រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នៅថ្ងៃនេះ ហាក់បានស្តីបន្ទោសមន្ត្រីក្រោមឱវាទពីការស្ថាបនាផ្លូវគ្មានគុណភាព ដែលនាំឱ្យខាតបង់ថវិកា និងមុខមាត់ប្រទេសជាតិ។
ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងនេះ បានធ្វើឡើងក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅសម្រាប់ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ នាថ្ងៃអង្គារនេះ។
ក្នុងពិធីនោះ លោក ស៊ុន ចាន់ថុល ថ្លែងថា ផ្លូវមួយខ្សែពី«កំពត»ទៅ«វាលរេញ» ជាពិសេសចម្ងាយ២០គីឡូម៉ែតពី«ត្រពាំងល្ពៅ»ទៅ«វាលរេញ» លោកថា ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ លោកថា ត្រឹមមួយសប្តាហ៍ ផ្លូវនោះត្រូវជួសជុលឡើងវិញ និងផ្លូវមួយខ្សែទៀតពីខេត្តត្បូងឃ្មុំ ទៅខេត្តក្រចេះ ជាដើម។
លោក ស៊ុន ចាន់ថុល ថ្លែងថា៖ «អានេះជាបញ្ហាមួយធ្វើឱ្យមុខមាត់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឱ្យមុខមាត់រដ្ឋាភិបាលយើង ប្រទេសជាតិយើង មិនល្អ អ័ព្ទអួដោយសារផ្លូវ២០គីឡូម៉ែត្រធ្វើមិនបាន ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ។ ផ្លូវលេខ៧ ដូចគ្នា ត្បូងឃ្មុំ[ទៅ]ក្រចេះ ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ នេះជាបញ្ហាមួយ»។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា បញ្ហានេះនឹងបង្កផលប៉ះពាល់មុខមាត់រដ្ឋាភិបាលនិងប្រទេសជាតិ មន្ត្រីពាក់ព័ន្ធមិនពង្រឹងប្រសិទ្ធភាពឡើងវិញ។
លោក ចាន់ថុល ថ្លែងបន្តថា៖ «ប្រជារាស្ត្រលោកមិនសប្បាយចិត្តទេ ខ្ញុំក៏មិនសប្បាយចិត្តដែរ ថ្នាក់ដឹកនាំយើងក៏មិនសប្បាយចិត្តដែរ អាម៉ាស់មុខណាស់ ដោយសារធ្វើផ្លូវ២០គីឡូម៉ែត ធ្វើមិនបាន! អ៊ីចឹងត្រូវសិក្សាឱ្យបានដិតដល់ ម្តងនេះកុំធ្វើផែលៗ ម្តងនេះអត់បានទេ»។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍ថា ការស្តីបន្ទោសរបស់រដ្ឋមន្ត្រីពេលនេះ បានឆ្លុះបញ្ចាំងពីភាពរ៉ាំរ៉ៃនៃការធ្វើផ្លូវខ្វះគុណភាពនៅកម្ពុជា។
ប៉ុន្តែអ្នកឃ្លាំមើលរូបនេះផ្តល់យោបល់ថា ដើម្បីឱ្យការស្ថាបនាផ្លូវឬក៏ស្ពានមានគុណភាព វាទាល់តែក្រសួងសាម៉ីនេះអនុវត្តច្បាប់ស្តីពីការដេញថ្លៃ ឬលទ្ធកម្មឱ្យមានតម្លាភាព និងហ៊ានវះកាត់មន្ត្រីពុករលួយ។
លោក ប៉ិច ពិសី មានប្រសាសន៍ថា៖ «កិច្ចការហ្នឹងវាស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួងសាធារណការ។ យើងចាត់វិធានការផ្លូវច្បាប់ទៅ បើសិនជាមានការដេញថ្លៃណារកឃើញថា មានការប្រើប្រាស់អំពើពុករលួយបក្ខពួកខ្សែអី យើងប្រើច្បាប់ដើម្បីចាត់វិធានការផ្លូវច្បាប់ទៅ នោះយើងអាចធានាថា ការរើសអ្នកដែលដេញថ្លៃហ្នឹងជាក្រុមហ៊ុនត្រឹមត្រូវនិងមានសមត្ថភាពហើយ»។
នៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃទី២៨ ខែមករាឆ្នាំនេះ អង្គការតម្លាភាពអន្តរជាតិ ដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់ ដាក់ចំណាត់ថ្នាក់កម្ពុជាមានអំពើពុករលួយខ្ពស់ជាងគេក្នុងចំណោមប្រទេសទាំង១០ជាសមាជិកអាស៊ាន។
តាមរបាយការណ៍ដដែលនោះ ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦០ក្នុងចំណោមប្រទេស និងដែនដីសរុប១៨០ ដែលបានដាក់បញ្ចូលក្នុងការវាយតម្លៃអំពីបញ្ហាអំពើពុករលួយ។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញក្តីសង្ឃឹមថា តាមរយៈសន្និបាតបូកសរុបការងារនៅថ្ងៃនេះ ក្រុមការងារក្រសួងនឹងរកឃើញភាពខ្លាំងរបស់ខ្លួនសម្រាប់ពង្រឹងប្រសិទ្ធភាពការងារទៅថ្ងៃអនាគត៕