផ្លាំង លោក អ៊ុំ សាមិត្ត និយាយថា កាលឆ្នាំ២០០៨ ពលរដ្ឋប្រមាណ១ពាន់គ្រួសារបានមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន សូ ងួន ប៉ុន្តែក្រោយមក ក្រុមនិសិត្សរបស់រដ្ឋាភិបាលចុះវាស់វែងដីឱ្យបានជាងពាក់កណ្តាល ហើយនៅសល់ពលរដ្ឋប្រហែល២០០គ្រួសារប៉ុណ្ណោះ មិនទទួលបានដំណោះស្រាយ។
លោក អ៊ុំ សាមិត្ត បន្តទៀតថា កាលពី៣ខែមុន ប្រជាពលរដ្ឋប្រហែល២០០គ្រួសារបានចូលរុករាននិងសង់ផ្ទះតូចៗលើដីក្រុមហ៊ុន ខណៈដីនោះទុកទំនេរចោល។ លោកបន្ថែមទៀតថា ក្រោយឃើញពលរដ្ឋចូលបង្កបង្កើនផលនិងសង់ផ្ទះតូចមកលើដីរបស់ខ្លួន គឺក្រុមហ៊ុនប្រើសន្តិសុខទៅរុះរើនិងដុតផ្ទះតូចៗរបស់ពលរដ្ឋនោះចោល ដែលបណ្តាលឱ្យពលរដ្ឋខឹងសម្បានិងមានជម្លោះនឹងគ្នា។
លោក អ៊ុំ សាមិត្ត អះអាងថា អំឡុងខែសីហាកន្លងទៅនេះ ក្រុមសន្តិសុខក្រុមហ៊ុនបានប៉ះទង្គិចគ្នាជាមួយពលរដ្ឋម្តងរួចមកហើយ ដោយបណ្តាលឱ្យរងរបួសទាំងសងខាងទៀតផង។
លោកបន្ថែមថា៖ «ដល់ពេលក្រុមហ៊ុនវាបង្កើតសន្តិសុខសម្រាប់ដេញពួកហ្នឹង។ ដល់ដេញចុះដេញឡើង ហើយដុតផ្ទះពលរដ្ឋ ហើយពលរដ្ឋហ្នឹងក៏ឆាប់ខឹង វាដេញវ៉ៃសន្តិសុខហ្នឹងត្រូវរបួសខ្លះ នៅក្នុងខែ១០ហ្នឹង។ ហើយសន្តិសុខក្រុមហ៊ុន ក៏វ៉ៃពលរដ្ឋខ្លាំងដែរ។ រឿងហ្នឹងក្រុមសន្តិសុខក្រុមហ៊ុនវ៉ៃមុនទេ។ ដល់ពលរដ្ឋវ៉ៃវិញ ពលរដ្ឋប្រើកាំភ្លើងស្នប់បាញ់»។
វីអូឌី មិនអាចសុំការបញ្ជក់ពីឧកញ៉ា សូ ងួន បានទេពាក់ព័ន្ធករណីនេះ៕