ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឱ្យផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់នៅក្រុងព្រះសីហនុ និងស្រុកស្ទឹងហាវ រួមនឹងអាជីវកម្មហាត់កីឡានៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ជាបណ្ដោះអាសន្ន រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងសហគមន៍។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានលើកឡើងថា ការសម្រេចផ្អាកនេះធ្វើឡើងដោយសារតែស្ថានភាពនៃការចម្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានលក្ខណៈធំជាងនិងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងដើម្បីចៀសវាងការឆ្លងជំងឺនេះចូលក្នុងសាលារៀន។
ទោះយ៉ាងណា ក្រសួងបានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការបង្រៀននិងរៀនតាមប្រព័ន្ធអេឡិចត្រូនិច។
សេចក្ដីជូនដំណឹងដាច់ដោយឡែកមួយទៀតរបស់ក្រសួង ក៏បានឱ្យផ្អាកអាជីវកម្មក្លឹបហាត់ប្រាណ និងផ្អាកការលេងកីឡាឬការហាត់ប្រាណគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដែលមានលក្ខណៈប្រមូលផ្តុំមនុស្សច្រើន ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់មានការជូនដំណឹងជាថ្មីផងដែរ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ក្រសួងអប់រំក៏បានប្រកាសឱ្យផ្អាកដំណើរការគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនទាំងអស់ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ផងដែរ ក្រោយពីកម្ពុជាបានរកឃើញករណីឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាថ្មី ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១មក៕