សហគមន៍ខ្មែរកម្ពុជាក្រោម អំពាវនាវដល់សាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលការចោទប្រកាន់ទៅលើលោក ថាច់ សេដ្ឋា អតីតសមាជិកព្រឹទ្ធសភាអតីតបក្សប្រឆាំង។
ការអំពាវនាវរបស់សហគមន៍ខ្មែរកម្ពុជាក្រោម បានធ្វើឡើងស្របពេលដែលសាលាដំបូងរាជធានីភ្នំពេញ គ្រោងបើកសវនាការលើសំណុំរឿងរបស់លោក ថាច់ សេដ្ឋា និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិជាង១០០នាក់ នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ។
សេចក្តីថ្លែងការណ៍របស់សហគមន៍ខ្មែរកម្ពុជាក្រោម នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ បានលើកឡើងថា សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះឱ្យលោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអតីតសមាជិកព្រឹទ្ធសភា ចូលសវនាការពាក់ព័ន្ធនឹងបទចោទប្រកាន់ «រួមគំនិតក្បត់ និងបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សេចក្តីថ្លែងការណ៍ បញ្ជាក់ថា លោក ថាច់ សេដ្ឋា ជាមនុស្សស្អាតស្អំ ស្មោះត្រង់នឹងជាតិ និងគ្មានចេតនាណាមួយក្នុងការរួមគំនិតក្បត់ជាតិ មាតុភូមិ និងញុះញង់ឱ្យមានភាពវឹកវរ អសន្តិសុខ និងបំបែកបំបាក់ពូជសាសន៍ក្នុងសង្គមខ្មែរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសជាតិឡើយ។
ករណីនេះ សហគមន៍ខ្មែរកម្ពុជាក្រោម បានអំពាវនាវយ៉ាងទទូចដល់សាលាដំបូងរាជធានីភ្នំពេញ ទម្លាក់ចោលនូវការចោទប្រកាន់ទៅលើលោក ថាច់ សេដ្ឋា ដោយឥតលក្ខខណ្ឌ ខណៈដែលសហគមន៍មួយនេះអះអាងដែរថា លោក ថាច់ សេដ្ឋា កំពុងមានជំងឺគាបសរសៃបេះដូងធ្ងន់ធ្ងរផងដែរ។
វីអូឌី ពុំទាន់អាចសុំការបញ្ជាក់ពីអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង ជុំវិញបញ្ហានេះបាននៅឡើយទេ៕