ក្រុមហ៊ុន ណាហ្គាខប (NagaCorp) បានសម្រេចផ្អាកអាជីវកម្មសណ្ឋាគារនិងកាស៊ីណូនៅរាជធានីភ្នំពេញ ជាបណ្តោះអាសន្នដោយស្ម័គ្រចិត្ត បន្ទាប់ពីរកឃើញករណីវិជ្ជមានកូវីដ១៩លើបុគ្គលិករបស់ខ្លួនជាបន្តបន្ទាប់ ខណៈតំណាងកម្មករនិយោជិតរបស់ក្រុមហ៊ុនថា ការសម្រេចនេះមានភាពយឺតយាវ។
ក្នុងសេចក្តីជូនដំណឹងមួយចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ក្រុមហ៊ុន ណាហ្គាខប បានលើកឡើងថា ការសម្រេចនេះធ្វើឡើងដើម្បីឆ្លើយតបព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងករណីឆ្លងកូវីដ១៩លើបុគ្គលិករបស់ខ្លួនជាបន្តបន្ទាប់ចំនួន១១នាក់ ក្នុងចំណោមកម្មករនិយោជិតដែលបានធ្វើតេស្តសរុប៣ ០០០នាក់ កាលពីថ្ងៃទី២៦ ខែកុម្ភៈ។
ក្រុមហ៊ុននេះបន្តថា៖ «ក្រុមហ៊ុនកំពុងមានវិធានការបន្ទាន់ប្រកបដោយទំនួលខុសត្រូវក្នុងការផ្អាកដោយស្ម័គ្រចិត្តនូវអាជីវកម្មរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីធ្វើការត្រួតពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ជាងនេះនូវវិធានការបង្ការការពាររបស់ខ្លួនដែលមានស្រាប់ដែលបានអនុវត្តកន្លងមក»។
តាមលិខិតដដែល ឱ្យដឹងថា ក្រុមហ៊ុននឹងបាញ់ថ្នាំសម្លាប់មេរោគទូទាំងអគារ រួចនឹងបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនិងបង្ការជំងឺកូវីដ១៩ ក្រោមការផ្តល់ប្រឹក្សាយោបល់ពីក្រសួងសុខាភិបាល។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ លើកឡើងថា ការសម្រេចផ្អាកគួរតែធ្វើឡើងភ្លាមៗបន្ទាប់ពីករណីឆ្លងត្រូវបានរកឃើញជាលើកដំបូង ដោយមិនគួរទុករហូតដល់ស្ថានភាពវិវត្តកាន់តែធ្ងន់ធ្ងរនោះទេ។
កញ្ញា ស៊ីថរ និយាយថា ក្រុមហ៊ុនបានឱ្យបុគ្គលិកកម្មករបន្តធ្វើការនិងបើកទទួលភ្ញៀវ បើទោះជាដឹងថាមានករណីសង្ស័យកើតឡើងលើភ្ញៀវដែលធ្លាប់មកស្នាក់នៅចំនួន៧ករណីនៅយប់ថ្ងៃទី២៥ ខែកុម្ភៈ និងបានរកឃើញបុគ្គលិក២នាក់បានឆ្លងនៅពីរថ្ងៃបន្ទាប់។
កញ្ញាបន្ថែមថា ការបន្តបើកដំណើរការដូច្នេះ គឺនាំឱ្យមានចរន្តធ្វើដំណើរទៅមករវាងបុគ្គលិកនិងភ្ញៀវ រវាងអគារណាហ្គាវើលដ៍ទី១និងទី២ ដែលចំណុចនេះ បុគ្គលិកទាំងអស់គួរតែត្រូវបានធ្វើតេស្ត ដើម្បីធានាសុវត្ថិភាពពីការចម្លងមេរោគ។
កញ្ញានិយាយថា៖ «ប្រសិនជាមិនមានការធ្វើតេស្តបុគ្គលិកទាំងអស់ គឺកន្លែងហ្នឹងវានៅតែជាហានិភ័យនៅឡើយ គឺវាមិនទាន់ជាកន្លែងមួយដែលមានសុវត្ថិភាពដែលបុគ្គលិកអាចត្រឡប់ទៅធ្វើការវិញបាន ហើយឱ្យអតិថិជនទៅលេងនៅកន្លែងហ្នឹងដោយមិនភ័យខ្លាចក្នុងការឆ្លងជំងឺទេ»។
ប្រធានសហជីពដែលមានសមាជិកជាង៤ពាន់នាក់រូបនេះ បន្ថែមថា ក្រសួងសុខាភិបាលគួរចាត់វិធានការបិទអាជីវកម្មរបស់ក្រុមហ៊ុនជាបណ្តោះអាសន្ន ហើយប្រមូលបុគ្គលិកនិងអ្នកពាក់ព័ន្ធទាំងអស់ធ្វើតេស្ត ដូចដែលក្រសួងបានអនុវត្តលើផ្សារទំនើប អ៊ីអន កន្លងមក ដោយមិនចាំបាច់រង់ចាំដល់ក្រុមហ៊ុនបិទដោយខ្លួនឯងឡើយ។
កញ្ញា ឈឹម ស៊ីថរ ប្រាប់ថា៖ «ខ្ញុំរាងភ្ញាក់ផ្អើលដែរដែលគាត់ប្រើពាក្យថាស្ម័គ្រចិត្ត ព្រោះគាត់ប្រើពាក្យអញ្ចឹងវាហាក់បីដូចជាមើលឃើញថា រដ្ឋាភិបាលយើងហើយនិងក្រសួងសុខាភិបាលយើងហ្នឹងគាត់អត់មានតួនាទីអីទេ បានជាត្រូវចាំទាល់តែក្រុមហ៊ុន ណាហ្គាវើលដ៍ ស្ម័គ្រចិត្ត»។
កញ្ញាបន្តថា ការប្រគល់ការសម្រេចលើក្រុមហ៊ុនឯកជន អាចនឹងបង្កហានិភ័យខ្ពស់ដល់បុគ្គលិកកម្មករ និងរហូតដល់ប្រទេសជាតិ ដោយសារតែការចាត់វិធានការបង្ការនិងទប់ស្កាត់មិនបានទាន់ពេល ធ្វើឱ្យមេរោគឆ្លងរាលដាលកាន់តែធំ ពិបាកក្នុងការទប់ស្កាត់។
បុគ្គលិកក្នុងក្រុមសម្អាតម្នាក់ វ័យ៣៧ឆ្នាំ ដែលបានឆ្លងកូវីដ១៩ ប្រាប់ VOD កាលពីថ្ងៃម្សិលមិញថា គាត់បានទៅធ្វើតេស្តនៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ជាមួយបុគ្គលិកដទៃទៀត ហើយទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃបន្ទាប់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងខណ្ឌព្រែកព្នៅ។
បុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ រាប់ពាន់នាក់ បានធ្វើពហិកាមិនចូលធ្វើការ បន្ទាប់ពីកើតមានករណីឆ្លងក្នុងចំណោមបុគ្គលិកធ្វើការនៅអគារកាស៊ីណូ និងសណ្ឋាគារសាខាទី២ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ។
បើតាមសេចក្តីថ្លែងការណ៍របស់សហជីពតំណាងឱ្យបុគ្គលិកក្រុមហ៊ុន នៅថ្ងៃទី២៦ ខែកុម្ភៈ ឱ្យដឹងថា ការធ្វើពហិកាគឺដើម្បីបញ្ចៀសហានិភ័យពីការឆ្លងជំងឺ និងទាមទារឱ្យក្រុមហ៊ុនបាញ់ថ្នាំសម្លាប់មេរោគក្នុងអគារទាំង២ទីតាំង រួចធ្វើតេស្តបុគ្គលិកទាំងអស់ជាមុនសិន មុននឹងពួកគេចូលធ្វើការវិញ។
វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ពាក់ព័ន្ធនឹងវិធានការលើអគារណាហ្គាវើលដ៍បានទេ នៅរសៀលថ្ងៃអង្គារនេះ។
បើតាមក្រសួងសុខាភិបាល គិតចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ អ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានចំនួន៣៤០នាក់ហើយ។
ដោយឡែក ចំពោះចំនួនអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅកម្ពុជាវិញ ក្រសួងថា គិតត្រឹមព្រឹកថ្ងៃនេះ មានចំនួន៨៤៤នាក់ ក្នុងនោះ អ្នកជាសះស្បើយចំនួន៤៧៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន៣៦៦នាក់៕