នាយកវិទ្យាល័យព្រះបាទសុរាម្រឹត ខេត្តកំពង់ឆ្នាំង បានប្រគល់ប្រាក់ដែលសាលារៃអង្គាសពីសិស្សដែលប្រឡងធ្លាក់ ក្រោមហេតុផលថារៀនបំប៉នដើម្បីឡើងថ្នាក់នោះ ទៅឱ្យអាណាព្យាបាលសិស្សវិញ ក្រោយពីមានការរិះគន់និងប្រតិកម្មពីអាណាព្យាបាលសិស្ស។
កាលពីថ្ងៃទី២០ ខែកុម្ភៈ ក្រុមគ្រូបង្រៀននិងអាណាព្យាបាលសិស្សរៀននៅវិទ្យាល័យព្រះបាទសុរាម្រឹត បានប្រតិកម្មទៅនឹងនាយកវិទ្យាល័យដែលតម្រូវឱ្យសិស្សដែលប្រឡងធ្លាក់ត្រូវបង់ប្រាក់ចំនួន ៨០ ០០០ រៀលក្នុងសិស្សម្នាក់ ដើម្បីរៀនបំប៉នឡើងវិញ ក្នុងអំឡុងពេលមានវិបត្តិកូវីដ១៩។
ប្រធានក្រុមផ្នែកគណិតវិទ្យានៅវិទ្យាល័យព្រះបាទសុរាម្រឹត លោក ឡុង ស៊ីដាវុធ បានឱ្យដឹងថា ក្រោយពីមានប្រតិកម្មពីអាណាព្យាបាលសិស្ស និងមានការចុះអង្កេតពីសំណាក់មន្ត្រីអប់រំមក នៅថ្ងៃទី២៣ ខែកុម្ភៈ លោក អឿ ម៉េងចុង នាយកវិទ្យាល័យព្រះបាទសុរាម្រឹត បានប្រកាសប្រគល់ប្រាក់ដែលសាលាបានរៃអង្គាសពីសិស្សដែលប្រឡងធ្លាក់នោះទៅឱ្យអាណាព្យាបាលសិស្សវិញ។
ទោះយ៉ាងណា លោកពុំបានដឹងពីចំនួនទឹកប្រាក់សរុបដែលនឹងផ្តល់ជូនអាណាព្យាបាលសិស្សដែលប្រឡងធ្លាក់នោះទេ ដោយគ្រាន់តែដឹងថា មានអាណាព្យាបាលសិស្សចំនួន៣០០នាក់ហើយដែលបានទៅទទួល ខណៈដែលអាណាព្យាបាលសិស្សប្រមាណ៣០នាក់ទៀតនៅមិនទាន់ទៅទទួលប្រាក់នោះមកវិញនៅឡើយ។
លោកនិយាយថា៖ «នៅសល់ប្រហែលជា៣០នាក់ជាងទៀតអត់ទាន់មកយកទេ ហើយសិស្សនោះប្រហែលជាអត់បានមករៀន ខ្ញុំអត់ដឹងព័ត៌មានច្បាស់ដែរ»។
លោកគ្រូ ឡុង ស៊ីដាវុធ បន្ថែមថា មូលហេតុដែលសិស្សប្រឡងធ្លាក់នោះមិនមែនមកពីពួកគេរៀនខ្សោយទាំងអស់នោះទេ ប៉ុន្តែដោយសារមានវិបត្តិកូវីដ១៩ ដែលតម្រូវឱ្យសិស្សរៀននៅផ្ទះ និងតាមទូរសព្ទជាដើម ទើបសិស្សខ្លះមិនមានលទ្ធភាពទិញទូរសព្ទប្រើប្រាស់ ដែលជាមូលហេតុនាំឱ្យពួកគេមិនបានរៀននិងទទួលដំណឹងពីការប្រឡងពីចម្ងាយបាន។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំង លោក ស៊ឹម ប្រិម បានប្រាប់ វីអូឌី នៅព្រឹកថ្ងៃអង្គារនេះថា ខាងមន្ទីរអប់រំ មិនទាន់មានចំណាត់ការទៅលើនាយកវិទ្យាល័យនោះនៅឡើយទេ ដោយរង់ចាំការប្រជុំជាមួយក្រុមប្រឹក្សាវិន័យ ក្រោយពីប្រគល់លុយដល់អាណាព្យាបាលសិស្សទាំងអស់សិន។
លោកថា៖ «វិធានការបន្ទាប់ចាំដល់ប្រគល់លុយឱ្យគេសិន ខ្ញុំអត់ទាន់គិតថាម៉េចទេ ចាំមើលប្រជុំក្រុមប្រឹក្សាវិន័យរបស់ខ្ញុំសិន»។
ម្តាយរបស់សិស្សរៀនថ្នាក់ទី១១ម្នាក់នៅវិទ្យាល័យព្រះបាទសុរាម្រឹត ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ក្នុងអំឡុងពេលមានការឆ្លងរាលដាលជំងឺកូវីដ១៩នេះ កូនរបស់គាត់បានរៀននៅផ្ទះនិងប្រឡងពីចម្ងាយ ហើយពេលនោះកូនរបស់គាត់ពុំបានប្រគល់កិច្ចការមួយចំនួនដល់គ្រូបានទាន់ពេល ទើបបណ្តាលឱ្យប្រឡងធ្លាក់។
អ្នកស្រីបន្តថា ក្រោយមក នាយកវិទ្យាល័យនេះបានប្រកាសរៃអង្គាសប្រាក់ចំនួន៨០ ០០០រៀល ពីសិស្សម្នាក់ ដោយលើកហេតុផលថា ជួលគ្រូដើម្បីបង្រៀនបំប៉នដល់កូនរបស់គាត់ ក៏ដូចជាសិស្សដទៃទៀតដែលប្រឡងធ្លាក់។
អ្នកស្រីបានលើកឡើងថា៖ «ហ្នឹងគេប្រាប់ថា យកឱ្យគ្រូរៀនបំប៉ន ជួលគ្រូឱ្យបង្រៀនបំប៉ន [ដល់សិស្សដែលប្រឡងប្រចាំខែធ្លាក់] ហ្នឹងណា»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ការរៃអង្គាសប្រាក់ពីសិស្សនេះជាទង្វើដែលផ្ទុយនឹងច្បាប់ ទោះជាការរៃអង្គាសក្រោមរូបភាពណាក៏ដោយ។
អ្នកស្រីថា៖ «ព្រោះអីក្រសួងអប់រំបានប្រកាសហើយថា អត់មានទារលុយ អត់មានយកលុយពីសិស្សតាមរូបភាពណាទេ អ៊ីចឹងនាយកសាលាប្រមូលលុយនេះគឺជាការខុសច្បាប់ទៅនឹងនីតិវិធីរបស់ក្រសួង»។
ប្រធានសមាគមគ្រូបង្រៀនរូបនេះក៏បានស្នើឱ្យក្រសួងអប់រំដាក់ចេញវិធានការតឹងរ៉ឹង និងមានចំណាត់ការតាមច្បាប់ទៅលើនាយកសាលាឬគ្រូបង្រៀនណាដែលរៃអង្គាសប្រាក់ពីសិស្សនេះ។
កាលពីដើមខែកុម្ភៈ គ្រូបង្រៀនម្នាក់នៅសាលាបឋមសិក្សាសន្ធរម៉ុកក្នុងរាជធានីភ្នំពេញ ត្រូវបានរកឃើញថាបានទារប្រាក់ពីសិស្ស ដែលក្រោយមក មន្ទីរអប់រំរាជធានីភ្នំពេញ បានសម្រេចប្តូរអ្នកគ្រូនោះទៅសាលាមួយផ្សេងនៅជាយរាជធានី៕