ជនជាប់ចោទ មេធាវីរដ្ឋាភិបាល ព្រះរាជអាជ្ញា និងចៅក្រម បានសួរដេញដោលគ្នាយ៉ាងក្តៅគគុកក្នុងសវនាការលោក រ៉ុង ឈុន ជុំវិញការសេចក្ដីសន្និដ្ឋានទុកជាមុន ចេតនាប្រព្រឹត្តបទល្មើស កង្វះភស្តុតាង និងចេតនាក្នុងការប្រើពាក្យ«យួន»។
សាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ បានបើកសវនាការលើដំបូងលើសំណុំរឿង«ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គម» ប្រឆាំងនឹងមេដឹកនាំសហជីព និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ប្រធានគណបក្សខ្មែរឈ្នះ លោកសួង សុភ័ណ្ឌ យុវជនខ្មែរថាវរៈ កញ្ញា ស កនិ្នកា និងលោក តុន និមល ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីធ្វើបាតុកម្មនៅមុខស្ថានទូតចិនកាលពីចុងខែតុលា។
លោក រ៉ុង ឈុន ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ខណៈលោក សួង សុភ័ណ្ឌ និងកញ្ញា ស កនិ្នកា ត្រូវបានចាប់ខ្លួនបន្ទាប់ពីពូកគេបានចូលរួមធ្វើបាតុកម្មគាំទ្រ និងស្នើឱ្យដោះលែងលោក រ៉ុង ឈុន។
នៅពេលសវនាការបានចាប់ផ្តើមកាលពីថ្ងៃសុក្រ មេធាវីការពារក្តីជនជាប់ចោទបានជំទាស់ភ្លាមៗចំពោះវត្តមានរបស់មេធាវីរដ្ឋាភិបាល។ ទោះយ៉ាងណាមេធាវីរដ្ឋាភិបាល លោក ឈិត បូរ៉ាវុធ បានបង្ហាញព្រះរាជក្រឹត្យស្តីពីការបង្កើតក្រុមមេធាវីរបស់រដ្ឋាភិបាល ខណៈដែលព្រះរាជអាជ្ញារងបានដកស្រង់មាត្រាមួយនៅក្នុងក្រមរដ្ឋប្បវេណីដែលថាបណ្តឹងរដ្ឋប្បវេណីអាចត្រូវបានភ្ជាប់ជាមួយនឹងសកម្មភាពព្រហ្មទណ្ឌ។
បន្ទាប់មកចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា បានសួរទៅលោក រ៉ុង ឈុន ពាក់ព័ន្ធនឹងការបង្កើតក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងគោលបំណងនៃការបង្កើតសហភាពសហជីពកម្ពុជា សមាភាពចូលរួម និងសមាជិក។
ពាក់ខោអាវអ្នកទោស ឈរក្នុងរង្វង់ក្រចកសេះ លោក រ៉ុង ឈុន ប្រាប់ទៅចៅក្រមថា លោកបង្កើតក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដើម្បីចេញសេចក្ដីថ្លែងការណ៍ពីបញ្ហាសង្គម។ ចំណែកការបង្កើតសហភាពសហជីពវិញ ក្នុងគោលបំណងដើម្បីជួយការពារផលប្រយោជន៍កម្មករ គ្រួបង្រៀន និងអ្នកធ្វើការក្រៅប្រព័ន្ធ។
ក្រៅពីសួរការបង្កើតក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងសហជីព ចៅក្រមក៏បានសួរសំណួរទៅលោក រ៉ុង ឈុន ជុំវិញព័ត៌មានលិអិតទាក់ទងនឹងសកម្មភាពចុះទៅព្រំដែន។
ជាការឆ្លើយតបនឹងសំណួរចៅក្រមលោក រ៉ុង ឈុនថា រូបគាត់បានទទួលព័ត៌មានពលរដ្ឋបាត់បង់ដីនៅខេត្តត្បួងឃ្មុំតាមរយៈការស្ដាប់វិទ្យុអាស៊ីសេរី រួមបានចុះទៅជួបជាមួយប្រជាពលរដ្ឋចំនួន២០នាក់ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ប៉ុន្តែលោកបដិសេធមិនប្រាប់ពីអត្តសញ្ញាណសហការីដែលបានចុះទៅជាមួយរូបគាត់។
ចៅក្រមជំនុំជម្រះលោក លិ សុខា បានសួរបន្តទៀត ពាក់ព័ន្ធនឹងការសរសេរសេចក្ដីថ្លែងការណ៍អ្នកណាជួយសរសេរ ហើយការយកសេចក្ដីថ្លែងការណ៍ផ្សព្វផ្សាយជាសាធារណៈលើបណ្ដាញសង្គមនោះ ក្នុងគោលបំណងអ្វី និងបានដឹងពលរដ្ឋបាត់ដីពិតឬទេ ហើយពលរដ្ឋទាំងនោះមានឯកសារអត់។
តំណាងក្រុមប្រឹក្សាឃ្លាំមើលរូបនេះថាសេចក្ដីថ្លែងការណ៍លោកជាអ្នកសរសេរផ្ទាល់ ហើយការបង្ហោះលើបណ្ដាញសង្គមក្នុងគោលបំណងសុំអន្តរាគមន៍ពីរដ្ឋាភិបាលឱ្យជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ។ ចំពោះរឿងដីវិញ លោកថា ប្រជាពលរដ្ឋជាអ្នកអះអាងប្រាប់រូបគាត់ ករណីនេះ មានតែប្រជាពលរដ្ឋទេដែលដឹង ហើយពាក់ព័ន្ធនឹងឯកសារវិញ លោកថាប្រទេសកម្ពុជាមិនទាន់បានផ្ដល់ប័ណ្ណកម្មជូនដល់ប្រជាពលរដ្ឋគ្រប់គ្នានៅឡើយ។
ចៅក្រមសួរបន្ត៖«ការអះអាងហ្នឹង គឺជាការអះអាងពីប្រជាពលរដ្ឋ ប៉ុន្តែប្រជាពលរដ្ឋគ្មានឯកសារទេ ហើយបើលោកគ្មានភស្តុតាង ឬមិនច្បាស់ទេ តែលោកបានបង្ហោះសេចក្ដីថ្លែងការណ៍ធ្វើឱ្យមានការភ័ណ្ឌច្រឡំលើរដ្ឋាភិបាល?»
ក្រោយពីមានការចោទបែបនេះ មេធាវីការពារក្ដីឱ្យលោក រ៉ុង ឈុន គឺសំ សុគង់ បានឡើងកាត់ចៅក្រម ដោយថាការសួរសំណួរនេះ ជាការសន្មត់ទុកជាមុនថាកូនក្ដីលោកមានទោស ខណៈមេធាវីម្នាក់ទៀតគឺលោក ជូង ជូងី ក៏បានឡើងជំទាស់នឹងសំណួរចៅក្រមលោក រ៉ុង ឈុនដែរ។
ព្រះរាជអាជ្ញារង លោក សេងហៀង ក៏បានក្រោកឈរការពារចៅក្រមដោយថាការសាកសួរនោះគឺគ្រាន់តែព្យាយាមស្វែងរកការពិតប៉ុណ្ណោះ។ នៅពេលដែលព្រះរាជអាជ្ញារង និងមេធាវីការពារជនជាប់ចោទ កំពុងតឹងសសៃកដាក់គ្នានោះ ចៅក្រម លិ សុខា បានគោះតុ។
ចៅក្រម បានបន្តថាសាររបស់លោក រ៉ុង ឈុន បានបង្កឱ្យមានការយល់ច្រឡំនិងកំហឹងប្រឆាំងនឹងរដ្ឋាភិបាល។ ពេលនោះលោក រ៉ុង ឈុនលើកម្រាមដៃឡើងហើយសួរសំណួរទៅចៅក្រមវិញ ប៉ុន្តែចៅក្រមបានប្រាប់ថាលោក រ៉ុង ឈុន គ្មានសិទ្ធិក្នុងការសួរសំណួរឡើយ។
លោក រ៉ុង ឈុន បានឆ្លើយតបថា៖«ការបង្ហោះនេះ ជាសិទ្ធិសេរីភាពបញ្ចេញមតិ ហើយខាង រដ្ឋាភិបាលបើឃើញខ្ញុំខុសឬខ្វះខាតអ្វីអាចហៅខ្ញុំទៅជជែកបាន។ ចាប់ខ្លួនខ្ញុំនៅម៉ោង ៩ ម៉ោង យប់អត់មានដីកាទៀត»។
ចៅក្រម បានលើកឡើងថា៖«លោកគ្មានសិទ្ធិសួរខ្ញុំ ព្រោះខ្ញុំជាចៅក្រមបើលោកចង់តតាំងអាចដាក់ភស្តុតាងបាន»។
ក្រោយចៅក្រមសួរចប់ មេធាវីដើមបណ្ដឹងតំណាងឱ្យរដ្ឋាភិបាលម្នាក់ គឺលោក ឈិត បូរ៉ាវុធ បានឡើងសួរពីពាក្យ«យួន»ទៅលោក រ៉ុង ឈុន ថាតើការប្រើពាក្យ«យួន»នេះបង្កប់អត្តន័យអ្វី ហើយហេតុអ្វីបានប្រើពាក្យ«យួន»។
លោក រ៉ុង ឈុន ថា ការប្រើពាក្យយួនរបស់លោកមិនបានបង្កប់អត្តន័យអ្វីទេ ព្រោះវចនានុក្រមសម្ដេចសង្ឈ ជូន ណាត ក៏មានពាក្យនេះដែរ។
លោក រ៉ុង ឈុន ថា៖«ខ្ញុំមានការភា្ញក់ផ្អើលនៅពេលដែលលោកមេធាវីយកពាក្យ«យួន»មកសួរ ព្រោះវចនានុក្រម ជូ ណាត ក៏មានដែរ»។
មេធាវីលោករ៉ុង ឈុន បានឡើងជំទាស់ នឹងការចោទសួររបស់មេធាវីតំណាងរដ្ឋាភិបាល លើកូនក្ដីខ្លួន ជុំវិញពាក្យពេចន៍«យួន»។
ក្រោយសួរដេញដោលក៏ចម្រូងចម្រាសរយៈពេលជិត ៤ ម៉ោង ចៅក្រមជំនុំជម្រះបានប្រកាសបន្តសវនាការទៅថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២១ខាងមុខ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ដែលបានចូលរួមតាមដានសវនាការកាលពីម្សិលមិញបានកត់សម្គាល់ថាការសួរដេញដោលរបស់ចៅក្រម តំណាងអយ្យការ និងមេធាវីតំណាងរដ្ឋាភិបាលជាច្រើនទៅលើ លោក រ៉ុង ឈុន បង្ហាញឱ្យឃើញអំពីការសន្និដ្ឋានថា លោក រ៉ុង ឈុន មានទោស។ លោកស្រីចាត់ទុកការសន្និដ្ឋាននេះថា បានធ្វើឱ្យប៉ះពាល់សិទ្ធិទទួលបានជំនុំជម្រះយុត្តិធម៌។
លោកស្រីថា៖« យើងឃើញថាការជជែកដេញដោលទាំងសំឡេង លើកដៃ សម្រាប់ខ្ញុំហាក់ដូចជាមានសម្ពាធ សូម្បីតែយើងអ្នកអង្កេតការណ៍ក៏មានសម្ពាធដែរ ។ អ៊ីចឹងសម្រាប់លោក រ៉ុង ឈុន ជាជនត្រូវជាប់ចោទហ្នឹង តើគាត់មានសម្ពាធបែបណា។ ខ្ញុំឃើញគាត់លើកម្ដងពីរដងដែរ តើលោកមេធាវីកំពុងសួរគាត់ឬកំពុងតែបន្ទោសគាត់កន្លែងនេះ ខ្ញុំគិតថាសំខាន់»។
លោក រ៉ុង ឈុន ត្រូវសមត្ថកិច្ចចាប់ខ្លួននៅគេហដ្ឋានរបស់លោកនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីលោកបង្ហោះសារលើហ្វេសប៊ុកពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនជាមួយវៀតណាម៕