នាយក​រដ្ឋ​មន្ត្រី​​ព្រមាន​ចាត់​វិធានការ​​អ្នក​សារ​ព័ត៌មាន​​ដែល​បំពាន​ច្បាប់​និង​មិន​គោរព​វិជ្ជា​ជីវៈ

នៅល្ងាចថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកព័ត៌មានសរុបជាង៥ ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ។ (ហ្វេសប៊ុក លោក ហ៊ុន សែន)

រដ្ឋាភិបាលព្រមានចាត់វិធានការផ្លូវច្បាប់ទៅលើអ្នកសារព័ត៌មាន​ដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ និងប្រព្រឹត្តអំពើទុច្ចរិត ដែលប៉ះពាល់​ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។

ការព្រមាននេះបានធ្វើឡើងតាមរយៈសារ​លិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវានៃជំនួបរវាងប្រមុខរដ្ឋាភិបាលកម្ពុជា ជាមួយអ្នកសារព័ត៌មាន​លើកទី៥ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងសារលិខិតនោះ​ថា បើទោះមាន​​​ឧបសគ្គនៃ​​ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មាននៅតែបន្តបំពេញ​​ការងារយ៉ាងសកម្ម​ ក្នុងការផ្សារភ្ជាប់​ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ​ តាមរយៈការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាននានា ពីតម្រូវការរបស់ប្រជាពលរដ្ឋ ការ​វិវត្ត​នៃជំងឺ​កូវីដ​១៩ រួមនឹង​សភាពការណ៍វិវត្តនានាទាំងនៅ​ក្នុងប្រទេស ក្នុងតំបន់ និងនៅលើសកលលោក ទៅ​តាមវិជ្ជាជីវៈរបស់ខ្លួន។

តែយ៉ាងណា លោកថា ក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ មានអ្នកសារព័ត៌មាន​និងជនឱកាស​និយម​មួយចំនួនតូច បាននិងកំពុង​ប្រើប្រាស់ស្ថាប័នព័ត៌មាន ដើម្បីធ្វើសកម្មភាពទុច្ចរិតមួយចំនួន ដូចជា ជំរិតទារប្រាក់ជាថ្នូរនឹងការមិនចុះផ្សាយឬលុបព័ត៌មានដែលបានចុះផ្សាយ ការដើរ​តួនាទីជាចៅក្រម​​កាត់សេចក្តីនូវរឿងទំនាស់បញ្ហា​ដីធ្លី ការផ្សព្វផ្សាយ​ព័ត៌មានមិនពិត បំប៉ោង​សភាពការណ៍ ជេរប្រមាថ ញុះញង់ និងបំពុលសង្គម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជាដើម។

លោកបានណែនាំដល់អ្នកសារព័ត៌មានទាំងអស់ត្រូវ​ប្រកាន់ខ្ជាប់នូវការអនុវត្តឱ្យ​បាន​ត្រឹមត្រូវតាមវិជ្ជាជីវៈ និង​គោរពច្បាប់ស្តីពីរបប​សារព័ត៌មាន និង​គោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានថា៖ «រាជរដ្ឋាភិបាលនឹងមិន​អត់ឱន​ដល់​អ្នកសារព័ត៌មាន​ដែលបំពានច្បាប់ មិនគោរពវិជ្ជាជីវៈ ហើយ​ប្រព្រឹត្តអំពើទុច្ចរិតជ្រកក្រោម​ស្លាកសារព័ត៌មាន​ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលធ្វើឱ្យ​ប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសង្គមឡើយ»។

ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវជាថ្មីដល់ស្ថាប័នសារព័ត៌មាននិង​អ្នកសារព័ត៌មាន​ទាំងអស់ ចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយការផ្សព្វផ្សាយព័ត៌មានអប់រំនិងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ​ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ពង្រឹងសមត្ថភាពខាងវិជ្ជាជីវៈ ប្រើប្រាស់បច្ចេកវិទ្យាជំនាន់ថ្មី និងត្រូវចេះបន្សាំខ្លួនក្នុងការរស់នៅនិងបំពេញការ​ងារ​​តាម​គន្លងថ្មី ដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ១៩និងជំងឺរាតត្បាតផ្សេងទៀត។

របាយការណ៍របស់សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាចេញកាលពីថ្ងៃទី១១ ខែមករាបង្ហាញថា នៅឆ្នាំ២០២០ សមាគមអ្នកសារព័ត៌មានមួយនេះទទួល​បានបណ្តឹង​និងបានជួយដោះស្រាយចំនួន៣៣ករណី ស្មើ២៧អង្គភាព។​

របាយការណ៍ដដែលបញ្ជាក់ថា បណ្តឹងទាំងនោះកើតចេញពីការផ្សាយពីទំនាស់ដីធ្លី និងការបង្ហាញទីតាំងបទល្មើស ជាដើម។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក៏បានកត់សម្គាល់ឃើញថា លំហសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២០ ពុំមានចំណុចព្រួយបារម្ភទេ ខណៈនៅលើពិភពលោកមានអ្នកសារព័ត៌មានចំនួន៥០នាក់ត្រូវបានសម្លាប់ និង ៣៨៧នាក់ត្រូវបានឃុំខ្លួន។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍ថា អ្នកសារព័ត៌មានដែលធ្វើខុសច្បាប់ រដ្ឋាភិបាលត្រូវជំរុញទៅស្ថាប័ន​អនុវត្តតាមច្បាប់ស្តីពីរបបសារព័ត៌មាន ជាជាងយកក្រមព្រហ្មទណ្ឌមកអនុវត្ត។

លោកមានប្រសាសន៍បន្ថែម​ថា៖ «ខ្ញុំគិតថា វាជាសារមួយដែលធ្វើឱ្យមានភាពភ័យខ្លាចចំពោះបងប្អូនអ្នកសារព័ត៌មានដែលកំពុងអនុវត្តតួនាទី ហើយវាក៏ជាផ្នែកមួយដែលមិនលើកទឹកចិត្តសម្រាប់ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងធ្វើសេចក្តីរាយការណ៍ព័ត៌មាននៅលើបណ្តាញសង្គម ឬមួយនៅតាមស្ថាប័ន គេហទំព័រ ឬមួយក៏ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត»។

លោក ណុប វី មិនយល់ស្របទៅនឹងរបាយការណ៍របស់​សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាទាំងស្រុងនោះទេ ដោយលោក​យល់ថា សេរីភាពសារព័ត៌មាននៅកម្ពុជា​នៅមិនទាន់មានភាពល្អប្រសើរនៅឡើយ ដោយសារតែអ្នកសារព័ត៌មាននៅតែទទួលរងការគំរាមកំហែង​ផ្នែកផ្លូវច្បាប់។

ទោះជាយ៉ាងណាក្តី ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីខែមករា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តីបាន​ប្រកាស​ជួយគាំពារផ្លូវច្បាប់​សម្រាប់​អ្នកសារព័ត៌មានដែល​រងនូវបណ្តឹងនានាដោយផ្តល់ជាមេធាវីជួយការពារ ប៉ុន្តែលោកបានព្រមាននៅពេលនោះថា​ លោកការពារតែអ្នកសារព័ត៌មានដែលមិនធ្វើខុសច្បាប់តែប៉ុណ្ណោះ។

វីអូឌី មិនអាចទាក់ទងស្នើសុំ​ការអត្ថាធិប្បាយបន្ថែម​ពីលោកមេធាវី គី តិច ជុំវិញករណីនេះបាននៅឡើយទេ។

សេរីភាពសារព័ត៌មាននៅកម្ពុជានាឆ្នាំ២០២០ ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែនដាក់ក្នុងចំណាត់ថ្នាក់លេខ១៤៤ ក្នុងចំណោម១៨០ប្រទេស ដែលថយចុះ​មួយលេខបើប្រៀបធៀបនឹងឆ្នាំ២០១៩។ ការធ្លាក់ចុះនូវសន្ទស្សន៍សេរីភាពសារព័ត៌មាននេះ ត្រូវបានអង្គការអ្នកកាសែតគ្មានព្រំដែនថា បណ្តាលមកពីការចាប់ខ្លួនអ្នកសារព័ត៌មាន និងការអនុម័តច្បាប់ស្តីពីការដាក់ប្រទេសក្នុងភាពអាសន្ន ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ