វត្តមានជនជាតិចិនបានជះឥទ្ធិពលខ្លាំងដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ កំណើនជនជាតិចិនបណ្ដាលឱ្យហាងឆេងដីធ្លី ផ្ទះសំបែង និងអចលទ្រព្យឡើងខ្ពស់ ពិសេសគឺកំណើនយ៉ាងគំហុកនៃការដ្ឋានសំណង់ធំៗ ដែលរួមមាន សណ្ឋាគារ ខុនដូ សំណង់កាស៊ីណូ ជាដើម។
នៅពេលជនជាតិចិនភាគច្រើនបានចាកចេញទៅវិញ បណ្ដាលឱ្យខេត្តនេះផ្ដើមសម្បូរការដ្ឋានសំណង់ធំៗផ្អាកដំណើរជាបន្តបន្ទាប់ និងមានហាងគ្មានអ្នកជួលជាច្រើនកន្លែង ដែលជាបន្ទុកថ្មីមួយទៀតដែលចាំបាច់ត្រូវរកដំណោះស្រាយ ។
ការដ្ឋានសំណង់ផ្អាកដំណើរ ព្រោះរង់ចាំវត្តមានចិនត្រលប់វិញ
ស្ថិតនៅជាន់ខាងក្រោមនៃអគារសង់ពីដែកកម្ពស់៥ជាន់ដែលសង់មិនទាន់រួចរាល់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ មានខ្ទមសង់ពីស័ង្កសីតួចមួយជាជម្រករបស់គ្រួសារមួយកំពុងស្នាក់នៅទីនេះ។ ខ្ទមនោះជាជម្រករបស់បុរសសន្តិសុខ វ័យ៧០ឆ្នាំ ឈ្មោះ ផៃ សូផាត។
សក់រួញ ពាក់អាវដៃខ្លីពណ៌ស កាន់បារីក្នុងដៃផងនោះ លោក សូ ផាត រៀបរាប់ថា គ្រួសារគាត់រស់នៅក្នុងអគារនេះតាំងពីខែកក្កដា ឆ្នាំ២០១៩ មួយខែក្រោយព្រឹត្តិការណ៍បាក់អគារកម្ពស់៧ជាន់ នៅខេត្តព្រះសីហនុ។ លោកបញ្ជាក់ថា ថៅកែចិនអនុញ្ញាតឱ្យលោករស់នៅ ដើម្បីឱ្យលោកជួយមើលការខុសត្រូវសម្ភារសំណង់មួយចំនួនរួមមាន ដែក ស៊ីម៉ង់ត៍ ដែលទុកនៅក្នុងអគារនោះ។
លោកនិយាយថា៖ «ខ្ញុំជាសន្តិសុខយាមនៅការដ្ឋានសង់អគារនេះ ដល់ពេលផ្អាកការដ្ឋាន ថៅកែចិននោះបានឱ្យខ្ញុំស្នាក់នៅទីនេះសិន ដោយគាត់ប្រាប់ថា អគារនេះចិនផ្អាកមិនទាន់កំណត់ថ្ងៃណាមកសង់បន្តនៅឡើយទេ»។
លោក សូ ផាត បន្តថា អគារដែលលោកកំពុងស្នាក់នៅនេះ ត្រូវបានផ្អាកបន្ទាប់ពីអាជ្ញាធររឹតបន្តឹងចំពោះសំណង់គ្មានគុណភាព។
ភរិយារបស់លោក ផៃ សូផាត ជាស្ត្រីវ័យជាង៥០ឆ្នាំ ឈ្មោះ កែវ នេត បាននិយាយដែរថា គ្រួសារគាត់ចាប់ផ្ដើមខ្វះខាតខ្លាំងនៅពេលដែលផ្អាកការដ្ឋានសំណង់ជាច្រើនមកនោះ។
អ្នកស្រីថា៖ «កាលមុន ខ្ញុំក៏ជាសន្តិសុខដូចតា [ប្តីអ្នកស្រី] ដែរ ដល់ពេលគេផ្អាកការដ្ឋានទៅ ខ្ញុំក៏អត់ការងារធ្វើ។ កូនប្រុសខ្ញុំជាជាង២នាក់នោះ ក៏ខ្សត់ការងារធ្វើដែរ [មានតិចតួច]។ គ្រួសារយើងពិបាកណាស់សព្វថ្ងៃនេះ ពិសេសរឿងម្ហូបចំណីអីហ្នឹង ព្រោះអ្នករកចំណូលបាន មានតែប្ដីខ្ញុំម្នាក់»។
គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២១នេះ ស្ទើរគ្រប់ផ្លូវសំខាន់ៗក្នុងក្រុងព្រះសីហនុ មានការដ្ឋានសំណង់ខ្ពស់ៗជាច្រើន។ គ្រាន់តែមួយជុំផែកាណូតទេសចរណ៍ និងឆ្នេរអូរឈើទាល យ៉ាងហោចណាស់ក៏មានការដ្ឋានធំៗចំនួន៥ទីតាំងដែរដែលបានផ្អាកដំណើរសាងសង់បន្ត ដោយអគារខ្លះសង់បង្គុំសំណង់រួចរាល់កម្ពស់រាប់សិបជាន់ ចំណែកអគារខ្លះទៀតសង់បានត្រឹមបូកបាយអរបិទជិត នៅតែរចនា ខណៈអគារខ្លះទៀតសង់បានត្រឹមគ្រោងដែកប៉ុណ្ណោះ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី យល់ថា ការផ្អាកដំណើរការការដ្ឋានសំណង់នេះ អាចបណ្តាលមកពីការអនុវត្តច្បាប់សាងសង់តឹងរ៉ឹងជាងមុន និងការថមថយនៃវត្តមានជនជាតិចិន។
អ្នកស្រីមានប្រសាសន៍ថា៖ «បន្ទាប់ពីបាក់អគារនោះមក ការដ្ឋានខ្លះផ្អាកតាំងពីអាជ្ញាធរចុះពិនិត្យឃើញថាអត់មានច្បាប់ អត់មានគុណភាព មានរាប់សិបកន្លែងឯណោះ ប៉ុន្តែក៏មានការដ្ឋានផ្សេងៗទៀត ផ្អាកដោយសារចិនទៅវិញដែរ»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ទទួលស្គាល់ថា មានអគារមួយចំនួនបានផ្អាកដំណើរការសាងសង់ ដោយសារបញ្ហាផ្សេងៗ។ ប៉ុន្តែលោកមិនទាន់អាចរកទិន្នន័យការដ្ឋានសំណង់ផ្អាកដំណើរនោះបាននៅឡើយទេ។
របាយការណ៍របស់រដ្ឋបាលខេត្តព្រះសីហនុ បង្ហាញថា សំណង់អគារខ្ពស់ៗកម្ពស់ពី៥ជាន់ដល់៥៣ជាន់ ដែលមានលិខិតអនុញ្ញាតឱ្យសាងសង់ គិតចាប់ពីឆ្នាំ២០១៧ ដល់ខែមករា ឆ្នាំ២០២១នេះ មានចំនួន៥៧៨គម្រោង។ ប៉ុន្តែរដ្ឋបាលខេត្តមិនបានបញ្ជាក់ថា មានសំណង់អគារប៉ុន្មានសង់រួច ប៉ុន្មានមិនទាន់សង់ និងសំណង់ប៉ុន្មានកន្លែងបានផ្អាកនោះឡើយ។
ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី លោក ចេង ស្រុង មិនអាចទាក់ទងតាមទូរសព្ទបានឡើយទេ។
ក្រុងព្រះសីហនុលម្អដោយស្លាកជួលហាង
រដ្ឋបាលខេត្តព្រះសីហនុ ឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ មានជនជាតិចិនប្រមាណជាង១០០ ០០០នាក់ រស់នៅ ធ្វើការ និងប្រកបរបររកស៊ីនៅទីនោះ លុះដល់ខែមេសា ឆ្នាំ២០២០ ជនជាតិចិននៅខេត្តនេះបានថមថយមកនៅត្រឹមជាង១០ ០០០នាក់ប៉ុណ្ណោះ។
នៅដើមខែកុម្ភៈ ឆ្នាំ២០២១នេះ នៅតាមបណ្ដោយផ្លូវនានាក្នុងក្រុងព្រះសីហនុ គេសង្កេតឃើញ មានអគារ ផ្ទះ ហាងទំនិញ ដាក់ជួលព្រោងព្រាតស្ទើរមិនលោះផ្លូវណាមួយឡើយ។
អ្នកមើលការខុសត្រូវតូប និងសណ្ឋាគាររបស់ជនជាតិចិនដែលដាក់ជួលនៅសង្កាត់លេខ២ ខេត្តព្រះសីហនុ លោក សេង ហ៊ត មានប្រសាសន៍ថា តាំងពីជនជាតិចិនភាគច្រើនបានចាកចេញទៅ ហាងឆេងផ្ទះជួលនិងតូបជួលក៏ធ្លាក់ថ្លៃ មិនតែប៉ុណ្ណោះរកអ្នកជួលមិនបានទៀតផង។ លោកថា តូបរបស់គាត់បានដាក់ជួលតាំងពីពាក់កណ្ដាលឆ្នាំមុនមក ប៉ុន្តែមិនមានអ្នកមកជួលឡើយ។
លោកនិយាយថា៖ «ចិនជាមិត្តភក្តិខ្ញុំហ្នឹង គាត់បានជួលដីសង់អគារ មានសណ្ឋាគារនិងតូប ទុកឱ្យខ្ញុំមើលការខុសត្រូវរកម៉ូយដាក់ជួល តែរកអ្នកជួលមិនបានទេ។ តម្លៃជួលតូបនៅម្ដុំអូរឈើទាល ដែលបងឃើញនេះ កាលចិននៅ យ៉ាងតិចក៏ជួលបានមួយខែ៥ពាន់ដុល្លារដែរ តែឥលូវខ្ញុំដាក់ជួលតែ៩០០ដុល្លារប៉ុណ្ណោះ គឺមានតែអ្នកសួរ ហើយក៏ស្ងាត់បាត់ឈឹងទៅ»។
ចំណែកអ្នករត់រ៉ឺម៉កកង់បី លោក ហេង សាវុធ ថ្លែងប្រាប់វីអូឌីថា ការចាកចេញរបស់ជនជាតិចិនភាគច្រើន ក៏អំណោយផលសម្រាប់អ្នកក្រីក្រដែលជួលបន្ទប់គេរស់នៅក្នុងក្រុងព្រះសីហនុដែរ។
លោកថា៖ «កាលពីចិននៅ ផ្ទះជួលក្នុងក្រុងថ្លៃៗណាស់ មួយបន្ទប់បីរយដុល្លារអីនោះ ឥលូវធូរបន្តិចហើយ នៅក្នុងក្រុងត្រឹមតម្លៃ៥០ទៅ៦០ដុល្លារ ដូច្នេះអ្នកក្រដូចពួកយើងអាចជួលនៅបាន»។
ប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យនៅកម្ពុជា លោក ច្រឹក សុនីម មានប្រសាសន៍ថា ដំណើរជំនួញដែលរួមមានការទិញលក់ឬជួលអចលនទ្រព្យនៅខេត្តព្រះសីហនុ បានថមថយជាងមុន គឺមុនពេលផ្ទុះឡើងនូវជំងឺកូវីដ១៩ និងការបិទល្បែងអនឡាញ។ លោកថា ការថយចុះនេះបាននាំឱ្យតម្លៃអចលនទ្រព្យនៅទ្រឹងឬធ្លាក់ថ្លៃ។
លោកនិយាយថា៖ «ជំនួញវិស័យនេះនៅកំពង់សោមធ្លាក់គួរសម ប៉ុន្តែវានឹងអាចងើបឡើងវិញ ហើយចិនទំនងជានឹងត្រលប់មកវិញពេលដែលស្ថានភាពកូវីដ១៩ធូរស្រាល»។
ការស្ដារនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ រដ្ឋាភិបាលផ្ដើមដោះស្រាយផ្នែកហេដ្ឋារចនាសម្ព័ន្ធមុនគេនៅខេត្តព្រះសីហនុ បន្ទាប់ពីវិស័យនេះខ្ទេចខ្ទាំដោយសារកំណើនសំណង់ធំៗរបស់ចិន។ ស្របពេលដែលជនជាតិចិនបានចាកចេញពីខេត្តនេះ រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តកញ្ចប់ថវិកាជាង៣០០ដុល្លារ សម្រាប់ស្ដារហេដ្ឋារចនាសម្ព័ន្ធចំនួន៣៤ខ្សែដែលខ្ទេចខ្ទាំ ដើម្បីលើកកម្ពស់សោភ័ណភាព និងបម្រើដល់ការអភិវឌ្ឍក្នុងក្រុងព្រះសីហនុ។
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសថា ផ្លូវខេត្តទាំង៣៤ខ្សែ នឹងសង់រួចរាល់នៅត្រឹមខែមីនាដើមឆ្នាំ២០២១នេះ ហើយនឹងត្រូវដាក់សម្ពោធជាផ្លូវការដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខែមេសាខាងមុខ។
ទោះជាយ៉ាងណាក្ដី ការពង្រីកផ្លូវក្នុងខេត្តព្រះសីហនុ ក៏បានប៉ះពាល់ដល់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋម្ចាស់ស្រុកនៅទីនោះដែរ។
ជាក់ស្តែង ការពង្រីកផ្លូវមួយខ្សែក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ឈ្មោះ «ផ្លូវ៧មករា» បានបង្កឱ្យពលរដ្ឋរស់នៅសងខាងផ្លូវ កើតទុក្ខមិនសុខចិត្ត បន្ទាប់ពីអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន ចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ ខែមករា ដោយបង្គាប់ឱ្យពលរដ្ឋរស់ទីនោះ ត្រូវរើផ្ទះសំបែងជាកំហិតក្នុងរយៈពេលមួយខែ។
ប្រជាពលរដ្ឋឱ្យដឹងថា គម្រោងពង្រីកផ្លូវនេះ ប៉ះពាល់ពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជាប់របងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានចំនួន១៦៨គ្រួសារ ស្មើនឹង១២៨ខ្នងផ្ទះ ដែលមានសមាជិកសរុបប្រមាណជិត១ ០០០នាក់។ ក្នុងនោះក៏មានក្រុមគ្រួសារមន្ត្រីរាជការ កងទ័ពជើងទឹក ជើងគោក ក្រុមគ្រួសារគ្រូបង្រៀន គ្រូពេទ្យ មន្ត្រីសុខាភិបាល និងអាជីវករ។ល។ នៅផ្នែកម្ខាងទៀតនៃផ្លូវ មានអគារធំៗកម្ពស់ខ្ពស់ៗលើសពី៥ជាន់ យ៉ាងតិចណាស់៥អគារដែលកំពុងសាងសង់ ប៉ុន្តែមិនប៉ះពាល់ដោយសារការពង្រីកផ្លូវនេះទេ។
មន្ត្រីយោធាជាន់ខ្ពស់ប្រចាំខេត្តព្រះសីហនុ រស់នៅតាមបណ្ដោយផ្លូវនេះ ដែលសុំមិនបញ្ចេញឈ្មោះ ថ្លែងប្រាប់ វីអូឌី ថា៖ «អាជ្ញាធរខេត្តដាក់កំណត់ឱ្យយើងរើចេញនៅថ្ងៃទី២៨កុម្ភៈនេះ ប៉ុន្តែខ្ញុំនិងអ្នកភូមិមិនចេញទៅណាទេ ព្រោះយើងមានទ្រព្យតែប៉ុណ្ណឹង។ យើងនៅក្នុងផ្ទះយើង ពួកយើងអត់ហ៊ានទៅណាទេ ខ្លាចគេវាយកម្ទេចផ្ទះពួកយើង»។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា៖ «ខេត្តព្រះសីហនុចាំបាច់ត្រូវអភិវឌ្ឍមែន តែការអភិវឌ្ឍទាំងអស់ត្រូវតែគិតពីការគោរពសិទ្ធិមនុស្ស»។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បញ្ជាក់ថា អាជ្ញាធរខេត្តនឹងអនុវត្តតាមសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន។ លោកថា ការពង្រីកផ្លូវ«៧មករា»នេះ គឺធ្វើឡើងតាមប្លង់មេសុរិយោដីខេត្តព្រះសីហនុ មិនពាក់ព័ន្ធនឹងគម្រោងផ្លូវ៣៤ខ្សែរបស់រដ្ឋាភិបាលនោះទេ។
ចំពោះផ្លូវទាំង៣៤ខ្សែវិញ លោក ឃាង ភារម្យ អះអាងថា ជាផ្លូវគំរូដែលមានប្រយោជន៍ទាំងផ្នែកដឹកជញ្ជូន ធ្វើដំណើរទៅមក ជាពិសេសគឺលើកកម្ពស់សោភ័ណភាពក្រុងតែម្ដង។ លោករំពឹងថា ចំនួនភ្ញៀវទេសចរនឹងកើនឡើងនៅពេលដែលផ្លូវទាំង៣៤ខ្សែស្ថាបនារួចរាល់។
លោកមានប្រសាសន៍ថា៖ «ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តរបស់យើងមានការរីកចម្រើន និងបន្តការអភិវឌ្ឍតាមផែនការដែលរដ្ឋាភិបាលបានដាក់ចេញ។ ផ្លូវទាំងនេះនឹងទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត និងរកស៊ីកាន់តែច្រើន»។
អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ការដ្ឋានសំណង់ផ្អាកដំណើរការ និងហាងគ្មានមនុស្សជួល ធ្វើឱ្យប៉ះពាល់ខ្លាំងដល់សោភ័ណភាពខេត្តព្រះសីហនុ និងក្លាយជាបន្ទុកថ្មីមួយទៀតរបស់រដ្ឋាភិបាលកម្ពុជា។
លោកបានថ្លែងថា៖ «ក្នុងរយៈពេលខ្លីមិនជាបញ្ហាទេ សំណង់ដែលមិនទាន់សង់រួចទាំងនោះនៅតែជាទ្រព្យ បើជំងឺកូវីដ១៩រហ័សចប់ ចិនមកវិញនោះ ដំណើរការអាជីវកម្មទាំងនោះនឹងដំណើរការវិញ។ ប៉ុន្តែបើការដ្ឋានផ្អាក ហាងអត់អ្នករកស៊ី បន្តអូសបន្លាយយូរពេក ចប់កូវីដហើយនៅតែទុកចោល នោះចាំចាច់ត្រូវមានអន្តរាគមន៍ពីរាជរដ្ឋាភិបាល មិនអាចទុកឱ្យទីក្រុងសេដ្ឋកិច្ចទេសចរណ៍មួយទាំងមូល សម្បូរដោយអគារគេបោះបង់ចោលនោះឡើយ»៕