ក្រសួងអប់រំសម្រេចផ្អាកដំណើរការសាលារៀនអន្តរទ្វីបអាមេរិកាំងសាខាចាក់អង្រែជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ១៩។
ការផ្អាកដំណើរការនេះ ធ្វើឡើងបន្ទាប់ពី ក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ ដែលរកឃើញវិជ្ជមានកូវីដ១៩ ហើយកូនរបស់គាត់រៀននៅសាលានោះផងដែរ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសម្រេចផ្អាកដំណើរការ សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយគ្រឹះស្ថានសិក្សានេះ ត្រូវបន្តបង្រៀនសិស្សតាមប្រព័ន្ធអេឡិចត្រូនិចវិញ។
បន្ថែមពីនេះ ក្រសួង ក៏បានអំពាវនាវទៅបុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សពាក់ព័ន្ធនឹងគ្រឹះស្ថានសិក្សាខាងលើ ត្រូវតាមដានសុខភាពផ្ទាល់ខ្លួន និងក្នុងករណីសង្ស័យ ត្រូវទំនាក់ទំនងទៅសេវាសុខាភិបាល។
ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃ២៩ ខែវិច្ឆិកានេះ រកឃើញអ្នកផ្ទុកមេរោគកូវីដឆ្លងថ្មីចំនួន៧នាក់បន្ថែមទៀត ខណៈនាយករដ្ឋមន្ត្រីអំពាវនាវឱ្យពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាបបង្កើនការប្រុងប្រយ័ត្នព្រោះមានការឆ្លងរាលដាលពីក្រុមគ្រួសារលោកអគ្គនាយកពន្ធនាគារ ឆែម សាវុធ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅព្រឹកថ្ងៃអាទិត្យនេះបញ្ជាក់ថា ក្រសួងរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ថ្មីចំនួន៧នាក់បន្ថែមទៀត នាំឱ្យកម្ពុជារកឃើញអ្នកផ្ទុកមេរោគកូវីដ១៩កើនឡើងដល់៣១៥នាក់៕