បណ្តាញ​ព្រៃឡង់​នៅ​ខេត្ត​២​ ត្រូវ​អាជ្ញាធរ​ឱ្យ​ធ្វើ​កិច្ច​សន្យា​ឈប់​ចូល​ធ្វើ​សកម្ម​ភាព​នានា​ក្នុង​ព្រៃ​ឡង់​​

ប៉ូលីសប្រដាប់អាវុធតាមដានសង្កេតមើលអ្នកចូលរួមពិធីសូត្រមន្តនៅព្រៃការពារព្រៃឡង់ ឆ្នាំ២០១៩។ (លីកាដូ)

បណ្តាញសហគមន៍ព្រៃឡង់នៅខេត្តចំនួន២ អះអាងថា អាជ្ញាធរមូលដ្ឋានបាន​បង្ខំឱ្យធ្វើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពក្នុងព្រៃមួយនេះតទៅទៀត ក្រោមហេតុផលថា បណ្តាញមួយនេះធ្វើសកម្មភាពពុំមានច្បាប់អនុញ្ញាត។

កាលពីម្សិលមិញនិងថ្ងៃនេះ សមាជិកបណ្តាញសហគមន៍ព្រៃឡង់នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ ត្រូវបានអាជ្ញាធរនៃខេត្តទាំង២ កោះហៅទៅជួបនិងឱ្យធ្វើកិច្ចសន្យាឈប់ធ្វើសកម្មភាពនានានៅក្នុងតំបន់ការពារ​​មួយនេះតទៅទៀត។

តំណាងគណៈកម្មការបុណ្យព្រៃឡង់ និងជាសមាជិកបណ្តាញព្រៃឡង់ព្រះវិហារ លោក ខេម សុឃី ប្រាប់ វីអូឌី បន្ថែមនៅថ្ងៃអង្គារនេះថា បណ្តាញសហគមន៍ព្រៃឡង់ ប្រកាសគ្រោង​​ធ្វើពិធីបុណ្យព្រៃឡង់ និងបំបួសដើមឈើ នៅថ្ងៃទី២៥ និង២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប៉ុន្តែត្រូវបានអាជ្ញាធរ​ស្រុក​រវៀង មិនអនុញ្ញាត និងបង្ខំឱ្យ​ធ្វើកិច្ចសន្យា​ឈប់ចូល​ធ្វើសកម្មភាពនានាក្នុងតំបន់ការពារមួយនេះថែមទៀតផង។

លោកចាត់ទុកការមិនអនុញ្ញាតរបស់អាជ្ញាធរនេះថា ជាការរំលោភនិងបំបិទសិទ្ធិរបស់ពលរដ្ឋស្រឡាញ់បរិស្ថាននិងព្រៃឈើ។

លោកបន្ថែមថា៖ «នេះជាទង្វើបិទសិទ្ធិមួយសម្រាប់ប្រជាពលរដ្ឋដែលចូលរួមការពារព្រៃឈើនិងស្រឡាញ់ធនធានធម្មជាតិដែលជារបស់ខ្លួន ហើយទង្វើនេះជាការគំរាមកំហែងនិងបង្ខិតបង្ខំពួកយើង គ្រាន់តែចូលធ្វើពិធីអីមួយតិចតួច​មិនបាន»

លោក ខេម សុឃី បន្ថែមថា បណ្តាញសហគមន៍​ព្រៃឡង់ អាចផ្អាកមិនធ្វើពិធីបុណ្យនិងបំបួសដើមឈើក្នុងតំបន់ព្រៃឡង់​បាន ប៉ុន្តែបណ្តាញនេះ​មិនអាចបញ្ឈប់សកម្មភាពចុះល្បាតឬការពារព្រៃមួយនេះបានឡើយ។

នៅ​ក្នុងកិច្ចសន្យាចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក ខេម សុឃី និងសមាជិកព្រៃឡង់ក្នុងខេត្តព្រះវិហារផ្សេងទៀត ត្រូវបានអាជ្ញាធរស្រុករវៀង ហាមមិនឱ្យចូលក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ ជាក្រុមឬជាមួយអង្គការសមាគមទាំងឡាយណាដែលមិនបានចុះបញ្ជីនោះទេ។

កិច្ចសន្យាដដែលនេះបន្តថា រាល់ការចេញចូលតំបន់ព្រៃឡង់ជាលក្ខណៈក្រុម ដើម្បីធ្វើសកម្មភាពផ្សេងៗត្រូវស្នើសុំ និងមានការអនុញ្ញាតពីអាជ្ញាធរដែនដីនិងក្រសួងបរិស្ថានជាមុនសិន ហើយបានព្រមានចាត់វិធានការផ្លូវច្បាប់ផងដែរ ប្រសិនបើបណ្តាញព្រៃឡង់ទាំងនោះ​មិនគោរពតាម។

ប្រធានបណ្តាញសហគមន៍ព្រៃឡង់ លោក ហឿន សុភាព ប្រាប់ វីអូឌី ថា អាជ្ញាធរខេត្តកំពង់ធំ នៅថ្ងៃអង្គារ​​នេះ បានកោះហៅ​​សមាជិក​បណ្តាញព្រៃឡង់ខេត្តនេះឱ្យទៅជួប និងបានបង្ខំឱ្យផ្តិតមេដៃ​លើកិច្ចសន្យាឈប់ចូលធ្វើសកម្មភាពនានា​ក្នុងព្រៃឡង់ដែរ ប៉ុន្តែពួកគាត់មិនធ្វើតាមនោះទេ។

លោកបន្ថែមថា៖ «បើយើងធ្វើកិច្ចសន្យាឱ្យគេ វាហាក់ដូចជាយើង​បិទសិទ្ធិសេរីភាពខ្លួនឯង។ អ៊ីចឹងខាងខ្ញុំអត់បាន​ផ្តិតមេដៃឱ្យទេ។ ខ្ញុំថា សកម្មភាពរបស់អាជ្ញាធរនេះជាការបិទបាំងសិទ្ធិសេរីភាពយើង មិនឱ្យចូលរួមការពារព្រៃឈើ។ វាអត់ស៊ីគ្នាជាមួយរដ្ឋធម្មនុញ្ញនិងច្បាប់ផ្សេងៗទៀត អ៊ីចឹងករណីអាជ្ញាធរនិងក្រសួងបរិស្ថាន​ធ្វើ មិនសមស្របតាមគោលការណ៍​ច្បាប់ទេ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ បានទេ នៅថ្ងៃអង្គារនេះ។

ចំណែកអភិបាលរងស្រុក លោក មុយ វុន និង​នាយករដ្ឋបាលស្រុក លោក ជិម សុវណ្ណ បង្វែរ​ឱ្យសួរខាងការិយាល័យបរិស្ថាន​ស្រុក​វិញ។

ប្រធានការិយាល័យបរិស្ថានស្រុករវៀង លោក តូច សុភី មានប្រសាសន៍ថា អាជ្ញាធរមិនបង្ខិតបង្ខំ​ឱ្យបណ្តាញព្រៃឡង់ ធ្វើកិច្ចសន្យាហាមចូលធ្វើសកម្មភាពព្រៃឡង់នោះទេ។

មន្ត្រីបរិស្ថានរូបនេះបន្តថា ករណីអាជ្ញាធរហៅបណ្តាញព្រៃឡង់ជួបប្រជុំកាលពីម្សិលមិញនោះ គឺដើម្បីស្តាប់លិខិត​បដិសេធរបស់នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើង​បឹងទន្លេសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ ដែលមិនឱ្យអនុញ្ញាតបណ្តាញ​ព្រៃឡង់ធ្វើពិធីផ្សេងៗនៅក្នុងព្រៃឡង់តែប៉ុណ្ណោះ។

លោកបន្ថែមថា៖ «ក្នុងអង្គប្រជុំហ្នឹង យើងមិនបានហៅគាត់ឱ្យទៅធ្វើកិច្ចសន្យាទេ។ កិច្ចសន្យាហ្នឹងធ្វើព្រាងទេ ហើយអានឱ្យគាត់ស្តាប់ បើគាត់មិនពេញចិត្ត គាត់អាចបដិសេធចេញបាន ពីព្រោះកិច្ចសន្យាមិនអាចបង្ខំគាត់ទេ»

ប្រធានផ្នែកស្រាវជ្រាវ និងតស៊ូមតិនៅអង្គការបណ្ដាញយុវជនកម្ពុជា លោក ហេង គីមហុង មានប្រសាសន៍ថា ករណីអាជ្ញាធរហាមមិនឱ្យបណ្តាញព្រៃឡង់ សហគមន៍នានា និងអង្គការសង្គមស៊ីវិល ចូលធ្វើពិធីបុណ្យ​និងសកម្មភាពផ្សេងៗក្នុងព្រៃឡង់ ជាការរឹតត្បិតសិទ្ធិសេរីភាពទាំងជំនឿប្រពៃណី និងសាសនា។ លោកបន្តថា ការហាមនេះទៀត នឹងធ្វើឱ្យបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់នៅតែបន្តកើតមាន។

លោកបន្ថែមថា៖ «យើងបានដឹងហើយប៉ុន្មានថ្ងៃមកនេះ កងរាជអាវុធហត្ថនៅលើផ្ទៃប្រទេសបានផ្សព្វផ្សាយជាបន្តបន្ទាប់ករណីនៃការរកឃើញកំណាត់ឈើនិងទីតាំងនៃការកាប់បំផ្លាញព្រៃឈើជាច្រើននៅក្នុងតំបន់ព្រៃឡង់ ដែលមានន័យថា បទល្មើសកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារនិងក្បែរតំបន់ការពារ ឬការកាប់ឈើខុសច្បាប់ហ្នឹង នៅតែបន្តកើតមាន។ សូម្បីតែឥលូវនេះ ខ្ញុំនៅក្នុងសហគមន៍ព្រៃក្បាលខ្លា គឺនៅខាងមុខខ្ញុំ មានគោយន្តរាប់សិបគោយន្តកំពុងដឹកឈើចេញពីព្រៃឡង់»។

កាលពី​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិ​ដីគោក​ខាងជើង​បឹងទន្លេសាប នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ បាន​ចេញ​លិខិត​មួយ​បដិសេធ​មិន​ឱ្យ​បណ្តាញ​ព្រៃ​ឡង់​ធ្វើបុណ្យ​ព្រៃ​ឡង់​និង​បំបួស​ដើមឈើ ដោយ​លើកឡើង​ថា បណ្តាញ​មួយ​នេះ​មិនបាន​ចុះបញ្ជី​ទទួលស្គាល់​ផ្លូវច្បាប់ ជាពិសេស​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ សកម្មជនការពារព្រៃឈើ លោក អ៊ូច ឡេង និងសកម្មជនការពារព្រៃឈើ៤នាក់ទៀត ត្រូវបានអាជ្ញាធរខេត្តក្រចេះចាប់ខ្លួន និងបានបញ្ជូនទៅតុលាការ ក្រោយពីសកម្មជនទាំងនោះបានចូលព្រៃឡង់​ ដើម្បីឃ្លាំមើលបទល្មើសព្រៃឈើ។ ប៉ុន្តែតុលាការសម្រេចដោះលែង​ពួកគេវិញ ក្រោយពីធ្វើកិច្ចសន្យាឈប់ចូលឃ្លាំមើលបទល្មើសព្រៃឈើនៅតំបន់ដែលគ្មានការអនុញ្ញាតពីស្ថាប័នជំនាញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ