រដ្ឋាភិបាលសម្រេចកាត់ឆ្វៀលផ្ទៃដីជិត១០០ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅខេត្តព្រះសីហនុ ឱ្យក្រុមហ៊ុនឯកជនចំនួន២ ដើម្បីកាន់កាប់ជាកម្មសិទ្ធិ។
យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាល ចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែលវីអូឌីទើបទទួលបាន បានសម្រេចកាត់ឆ្វៀលដីទំហំជាង៦១ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅភូមិពូធឿង ភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងធ្វើអនុប្បយោគជាដីឯកជនរបស់រដ្ឋ ប្រគល់ឱ្យទៅក្រុមហ៊ុន ប៊ូលែនរៀលអ៊ីស្ទេត ដែលតំណាងដោយឈ្មោះ ឡៅ អានី។
យោងតាមអនុក្រឹត្យដាច់ដោយឡែកមួយទៀត ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចកាត់ដីទំហំ ២៥ហិកតា៩៣អា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ប្រគល់ឱ្យទៅក្រុមហ៊ុន ហ្វូហាយអ៊ិនវេសមេន។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍នៅថ្ងៃពុធម្សិលមិញថា ការកាត់ឆ្វៀលដីនេះបង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច ដែលរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការអភិវឌ្ឍសម្រាប់បម្រើផលប្រយោជន៍សាធារណៈ។ លោកបន្តថា វាមានសារៈសំខាន់ណាស់ដែលត្រូវកែច្នៃតំបន់នោះទៅជារបស់ឯកជន ដើម្បីទទួលបានពន្ធដារ និងបង្កើតការងារជូនប្រជាពលរដ្ឋនៅក្នុងតំបន់។
លោកបានថ្លែងថា៖ «វាជាសេចក្តីត្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍ ហើយគ្មានការអភិវឌ្ឍណាដែលមិនមានការលះបង់ណាមួយនោះទេ។ នៅក្នុងគោលការណ៍នេះ យើងឃើញខាងកំពង់សោម [ខេត្តព្រះសីហនុ] គឺរាជរដ្ឋាភិបាលអត់មានចេញលុយនោះទេ ប៉ុន្តែរាជរដ្ឋាភិបាលបានធ្វើលទ្ធិកម្មរវាងដៃគូរដ្ឋនិងវិស័យឯកជន ហើយប្រទេសណាក៏គេធ្វើបែបនេះដែរ»។
លោកបានបន្ថែមថា៖ «យើងមើលសក្តានុពលថា តើការថែរក្សាធម្មជាតិហ្នឹងវាមានតម្លៃខ្ពស់ជាងការអភិវឌ្ឍ ឬការអភិវឌ្ឍមានតម្លៃខ្ពស់ជាងការរក្សាព្រៃ។ ដូច្នេះការរៀបចំហ្នឹងគឺជាការឆ្លើយតបសេចក្តីត្រូវការជាចាំបាច់ ហើយនៅក្នុងការអភិវឌ្ឍ វាមានចំណូលមកដល់រដ្ឋ»។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បដិសេធអត្ថាធិប្បាយចំពោះករណីនេះ។
ចំណែកលោក មាជ ចាន់ មេឃុំបិតត្រាំង ស្រុកព្រៃនប់ មានប្រសាសន៍ថា ដីដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាត់ឱ្យក្រុមហ៊ុនទាំងពីរនេះ ដោយសារតែពួកគេបានកាន់កាប់ដីនោះជាយូរឆ្នាំហើយ។
លោកបានបញ្ជាក់ថា៖ «កន្លងមក ខ្ញុំធ្លាប់ឮឈ្មោះគាត់ [ឡៅ អានី] ដោយសារតែមេធាវីរបស់គាត់មកកំណត់ដីទីតាំងរបស់គាត់ដែលគាត់បានគ្រប់គ្រងនិងអាស្រ័យផល។ គាត់បានកាន់កាប់តាំងពីខ្ញុំមិនទាន់ធ្វើមេឃុំឯណោះ។ គាត់មាននៅឃុំចំណោតរាម ១កន្លែង ភូមិគគីរ ២កន្លែង គាត់មានដី៣ទៅ៤កន្លែង»។
លោកបានបន្ថែមថា ក្រុមហ៊ុន ហ្វូហាយអ៊ិនវេសមេន ក៏មានដីនៅក្នុងឃុំបិតត្រាំងដែរ តែគាត់បានឱ្យទៅឧកញ៉ា រតនៈ សម្បត្តិ ដែលតំណាងដោយក្រុមហ៊ុន ក្រោនអ៊ីស្ពេត ខណៈមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាមួយចំនួន ក៏មានដីនៅតំបន់នោះដែរ។
អ្នកវិភាគសង្គម លោក សេង សារី បានថ្លែងថា ដើម្បីការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច គឺទាមទារឱ្យមានការកែច្នៃ ប៉ុន្តែគួរធ្វើឱ្យមានភាពសមស្របមួយ ដោយសារតែព្រៃឧទ្យានឬព្រៃឈើជាធនធានដ៏កម្រ ដែលមានសារៈសំខាន់សម្រាប់មនុស្សជាតិ។
លោកថា៖ «យើងឃើញថាមានអត្ថប្រយោជន៍ច្រើនណាស់ ធម្មជាតិព្រៃទាំងអស់ហ្នឹង មិនមែនជាសត្រូវជាមួយយើងទេ។ វាគឺជាមិត្តរបស់មនុស្ស ហើយវាជួយមនុស្សរហូត ដូច្នេះយើងគួររក្សាទុកខ្លះសម្រាប់មនុស្សជំនាន់ក្រោយ»។
កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ រដ្ឋាភិបាលក៏បានកាត់ដីជាង៤៤ហិកតា ស្ថិតក្នុងដែនគម្របព្រៃឈើ២០០២ នៅភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នេះប្រគល់ឱ្យមន្ត្រីមួយចំនួន និងកូនស្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន២នាក់ផងដែរ ដោយសារតែពួកគាត់បានកាន់កាប់ដីនោះជាយូរឆ្នាំមកហើយ៕