មន្ត្រីជំនាញអាជ្ញាធរជាតិអប្សរា បានរកឃើញឡដុតកុលាលភាជន៍បុរាណមួយ នៅទីតាំងខាងជើងខ្លោងទ្វារដីឆ្នាំងនៃក្រុងអង្គរធំ ក្នុងភូមិសាស្ត្រសង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ដែលតាមការសន្និដ្ឋានបឋម ឡបុរាណនេះប្រហែលស្ថិតក្នុងសម័យអង្គរឬសម័យក្រោយអង្គរ។
លោកបណ្ឌិត ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិ និងតម្កល់ឯកសារអង្គរ និងជាប្រធានក្រុមកំណាយ ត្រូវបានហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាស្រង់ប្រសាសន៍មកផ្សាយថា ការជ្រើសរើសទីតាំងធ្វើកំណាយនៅលើទួលត្រពាំងបុស្ស ដើម្បីឱ្យដឹងច្បាស់ថា ទួលនេះជាកន្លែងផលិតភាជន៍សម័យបុរាណមែនឬអត់ ព្រោះកន្លងមក អ្នកស្រាវជ្រាវមួយចំនួនបានប្រទះឃើញសំណល់បំណែកភាជន៍ជាច្រើនរាយប៉ាយនៅទីនោះ។
តែយ៉ាងណា លោកថា មកដល់ពេលនេះ ពុំទាន់មានការធ្វើកំណាយស្រាវជ្រាវ ដើម្បីបញ្ជាក់ថាទីតាំងនេះជាឡដុតភាជន៍សម័យបុរាណនៅឡើយទេ។ ប៉ុន្តែតាមរយៈបំណែកភាជន៍និងបំណែកដីដុតដែលបន្សល់ទុកនៅលើទួលធំនោះ អ្នកស្រាវជ្រាវមួយចំនួនយល់ស្របគ្នាថា ទីតាំងនេះ មានភាគរយខ្ពស់អាចជាឡដុតភាជន៍សម័យបុរាណ។
លោកបន្ថែមថា៖ «គម្រោងនេះនឹងបញ្ចប់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ […] បន្ទាប់ពីកំណាយរួច យើងនឹងសុំគោលការណ៍សិក្សាស្រាវជ្រាវនៅតំបន់នេះបន្តទៀត ដោយចុះបញ្ជីសារពើភណ្ឌទួលទាំងអស់ គូសផែនទី ដាក់ទីនេះជាតំបន់ការពារសម្រាប់ឱ្យភ្ញៀវទេសចរមកទស្សនា និងការសិក្សារបស់អ្នកស្រាវជ្រាវផង»។
លោក វិទូ ភិរម្យ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារបានយកចិត្តទុកដាក់ខ្លាំងទៅលើបច្ចេកទេសកំណាយ ដើម្បីកាត់បន្ថយហានិភ័យដល់សំណង់បុរាណនិងវត្ថុបុរាណដែលប្រទះឃើញនៅក្នុងរណ្តៅ។
លោកបន្តថា៖ «លក្ខណៈរចនាសម្ព័ន្ធឡដែលរកឃើញនៅពេលនេះ គឺពិសេសណាស់ ព្រោះរូបរាងរចនាសម្ព័ន្ធឡនេះ ខុសពីឡភាគច្រើននៅតំបន់អង្គរ ដែលធំៗ វែងៗ […] ដូច្នេះ វានឹងក្លាយជាភស្តុតាងខ្លះៗសម្រាប់ការស្រាវជ្រាវរកប្រភពនៃឡនិងភាជន៍ដែលបានប្រើប្រាស់នាសម័យមុន ថាមានប្រភពមកពីឡមួយណាច្បាស់លាស់»។
ចំណែកប្រធានការិយាល័យអង្គភាពកុលាលភាជន៍អង្គរ នៃមជ្ឈមណ្ឌលស្រាវជ្រាវអន្តរជាតិនិងតម្កល់ឯកសារអង្គរ លោក ឆាយ រចនា បានបញ្ជាក់ថា មន្ត្រីជំនាញមិនទាន់ដឹងរូបរាងឡពេញលេញទេ គ្រាន់តែឃើញមានជញ្ជាំងឡ ទំហំឡតូច រាងមូល មានកន្លែងដាក់ឧស មានអង្កត់ផ្ចិតត្រឹម៣ម៉ែត្រការ៉េប៉ុណ្ណោះ ហើយលក្ខណៈពិសេសនៃរចនាសម្ព័ន្ធឡដីឆ្នាំងនេះពិតជាអស្ចារ្យ ដែលមិនធ្លាប់ឃើញពីមុនមកទេ។
លោកបន្តថា៖ «តាមរយៈបំណែកក្បឿង យើងអាចសន្និដ្ឋានថា ឡដុតភាជន៍នេះប្រហែលកើតឡើងនៅចុងសម័យអង្គរ ព្រោះក្បឿងប្រភេទនេះមិនសូវឃើញប្រើប្រាស់នៅក្នុងសម័យអង្គរទេ។ ចំពោះឡផលិតភាជន៍នេះ បើតាមការប្រាប់ពីការចងចាំរបស់អ្នកស្រុក ប្រហែលជាអាចជាប់ពាក់ព័ន្ធនឹងការហៅឈ្មោះខ្លោងទ្វារដីឆ្នាំងដែរ ព្រោះជាកន្លែងមានឡផលិតឆ្នាំងដីជាច្រើន»៕