ប្រជាពលរដ្ឋជិត២០នាក់ នៅសង្កាត់ក្បាលកោះ រាជធានីភ្នំពេញ បាននាំគ្នាបន្តការតវ៉ាដោយដកបង្គោលថ្ម ដែលអាជ្ញាធរខណ្ឌច្បារអំពៅបានដាំហ៊ុមព័ទ្ធបិទផ្លូវចេញចូលទៅកាន់ដីដែលពួកគាត់ធ្លាប់អាស្រ័យផល។
លោក ឈឹម រី អាយុ៧៣ឆ្នាំ ជាពលរដ្ឋរស់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ បានប្រាប់ វីអូឌី នៅកន្លែងតវ៉ានៅថ្ងៃចន្ទនេះថា ការសម្រេចដកបង្គោលថ្មចំនួន៥ដើមនេះ ធ្វើឡើងដោយសារតែអាជ្ញាធរខណ្ឌបានយកគ្រឿងចក្រដាំបង្គោលថ្មហ៊ុមព័ទ្ធបិទផ្លូវធ្វើដំណើរទៅកាន់ដីស្រែរបស់ពួកគាត់ ហើយបែរជាចោទពលរដ្ឋថាកាន់កាប់ដីរដ្ឋខុសច្បាប់ទៅវិញ។
លោកថា៖ «ធម្មតាយើង[ជា]ថ្នាក់ដឹកនាំ ជាម៉ែជាឪ គួរតែដោះស្រាយជូនប្រជាជន។ ប្រជាជនបានរស់ប៉ុណ្ណឹងហើយ ហេតុអីត្រូវបិទ? ហើយត្រូវរឹបអូសរបស់គាត់? អាជ្ញាធរជាម៉ែឪគួរប្រាប់ថា ឯងនៅត្រង់ហ្នឹងអត់កើតទេ»។
ប្រជាពលរដ្ឋម្នាក់ទៀត អ្នកស្រី ផា សុលីតា អាយុ៥៤ឆ្នាំ បានរៀបរាប់ថា រយៈពេលជិត១សប្តាហ៍មកនេះ អាជ្ញាធរខណ្ឌច្បារអំពៅ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានដាក់កម្លាំងយាមកាម និងចុះប្រាប់ប្រជាពលរដ្ឋជាង១៥០គ្រួសារមិនឱ្យធ្វើកសិកម្មលើដីទំហំជាង៣០ហិកតាដែលពួកគាត់បាននិងកំពុងអាស្រ័យផលនោះទេ។
អ្នកស្រីបន្តថា ក្រៅពីនោះ អាជ្ញាធរក៏បានយកគ្រឿងចក្រទៅបោះបង្គោលហ៊ុមព័ទ្ធជុំវិញដីនោះទៀតផង ដោយថា ដីនោះជាដីរបស់រដ្ឋទៅវិញ។
ពលរដ្ឋរូបនេះបានទទួលស្គាល់ថា ដីកំពុងមានជម្លោះនោះជាដីកោះរបស់រដ្ឋមែន ប៉ុន្តែពួកគេកាន់កាប់និងអាស្រ័យផល ដូចជា ដាំស្រូវ ពោត សណ្តែក លើដីនោះចាប់ពីឆ្នាំ២០០៨រហូតមកដល់ឆ្នាំ២០២០ ពោលជាង១០ឆ្នាំដោយមិនមានការរារំាំងឬជំទាស់ពីអាជ្ញាធរនោះទេ។
លោក ឆន ដាវីត អាយុ៣៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិជ្រោយអំពិល បានស្នើឱ្យអាជ្ញាធរដកបង្គោលទាំងនោះចេញវិញ និងត្រូវសម្របសម្រួលរកដំណោះស្រាយឬផ្តល់សំណងសមរម្យដល់ប្រជាពលរដ្ឋ មុននឹងយកដីនោះទៅធ្វើការអភិវឌ្ឍ។
លោកបានបញ្ជាក់ថា៖ «សំណូមពរឱ្យដកបង្គោលហ្នឹងចេញ។ បើមិនរកដំណោះស្រាយឱ្យប្រជាជន ប្រជាជនមិនព្រមនោះទេ»។
អភិបាលរងខណ្ឌច្បារអំពៅ លោក ណុប ផា បានបដិសេធអត្ថាធិប្បាយនៅថ្ងៃចន្ទនេះ ដោយប្រាប់ថា លោកពុំទាន់ទទួលបានព័ត៌មានលម្អិតជុំវិញដីជម្លោះនេះនៅឡើយ។
ចៅសង្កាត់រងទី២ សង្កាត់ក្បាលកោះ លោក ឃី សុង បានច្រានចោលការអះអាងរបស់ប្រជាពលរដ្ឋ ដោយលោកបញ្ជាក់ថា ដីនៅតំបន់នោះជាដីសាធារណៈរបស់រដ្ឋ និងជាដីដែលទើបនឹងដុះថ្មីៗ មិនមានការធ្វើស្រែចម្ការណាមួយឡើយ។
លោកថា៖ «ដីដុះថ្មីៗ ជាដីសាធារណៈរបស់រដ្ឋ អត់ដែលមានទៅធ្វើស្រែអីទេ។ សួរគាត់មើល មានឯកសារសិទ្ធិកាន់កាប់អីដែរអត់? អាហ្នឹងមែន ឆ្នាំ២០០៨ទេ ដីហ្នឹងទើបដុះថ្មីក្នុងរង្វង់ពី៤ទៅ៥ឆ្នាំហ្នឹង! វាប្រហាក់ប្រហែលហ្នឹង»។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរកវិធីដោះស្រាយឬផ្តល់សំណងសមរម្យជូនពលរដ្ឋនៅតំបន់នោះ ដោយមិនត្រូវចោទពលរដ្ឋថាទន្ទ្រានឬកាន់កាប់ដីរបស់រដ្ឋខុសច្បាប់នោះទេ ពីព្រោះរយៈពេលដែលកាន់កាប់ជាង១០ឆ្នាំ មិនមានអាជ្ញាធររូបណាចេញទៅរារំាំងឬហាមឃាត់ពួកគេនោះទេ។
លោកមានប្រសាសន៍ថា៖ «រដ្ឋគួរតែរកដំណោះស្រាយ ចរចា ឬក៏ផ្តល់សំណងសមស្របដែលអាចទទួលយកបានទាំងអស់គ្នា ដើម្បីចៀសវាងនូវបាតុភាពផ្សេង ព្រោះកន្លងមក ការដោះស្រាយមិនបានសមស្រប នាំឱ្យមានបាតុភាពផ្សេងៗកើតមាន យើងមានបទពិសោធន៍រួចហើយ»។
មន្ត្រីសិទ្ធិមនុស្សរូបនោះបន្តថា បើសិនអាជ្ញាធរមិនព្រមរកវិធីដោះស្រាយឱ្យពលរដ្ឋទេ ពលរដ្ឋអាចនឹងធ្វើការតវ៉ាជាបន្តបន្ទាប់នៅថ្ងៃខាងមុខ៕