ក្រុមអ្នកគាំទ្រនិងអតីតសកម្មជនបក្សប្រឆាំង បានសម្តែងការខកចិត្ត ដែលសមត្ថកិច្ចដាក់ពង្រាយកម្លាំងនិងរារាំងពួកគេមិនឱ្យទៅប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ខណៈពេលតុលាការបើកសវនាការលើសំណុំរឿងអតីតមន្ត្រីនិងសកម្មជនបក្សប្រឆាំង។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងអតីតមន្ត្រីជាន់ខ្ពស់ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ជាង១០០នាក់ ពាក់ព័ន្ធនឹងបទចោទ «រួមគំនិតក្បត់» និង «ញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទិ៍» ។
ស្របពេលគ្នានេះដែរ នៅបរិវេណមុខតុលាការ សមត្ថកិច្ចចម្រុះជាច្រើននាក់ត្រូវបានដាក់ពង្រាយ ដើម្បីរឹតបន្តឹងផ្នែកសន្តិសុខ ដោយពុំអនុញ្ញាតឱ្យមានការប្រមូលផ្តុំឬឈរនៅទីនោះទេ។
អតីតចៅសង្កាត់អូរចា នៅខេត្តបាត់ដំបង និងជាសកម្មជនអតីតគណបក្សសង្គ្រោះជាតិ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បានលើកឡើងថា កម្លាំងសមត្ថកិច្ចបានរឹតត្បិតមិនឱ្យមានការឈរប្រមូលផ្តុំ តាមដានសវនាការរបស់អតីតសកម្មជនបក្សប្រឆាំង នៅមុខសាលាដំបូងរាជធានីភ្នំពេញឡើយ។
កញ្ញាបន្តថា៖ «រដ្ឋាភិបាលគួរណាស់តែលុបចោលនូវការរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋ ពីព្រោះយើងមកនេះ មិនមែនមកធ្វើបាតុកម្មអីទេ យើងមកលើកទឹកចិត្តអ្នកដែលគាត់ត្រូវបានឡើងតុលាការ […] ខ្ញុំចង់ដឹង ចង់តាមដានការកាត់ក្តីរបស់តុលាការ តើសម្រេចយ៉ាងណាចំពោះពួកគាត់»។
កញ្ញាបន្ថែមថា៖ «ថ្ងៃនេះជាប្រវត្តិសាស្ត្រហើយ ដែលគេបានកោះអញ្ជើញឱ្យពលរដ្ឋខ្មែរជាង១០០នាក់ ឱ្យឡើងសវនាការ»។
អតីតក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ នៅឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លោក ស៊ុំ សារិត បង្ហាញការខកចិត្ត ដែលកម្លាំងសមត្ថកិច្ចរារាំងពួកគាត់មិនឱ្យទៅឈរមុខសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ។
លោកថា៖ «អន់ចិត្តហ្នឹង មិនដូចចិត្ត ព្រោះចិត្តបំណងទៅមើលអី ដល់គោលដៅ [មុខតុលាការ] ហើយមកដល់ អត់បានដល់គោលដៅ អ៊ីចឹងវាឈឺចិត្តហ្នឹង»។
អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិម្នាក់ទៀតមកពីខេត្តកំពង់ចាម លោក ហ៊ុន ហួរ និយាយថា ការដែលពួកគាត់នាំគ្នាឡើងពីខេត្តមកជួយគាំទ្រអ្នកចូលបំភ្លឺនៅតុលាការ នាថ្ងៃនេះ ដោយសារតែពួកគាត់យល់ថា ការចោទប្រកាន់របស់តុលាការទៅលើអតីតសកម្មជនគណបក្សប្រឆាំង ជារឿងអយុត្តិធម៌។
លោកថា៖ «ងើបពីយប់មក នៅមានអាជ្ញាធរឃាត់ឡាន សួរតាមឡាន ពេលឡើងឡានហ្នឹងទៅណា ហើយគាត់នៅតែអាចប្រជ្រៀតគ្នាមកបាន មកដល់កន្លែង ត្រូវបានគេហាមឃាត់មិនឱ្យដើរទៅកន្លែងតុលាការហ្នឹងទៀត»។
សន្តិសុខខណ្ឌ៧មករា ដែលឈរនៅមុខសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថា ពួកគាត់ធ្វើទៅតាមបញ្ជាថ្នាក់លើ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ការដែលអាជ្ញាធររារាំងនោះ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងស្ថាប័នតុលាការ។
លោកថា៖ «ការបញ្ចេញមតិ ក៏យើងមានទីតាំងសម្រាប់ធ្វើការបញ្ចេញមតិដែរ អត់អាចបុគ្គលក្រុមណាមួយ ចេះតែប្រើប្រាស់ទីធ្លាសាធារណៈ ដងផ្លូវសាធារណៈ សម្រាប់ធ្វើសកម្មភាពអីដែលអាចធ្វើឱ្យប៉ះពាល់ទៅសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងរាជធានីភ្នំពេញនោះទេ»។
នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព ចាត់ទុកការរារាំងរបស់អាជ្ញាធរនេះថា ផ្ទុយពីគោលការណ៍ច្បាប់ជាតិនិងអន្តរជាតិ ដែលបានធានាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការជួបជុំនិងសម្ដែងមតិ។
អ្នកស្រី ចក់ សុភាព បានថ្លែងថា៖ «ការរារាំងបែបនេះ បង្ហាញនូវការមិនបានកាតព្វកិច្ចរបស់អាជ្ញាធរ ក្នុងការធានាសិទ្ធិពលរដ្ឋ ក្នុងការប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ដែលត្រូវបានធានាក្នុងច្បាប់ជាតិនិងអន្តរជាតិ ក្នុងហ្នឹងការជុំក៏ត្រូវបានប្រឈមទប់ស្កាត់ រហូតដល់មានការប្រើប្រាស់អំពើហិង្សាថែមទៀត ដែលនេះបានប្រាស់ចាកពីការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលដែលទទួលស្គាល់លិខិតតូបករណ៍អន្តរជាតិ»៕