គោលនយោបាយព្យាបាលមនុស្សវ័យចំណាស់ដោយមិនគិតលុយ និងការជួយឧបត្ថម្ភផ្សេងៗទៀតតាមសេវាធានារ៉ាប់រងសង្គមនេះ ក្រៅពីផលប្រយោជន៍ផ្នែកសុខភាព ក៏ជាផ្នែកមួយនៃការផ្តល់ទំនុកចិត្តលើប្រព័ន្ធសុខាភិបាលក្នុងប្រទេស និងពលរដ្ឋមានទំនុកចិត្តលើរដ្ឋាភិបាល។
រដ្ឋាភិបាលវៀតណាមរៀបចំផែនការសម្រាប់អនុវត្តនៅក្នុងឆ្នាំ២០២១ ដោយផ្តល់សេវាព្យាបាលជំងឺដោយឥតគិតថ្លៃ និងផ្តល់ការឧបត្ថម្ភផ្សេងៗទៀតដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ មានចំនួនជិត១៣លាននាក់។
អគ្គនាយករងនៃរបបសន្តិសុខសង្គមវៀតណាម (VSS) លោក Tran Dinh Dinh Lieu ថ្លែងថា នៅក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋដែលមានវ័យចាប់ពី៦០ឆ្នាំឡើងទៅ មានចំនួនជិត១៣លាននាក់ ដែលស្មើនឹង១២ភាគរយនៃប្រជាពលរដ្ឋទូទាំងប្រទេសដែលមានចំនួនជិត១០០លាននាក់។
លោកបន្តថា រដ្ឋាភិបាលវៀតណាមត្រៀមលុយជិត៨០០លានដុល្លារសម្រាប់ចំណាយលើការថែទាំសុខភាព និងព្យាបាលជំងឺ រួមទាំងការឧបត្ថម្ភផ្សេងទៀតដល់មនុស្សវ័យចាស់ទាំងនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម។
អាជ្ញាធរវៀតណាមក៏បានរៀបចំកម្មវិធីលើកទឹកចិត្តឱ្យមនុស្សវ័យចាស់ទាំងនេះចូលរួមសកម្មភាពវប្បធម៌ សិល្បៈ និងកីឡា ដើម្បីទទួលបានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត។
គេហទំព័រសុខភាព aetna បានលើកឡើងថា ប្រព័ន្ធសុខាភិបាលរបស់វៀតណាមនៅប៉ុន្មានឆ្នាំចុងក្រោយមានភាពប្រសើរឡើង គឺរដ្ឋាភិបាលផ្តល់កញ្ចប់លុយរហូតដល់ជាង៧ភាគរយនៃចំណូលជាតិយកទៅពង្រឹងប្រព័ន្ធសុខាភិបាល។
ប្រព័ន្ធថែទាំសុខភាព
ក្រៅពីគោលនយោបាយការបរទេសនិងការបង្កើតច្បាប់លក្ខន្តិកៈផ្សេងៗដើម្បីទាក់ទាញការវិនិយោគ ហើយធ្វើឱ្យសេដ្ឋកិច្ចវៀតណាមនៅតែមានភាពល្អប្រសើរក្នុងស្ថានភាពកូវីដ១៩នេះ ប្រព័ន្ធថែទាំសុខភាពក៏ជាផ្នែកមួយសំខាន់ដែលមិនអាចខ្វះបាន។
នៅក្នុងអំឡុងពេល១ឆ្នាំពេញនៃឆ្នាំ២០២០ បើវៀតណាមមិនមានលទ្ធភាពក្នុងការគ្រប់គ្រងមេរោគកូវីដ១៩ទេ ប្រាកដជាធ្វើឱ្យវិស័យនានាទ្រទ្រង់សេដ្ឋកិច្ចដែលមានស្រាប់រងផលប៉ះពាល់ ហើយធ្វើឱ្យអ្នកវិនិយោគថ្មីមិនហ៊ានទៅបោះទុនជាមួយនោះទេ។
ចំណុចមួយចំនួនដែលវៀតណាមបង្ហាញពីគុណភាពប្រព័ន្ធសុខាភិបាលរបស់ខ្លួនដែលប្រឹងប្រែងធ្វើកំណែទម្រង់តាំងពីទសវត្សរ៍៨០មកនេះ គឺការបង្កើតឧបករណ៍តេស្តរកមេរោគកូវីដ១៩ដោយខ្លួនឯង។
នៅក្នុងអំឡុងពេលកូវីដ១៩នេះ វៀតណាមក៏បានប្រកាសពីដំណើរការនៃការផលិតវ៉ាក់សាំងចាក់ការពារមេរោគកូវីដ១៩ដែលផលិតដោយវៀតណាមដែរ។
កត្តាដែលបញ្ជាក់ពីគុណភាពប្រព័ន្ធសុខាភិបាលរបស់វៀតណាមដែរនោះ គឺថ្នាក់ដឹកនាំវៀតណាមស្ទើរតែទាំងអស់ ពេលមានជំងឺតែងទទួលការព្យាបាលនៅក្នុងប្រទេសរបស់ខ្លួន។
ដូច្នេះ ផ្អែកលើគោលនយោបាយក្រៅប្រទេសក្នុងការទាក់ទាញការវិនិយោគ ការបង្កបរិយាកាសល្អនៅក្នុងប្រទេស និងប្រព័ន្ធសុខាភិបាលរឹងមាំ អាចធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់វៀតណាមនៅតែរឹងមាំក្នុងស្ថានភាពកូវីដ១៩។
ទំនុកចិត្តលើវិស័យសុខាភិបាល
ប្រធានាធិបតីវៀតណាម លោក ង្វ្រៀន ភូត្រុង (Nguyen Phu Trong) វ័យ៧៥ឆ្នាំ ធ្លាក់ខ្លួនឈឺកាលពីចុងខែមេសា ឆ្នាំ២០១៩ ក្នុងកម្រិតធ្ងន់មួយ។ ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ បញ្ជាក់ថា ស្ថានភាពលោក ភូត្រុង ធ្ងន់ធ្ងរ ហើយសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធាមជ្ឈឹម១០៨ ក្នុងទីក្រុងហាណូយ។ បន្ទាប់មក លោកជាសះស្បើយពីជំងឺហើយបំពេញការងារធម្មតាវិញ។
អតីតប្រធានាធិបតីទី៨របស់វៀតណាម លោក ត្រាន់ ដាយក្វាង (Tran Dai Quang) ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរកាលពីឆ្នាំ២០១៧ ហើយព្យាបាលជំងឺបន្តបន្ទាប់នៅក្នុងប្រទេស រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ លោកទទួលមរណភាពនៅក្នុងមន្ទីរពេទ្យយោធា១០៨ ក្នុងទីក្រុងហាណូយ។
អតីតប្រធានាធិបតីទី៤ របស់វៀតណាម លោក ឡេ ដឹកអាញ់ (Le Duc Anh) ធ្លាក់ខ្លួនឈឺហូរឈាមក្នុងខួរក្បាលកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ហើយទទួលការព្យាបាលនៅមន្ទីរពេទ្យយោធា១០៨ ក្នុងទីក្រុងហាណូយ រហូតទទួលមរណភាពនៅទីនោះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។
ថ្នាក់ដឹកនាំកំពូលជ្រើសរើសយកការព្យាបាលជំងឺនៅក្នុងប្រទេស អាចលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំថ្នាក់ក្រោមផ្សេងៗទៀត ក៏មានទំនុកចិត្តក្នុងការព្យាបាលជំងឺនៅក្នុងប្រទេស។ បើថ្នាក់ដឹកនាំភាគច្រើនព្យាបាលជំងឺនៅក្នុងប្រទេសនោះ ពួកគេអាចដឹងច្បាស់ពីចំណុចខ្លាំងនិងចំណុចខ្សោយនៃសេវាថែទាំសុខភាព ពេលនោះចំណុចខ្សោយឬភាពខ្វះចន្លោះអាចត្រូវលាតត្រដាង ហើយជំរុញឱ្យមានដំណោះស្រាយ។
ចំណែកប្រជាពលរដ្ឋក៏ជ្រើសរើសយកការថែទាំសុខភាពនៅក្នុងស្រុកដែរ នៅពេលដែលមេដឹកនាំព្យាបាលជំងឺនៅក្នុងស្រុក ហើយពលរដ្ឋនឹងមើលឃើញគុណភាពនៃសេវាមានភាពល្អប្រសើរឡើង។ ពលរដ្ឋអាចចំណេញលុយដោយមិនធ្វើដំណើរទៅឆ្ងាយ ហើយក៏ចំណេញពេលវេលាដែរ។
ផលប្រយោជន៍រួមនោះគឺមោទកភាពជាតិទាំងមូលដែលបង្ហាញថា ពួកគេមានសមត្ថភាព ជនជាតិគេមានសមត្ថភាព ហើយមនុស្សនៅក្នុងសង្គមនោះគាំទ្រសមត្ថភាពជំនាញដែលគេមាន។
ផលប្រយោជន៍លើសពីសុខភាព
បើពិនិត្យមើលលើគោលនយោបាយវៀតណាមជួយដល់មនុស្សចាស់ ឬគេហៅថាពលរដ្ឋជាន់ខ្ពស់ ជិត១៣លាននាក់នេះ គឺផលបានលើសពីសុខភាព។
ហេតុអ្វីបានជាយើងហ៊ានអះអាងបែបនេះ?
ធម្មតាមនុស្សចាស់មិនមែនរស់នៅម្នាក់ឯងឬរស់នៅជាក្រុមជាមួយមនុស្សចាស់ដូចគ្នានោះទេ មនុស្សចាស់គឺរស់នៅក្នុងគ្រួសារ ហើយគាត់ជាអ្នកដែលមានសុខភាពចុះខ្សោយ ហើយថយចុះចំណូលឬ មិនមានចំណូលតែងម្តង។ ក្នុងស្ថានភាពនេះ កូនឬសាច់ញាតិផ្សេងទៀតជាអ្នកផ្គត់ផ្គង់។
ចុះបើរដ្ឋាភិបាលចេញមុខជួយបំពេញតម្រូវការទាំងនេះ យើងមើលមួយភ្លែតដូចជួយតែមនុស្សចាស់ ប៉ុន្តែវាជាការជួយដោះស្រាយបញ្ហាដល់ប្រជាជនទាំងមូល ដែលធ្វើឱ្យប្រជាជនពេញកម្លាំងមានពេលបំពេញការងារនិងកាត់បន្ថយការចំណាយ។
ចំណុចមួយទៀត បើមើលពីទំនាក់ទំនងរវាងប្រជាពលរដ្ឋនិងរដ្ឋាភិបាលគឺហាក់ដូចជាកាន់តែខិតជិតគ្នា គឺពលរដ្ឋមានទំនុកចិត្តលើសេវារបស់រដ្ឋ ហើយរដ្ឋបំពេញតម្រូវការ ឬជួយបន្ថយការលំបាករបស់ប្រជាពលរដ្ឋ៕