ក្រសួងបរិស្ថាន ឱ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់សម្ភារនិងបរិក្ខារមួយចំនួន ដូចជា អំពូលសូឡា អំពូលផ្ទាំងសូឡា និងមូ៉តូអគ្គិសនី ដល់កម្ពុជា សម្រាប់បំពាក់នៅតាមសាលារៀននិងទីសាធារណៈមួយចំនួន ដើម្បីកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឱ្យដឹងកាលពីរសៀលថ្ងៃអាទិត្យថា សម្ភារនិងបរិក្ខារដែលរដ្ឋាភិបាលចិនផ្តល់ឱ្យកម្ពុជា រួមមាន អំពូលសូឡាចំនួន ២ ៨០០គ្រឿង អំពូលផ្ទាំងសូឡាចំនួន ២០០កំផ្លេ និងម៉ូតូអគ្គិសនីចំនួន ២០០គ្រឿង។
លោកបន្តថា ជំនួយជាសម្ភារនិងបរិក្ខារកាត់បន្ថយការបញ្ចេញកាបូននេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថានកម្ពុជា និងក្រសួងអេកូឡូស៊ីនិងបរិស្ថានចិន។
លោក នេត្រ ភក្ត្រា បន្តថា៖ «ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព»។
បើតាមអ្នកនាំពាក្យរូបនេះ បច្ចុប្បន្ន សម្ភារនិងបរិក្ខារទាំងនោះបានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀននិងទីសាធារណៈក្នុងខេត្តនេះ៕