ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញករណីវិជ្ជមានកូវីដ១៩ចំនួន៣៥ករណីថ្មី ដោយ ក្នុងនោះមាន៣១នាក់ជាអ្នកឆ្លងក្នុងសហគមន៍ដែលធ្វើឱ្យចំនួនអ្នកឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់៧៦នាក់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដែលចេញនៅព្រឹកនេះ បានឱ្យដឹងថាអ្នកឆ្លងកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទាំង៣១ករណីនោះមានជនជាតិចិន១៩នាក់ កូរ៉ខាងត្បូងម្នាក់ដែលពួកគេស្នាក់នៅរាជធានីភ្នំពេញ ខណៈ១១នាក់ទៀតត្រូវបានរកឃើញលើជនជាតិខ្មែរដែលក្នុងនោះ១០នាក់នៅរាជធានីភ្នំពេញ និងម្នាក់ទៀតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ដោយឡែក៤រកណីថ្មីទៀតជាករណីនាំចូលដែលក្នុងនោះត្រូវបានរកឃើញលើបុរសជនជាតិខ្មែរវ័យ៤៣ដែលមកពីប្រទេសហ្គាណាមកដល់កម្ពុជានាថ្ងៃទី៨ខែកុម្ភៈ ខណៈ៣ករណីទៀតត្រូវបានរកឃើញលើជនជាតិចិន៣នាក់ដែលធ្វើដំណើរមកពីចិនហើយមកដល់កម្ពុជានាថ្ងៃទី១១ខែកម្ភៈ។
តាមក្រសួងសុខាភិបាល បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន និងមណ្ឌលសុខភាពចាក់អង្រែ។
ក្រៅពីករណីវិជ្ជមានចំនួន៣៥នាក់ថ្មី ក្រសួងក៏បានប្រកាសឱ្យដឹងពីការព្យាបាលជាសះស្បើយនូវបុរសនិងស្រ្តីជនជាតិឥណ្ឌា២នាក់ផងដែរ។
គិតត្រឹមព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ កម្ពុជារកឃើញអ្នកមានកូវីដ១៩ចំនួន៥៦៨នាក់ ដែលក្នុងនោះព្យាបាលជាសះស្បើយ ៤៧៥នាក់ និងកំពុងសម្រាកព្យាបាលមាន៨៣នាក់៕