សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលបើកសវនាការគ្រប់សំណុំរឿងទាំងអស់ ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីកម្ពុជាបានផ្ទុះជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាថ្មីទៀត។
ក្នុងសេចក្ដីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ការលើកពេលសវនាការគ្រប់សំណុំរឿងទាំងអស់ដែលបានគ្រោងទុក គឺធ្វើឡើងដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍«២០កុម្ភៈ»។
សេចក្ដីជូនដំណឹងដដែល បន្តថា តុលាការនឹងកំណត់កម្មវិធីសវនាការឡើងវិញ ក្រោយពីស្ថានភាពជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ បានធូរស្រាល។
សាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា បើទោះបីជាមានការលើកពេលសវនាការក៏ដោយ ប៉ុន្តែការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ និងការផ្ដល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋនៅដំណើរការធម្មតា ដោយថ្នាក់ដឹកនាំនិងមន្ដ្រីទាំងអស់ត្រូវអនុវត្តនូវវិធានការអនាម័យ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាត ចៀសវាងការប្រមូលផ្ដុំ និងតាមដានសុខភាពជាប្រចាំ។
ក្នុងអំឡុងពេលដែលសាលាដំបូងរាជធានីភ្នំពេញ ផ្អាកសវនាការដែលបានគ្រោងទុកនោះ ក៏មានសវនាការសកម្មជនមាតាធម្មជាតិ ៣នាក់ ដែលគ្រោងធ្វើបន្តនៅថ្ងៃទី២៤ ខែកុម្ភៈ និងសវនាការសំណុំរឿងអតីតសកម្មជនគណបក្សប្រឆាំង ចំនួន៦០នាក់ ដែលគ្រោងធ្វើបន្តនៅថ្ងៃទី២៥ ខែកុម្ភៈ ផងដែរ។
ចំណែកនៅថ្ងៃទី២ ខែមីនា សវនាការបន្តលើសំណុំរឿង ក្រុមយុវជនខ្មែរថាវរៈ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងសកម្មជននិងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ និងការបន្តសវនាការសំណុំរឿងលោក រ៉ុង ឈុន និងយុវជនពីរនាក់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក៏ត្រូវបានលើកពេលរហូតដល់តុលាការកំណត់កម្មវិធីសវនាការឡើងវិញផងដែរ។
ចំណែកអ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល លោក សូ សារិន មានប្រាប់ វីអូឌី នៅថ្ងៃនេះថា លោកមិនទាន់ទទួលព័ត៌មានពីថ្នាក់ដឹកនាំសាលាដំបូងខេត្ត ជុំវិញការប្រកាសលើកពេលគ្រប់សវនាការទាំងអស់នៅឡើយទេ។
គិតត្រឹមព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៥៩៣នាក់ អ្នកព្យាបាលជាសះស្បើយ ចំនួន៤៧៥នាក់ និងកំពុងសម្រាកព្យាបាល ចំនួន១១៦នាក់។ ក្នុងចំណោមអ្នកជំងឺទាំង៥៩៣នាក់ អ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគន៍ «២០កុម្ភៈ» មានចំនួន៩៩នាក់៕