អង្គការ សមាគម និងសហគមន៍ជាង៧០ បានស្នើក្រសួងបរិស្ថានបញ្ឈប់ការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសកម្មជនការពារព្រៃឈើ និងសមាជិកសហគមន៍នៅតាមមូលដ្ឋាន។
ការស្នើនេះបានធ្វើឡើងក្រោយពីមន្ត្រីបរិស្ថានខេត្តក្រចេះ បានឃាត់ខ្លួនលោក អ៊ូច ឡេង ប្រធានអង្គការក្រុមកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា និងជាម្ចាស់ពានរង្វាន់វីរជនការពារបរិស្ថានពិភពលោកឆ្នាំ២០១៦ រួមនឹងសកម្មជនព្រៃឈើ៤នាក់ទៀត កាលពីសប្តាហ៍មុន។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញនៅថ្ងៃទី០៩ ខែកុម្ភៈនេះ ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ចំនួន៧៤ បង្ហាញការសោកស្តាយដែលក្រសួងបរិស្ថានបានចូលរួមក្នុងយុទ្ធនាការធ្វើទុក្ខបុកម្នេញប្រឆាំងនឹងសកម្មជនការពារព្រៃឈើមួយចំនួននៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍ដដែលបានចាត់ទុកសកម្មភាពរបស់ក្រសួងថា មិនត្រឹមតែមិនបានជួយការពារព្រៃឈើចុងក្រោយនេះទេ ប៉ុន្តែបែរជាធ្វើទុក្ខទោសដល់ការខិតខំប្រឹងប្រែងអភិរក្សទៅវិញ ជាពិសេសនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់។
ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ទាំងនោះ បានស្នើដោយទទូចដល់ក្រសួង បញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះសកម្មជន និងគោរពសិទ្ធិគ្រប់ភាគីពាក់ព័ន្ធដែលមានបំណងចង់ឃើញព្រៃឡង់ត្រូវបានអភិរក្សនិងការពារឱ្យបានយូរអង្វែងបន្តទៀត។
សេចក្តីថ្លែងការណ៍រួមបញ្ជាក់ថា៖ «ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ គឺជាបញ្ហាកើតមានឥតឈប់ឈរមួយនៅកម្ពុជា ហើយយើងត្រូវការជាខ្លាំងនូវការចូលរួមរបស់មនុស្សនិងស្ថាប័នផ្សេងៗគ្នា រួមមាន ក្រសួងបរិស្ថាន អង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ និងអង្គការនៅក្នុងកម្រិតសហគមន៍មូលដ្ឋាន ដើម្បីធ្វើការដោយសេរីនិងឯករាជ្យក្នុងការការពារព្រៃឈើដែលនៅសេសសល់របស់យើងទាំងអស់គ្នា»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ គួរតែរៀនទទួលស្គាល់ការពិត កុំព្យាយាមការពារជនដែលមិនគោរពច្បាប់ និងកុំបំពេញការងារបង្កប់ដោយរបៀបវារៈនយោបាយ។
លោកបន្តថា ពាក់ព័ន្ធនឹងការឃាត់ខ្លួនជនទាំង៥នាក់នោះ គឺពួកគេបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ចហើយថា ពួកគេពិតជាបានលួចចូលនិងធ្វើសកម្មភាពដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិពិតមែន ដើម្បីកៀរគររកថវិកាជំនួយ ដែលនេះបញ្ជាក់ច្បាស់ពីចេតនាទុច្ចរិតនៃការធ្វើសកម្មភាពរបស់ពួកគេ និងគ្មានចេតនាសុចរិតណាមួយក្នុងការការពារព្រៃឈើឱ្យពិតប្រាកដឡើយ។
លោកបានគូសបញ្ជាក់ថា៖ «ក្រសួងបរិស្ថានគ្មានភាពចាំបាច់ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់ភាគីទី៣ណាមួយទេ ហើយក៏កាន់តែមិនចាំបាច់ថែមទៀតនៅក្នុងការឆ្លើយតបទៅនឹងរបាយការណ៍ដែលធ្វើសកម្មភាពខុសច្បាប់»។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ក្រសួងបរិស្ថាននៅតែគូសបញ្ជាក់ពីការអនុវត្តច្បាប់ដោយមិនលើកលែងចំពោះជនល្មើសណាម្នាក់ឡើយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីប្រសិទ្ធភាពលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិដែលមាន។
សកម្មជនការពារព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ម៉ិញ នី មានប្រសាសន៍ថា កន្លងមក ក្រុមបណ្តាញសហគមន៍ព្រៃឡង់ ក៏ធ្លាប់ត្រូវមន្ត្រីបរិស្ថានរារាំងនិងព្រមានចាត់វិធានការផ្លូវច្បាប់ ប្រសិនបើពួកគាត់ចុះល្បាតព្រៃដោយគ្មានការអនុញ្ញាតពីក្រសួងផងដែរ។
លោកបន្តថា៖ «សម្រាប់ខ្ញុំ វាពិបាកដែរ ព្រោះយើងមានឆន្ទៈទៅការពារព្រៃ ផលប្រយោជន៍របស់ជាតិសោះ បែរជាមានការរារាំង ស្តីបន្ទោសធ្ងន់ៗ ខ្ញុំក៏តូចចិត្តដែរ ពីព្រោះយើងប្រជាពលរដ្ឋ យើងធ្វើក្នុងនាមការពារធនធានទេ […] ទោះក្នុងកាលៈទេសៈណា ក៏យើងនៅតែតស៊ូ បើសូម្បីយើងមិនបានចូល [ក្នុងតំបន់ព្រៃឡង់] ក៏យើងនៅឃ្លាំមើលខាងក្រៅដែរ ព្រោះវាអត់ខុសនឹងច្បាប់ទេ ការតស៊ូដើម្បីការពារធនធានធម្មជាតិ»។
លោកបានស្នើដល់ក្រសួងបរិស្ថានពិចារណាឡើងវិញក្នុងការអនុញ្ញាតឱ្យសកម្មជនព្រៃឈើ ក៏ដូចជាបណ្តាញសហគមន៍ព្រៃឡង់បានចូលរួមចុះល្បាតព្រៃឱ្យបានទូលំទូលាយ ដើម្បីការពារធនធានធម្មជាតិនៅកម្ពុជា។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលនិងសហគមន៍ទាំង៧៤នោះ ការឃាត់ខ្លួនសកម្មជនព្រៃឈើទាំង៥នាក់ពីសំណាក់មន្ត្រីបរិស្ថាននោះ មិនមែនជាលើកទី១ដែលបានកើតឡើងនោះទេ។
សេចក្តីថ្លែងការណ៍បន្តថា កាលពីខែកុម្ភៈ ឆ្នាំមុន មន្ត្រីក្រសួងបរិស្ថានក៏បានបញ្ឈប់សកម្មភាពព្រះសង្ឃនិងសកម្មជនបរិស្ថានរាប់រយនាក់នៃបណ្តាញសហគមន៍ព្រៃឡង់ នៅពេលដែលពួកគេមានបំណងចូលទៅកាន់ព្រៃឡង់ ដើម្បីប្រារព្ធពិធីបុណ្យបំបួសដើមឈើប្រចាំឆ្នាំ និងការឃាត់ខ្លួនសកម្មជនព្រៃឈើចំនួន៤នាក់ នៅខែមីនាឆ្នាំមុន ខណៈដែលពួកគេកំពុងធ្វើរបាយការណ៍ស៊ើបអង្កេតពីការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅព្រៃឡង់៕