ក្រុមអង្គការសង្គមស៊ីវិលចំនួន៣៩ ស្នើរដ្ឋាភិបាលលើកកម្ពស់សិទ្ធិស្ត្រីនៅកន្លែងការងារ លុបបំបាត់ការរើសអើងលើស្ត្រីភេទ និងបញ្ឈប់ការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ។
អង្គការសង្គមស៊ីវិលទាំងនោះរួមមាន អង្គការអាក់សិនអេតកម្ពុជា អង្គការជួយស្រ្តីមានវិបត្តិ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស អង្គការយេនឌ័រនិងអភិវឌ្ឍន៍ដើម្បីកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការម្លប់បៃតង អង្គការសីលការ និងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាដើម។
សេចក្តីថ្លែងការណ៍របស់ក្រុមសង្គមស៊ីវិលទាំង៣៩អង្គភាព ដែលបានផ្សព្វផ្សាយកាលពីល្ងាចថ្ងៃម្សិលមិញ បានលើកឡើងថា នៅកម្ពុជា ថ្វីបើកម្លាំងពលកម្មស្ត្រីមានចំនួនប្រហាក់ប្រហែលបុរសក្តី ប៉ុន្តែចំនួនស្ត្រីក្នុងតំណែងជាអ្នកដឹកនាំនៅមានកម្រិតតិចតួចនៅឡើយ។
ម្យ៉ាងវិញទៀត ក្រុមអង្គការសង្គមស៊ីវិលទាំងនោះរកឃើញថា ស្ថាប័នការងារជាច្រើនពុំបានផ្ដល់ហេដ្ឋារចនាសម្ព័ន្ធ ឬបរិក្ខារមើលថែទាំទារកគ្រប់គ្រាន់សម្រាប់បុគ្គលិកឬកម្មករនិយោជិតជាម្តាយ ឬឆ្លើយតបនឹងតម្រូវការចាំបាច់មួយចំនួនដល់ពួកគេនៅឡើយ ដែលទាំងនេះគឺជាឧបសគ្គធំមួយ ក្នុងចំណោមឧបសគ្គជាច្រើនដែលស្ត្រីជាម្តាយជួបប្រទះនៅកន្លែងការងារ។
សេចក្តីថ្លែងការណ៍បន្តថា៖ «ស្រ្តីមិនគួរត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការងារនិងការមើលថែទាំកូននោះទេ។ ប្រការដែលស្រ្តីជាម្ដាយ ហើយដែលទៅធ្វើការហ្នឹងត្រូវបានស្ដីបន្ទោស បើស្រ្តីនោះធ្វើទាំងការងារនិងភារកិច្ចមើលថែកូន ដែលនេះបង្ហាញឱ្យឃើញថា រដ្ឋាភិបាលខកខានក្នុងការការពារសិទ្ធិស្រ្តីនៅកន្លែងធ្វើការ»។
សេចក្តីថ្លែងការណ៍ដដែលបានស្នើឱ្យរដ្ឋាភិបាលចាត់វិធានការសមស្របដើម្បីធានាថា ឪពុកម្តាយគ្រប់រូបដែលបំពេញការងារ ទទួលបានការគាំទ្រនៅក្នុងកន្លែងធ្វើការ ហើយស្ថាប័នការងារត្រូវផ្តល់បរិក្ខារនិងទីកន្លែងមើលថែទាំទារកដែលជាតម្រូវការចាំបាច់របស់បុគ្គលិកជាម្តាយ។
អង្គការទាំងនោះក៏បានស្នើឱ្យចាត់វិធានការដើម្បីធានាថា សិទ្ធិរបស់ស្ត្រីនៅកន្លែងការងារត្រូវបានគោរពនិងលើកកម្ពស់ បង្កើនកិច្ចប្រឹងប្រែងឱ្យបានខ្លាំងក្នុងការលុបបំបាត់ការរើសអើងលើស្ត្រីភេទ និងបញ្ឈប់ការឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងអនុម័តកិច្ចគាំពារពាក់ព័ន្ធនឹងអំឡុងពេលមាតុភាព តាមអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិ។
ការស្នើនេះ ធ្វើឡើងបន្ទាប់ពីមានករណីស្ត្រីនគរបាលម្នាក់នៅខេត្តស្ទឹងត្រែង ត្រូវបានថ្នាក់ដឹកនាំរបស់គាត់ហៅទៅធ្វើកិច្ចសន្យា ដោយសារការបង្ហោះរូបភាពរបស់គាត់ដែលបំបៅដោះកូនក្នុងឯកសណ្ឋាននគរបាល នៅលើទំព័រហ្វេសប៊ុករបស់គាត់។
ពាក់ព័ន្ធនឹងករណីស្ត្រីនគរបាលបំបៅដោះកូនក្នុងអំឡុងពេលចុះរឹតបន្តឹងច្បាប់ចរាចរណ៍នេះដែរ ក្រុមសង្គមស៊ីវិលក៏បានស្នើដល់មន្ត្រីនគរបាលជាថ្នាក់ដឹកនាំស្ត្រីរូបនោះ គប្បីចេញមុខសុំទោសជាសាធារណៈចំពោះឥរិយាបថដែលធ្វើឱ្យប៉ះពាល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីនគរបាលរូបនោះផងដែរ។
លោកស្រី ប៉ុក បញ្ញាវិចិត្រ នាយិកាប្រតិបត្តិនៃអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ ដែលជាអង្គការមួយក្នុងចំណោមអង្គការទាំង៣៩នេះ មានប្រសាសន៍ថា ស្រ្តីកម្ពុជាមួយចំនួនប្រឈមនឹងបញ្ហាពិបាកក្នុងការឡើងតួនាទី បើទោះបីជាមានចំណេះដឹងក៏ដោយ ខណៈអង្គភាពមួយចំនួន មានប្រភេទការងារផ្ដោតច្រើនតែលើបុរស បើទោះបីជាមិនមានការរើសអើងស្ត្រីក៏ដោយ។
លោកស្រីបន្តថា៖ «ចំណុចរាំងស្ទះរបស់ស្រ្តីមួយទៀតគឺ ការងារបន្តពូជថែទាំផ្ទះសម្បែងរបស់គាត់ហ្នឹងហ្មង ដែលជាការទាញគាត់មិនឱ្យរីកចម្រើននៅក្នុងការងារ លុះត្រាតែនៅកន្លែងការងារហ្នឹងគាត់មានការយល់ដឹងច្បាស់អំពីថាតើធ្វើម៉េចឱ្យស្រ្តីអាចបំពេញការងារបាន ដោយគេទទួលស្គាល់នូវតួនាទីបន្តពូជរបស់គាត់ហ្នឹង»។
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានមានប្រសាសន៍ថា នៅក្នុងច្បាប់ គឺតម្រូវឱ្យក្រុមហ៊ុនឯកជនត្រូវមានកន្លែងទារកដ្ឋាន និងផ្ដល់ពេលវេលាសម្រាប់ស្រ្តី អាចចេញទៅបំបៅដោះកូនបាន ខណៈបណ្ដាក្រុមហ៊ុនឯកជនមួយចំនួនដែលមិនមានកន្លែងសម្រាប់ទារក គឺត្រូវផ្ដល់ប្រាក់ឧបត្ថម្ភឱ្យស្រ្តីជាម្ដាយជំនួសវិញ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ក្នុងវិស័យការងារ គឺគ្មានកន្លែងណាមួយដែលអត់ [ទារកដ្ឋាន] នោះទេ ហើយប្រសិនបើកន្លែងហ្នឹងអត់ គឺគាត់ត្រូវផ្តល់នូវប្រាក់ឧបត្ថម្ភទៅដល់ស្ត្រីដែលមានទារកហ្នឹង [ច្បាប់]យើងបើកចំហលើករណីនេះ»។
របាយការណ៍អង្កេតមួយរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ចេញផ្សាយកាលពីម្សិលមិញនេះ ក៏បានរកឃើញដែរថា ប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសនៅក្នុងប្រទេសកម្ពុជា នៅតែមានគម្លាត ទោះបីជាស្ថិតនៅក្នុងការងារដូចគ្នាក្តី។ របាយការណ៍នោះបញ្ជាក់ថា ស្ត្រីកម្ពុជា ជាមធ្យមទទួលបានប្រាក់ឈ្នួលតិចជាងបុរសចំនួន ១៩% សម្រាប់ការងារដូចគ្នា៕