លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានដល់កងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការដែលគេចវេះមិនទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ថាអាចនឹងត្រូវបាត់បង់ការងារពីក្របខណ្ឌរដ្ឋ ដោយលើកហេតុផលថា ការគេចវេះនេះនឹងអាចបង្កភាពងាយរងគ្រោះដល់ស្ថាប័នជាតិទាំងមូល។
ការព្រមានរបស់នាយករដ្ឋមន្ត្រីនេះ ចំពេលដែលក្រសួងសុខាភិបាលកំពុងបន្តធ្វើយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងជុំទី២ ដោយផ្តោតលើមនុស្សជាង៧០០ ០០០នាក់ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងតាមសារសំឡេងកាលពីយប់ថ្ងៃម្សិលមិញថា ដំណើរការចាក់វ៉ាក់សាំងកំពុងធ្វើទៅលើកងកម្លាំងប្រដាប់អាវុធនិងមន្ត្រីរាជការស៊ីវិលនៅក្នុងក្របខណ្ឌទូទាំងប្រទេស។
ប៉ុន្តែលោកថា ដំណើរការចាក់វ៉ាក់សាំងនេះ មានមន្ត្រីខ្លះបានព្យាយាមគេចវេះមិនទៅទទួលយកវ៉ាក់សាំងនេះទេ ដែលលោកថា ការគេចវេះនេះមិនត្រឹមតែបំផ្លាញជីវិតខ្លួនឯងប៉ុណ្ណោះទេ តែបង្កគ្រោះថ្នាក់ដល់ស្ថាប័នជាតិទាំងមូល។
លោកថា៖ «បើមិនដូច្នោះទេ វ៉ាក់សាំងដែលយើងតម្រូវចាក់រាប់លាននាក់ ក្នុងរង្វង់ពី១០ទៅ១៣លាននាក់ នឹងអាចក្លាយជាអត់ន័យ ដោយសារតែមនុស្សមួយចំនួនមិនទទួលយក»។
បញ្ហានេះ លោកណែនាំទៅថ្នាក់ដឹកនាំក្រសួង អភិបាលរាជធានី-ខេត្ត រួមទាំងកងកម្លាំងប្រដាប់អាវុធឱ្យស្រង់ឈ្មោះមន្ត្រីដែលមានចេតនាគេចវេះមិនទៅចាក់វ៉ាក់សាំងទាំងនោះ ប៉ុន្តែលើកលែងតែអ្នកដែលមានបញ្ហាសុខភាពដែលបញ្ជាក់ដោយគ្រូពេទ្យ។
លោកថា៖ «ខ្ញុំសូមអំពាវនាវ និងសូមបញ្ជាក់ឱ្យបានច្បាស់ថា អ្នកដែលមានចេតនាគេចវេះមិនទទួលវ៉ាក់សាំង គឺអ្នកអាចនឹងបាត់បង់ការងារធ្វើ ទាំងក្នុងកម្លាំងប្រដាប់អាវុធ ទាំងក្នុងមន្ត្រីរាជការស៊ីវិល ទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ទាំងមន្ត្រីជាប់កិច្ចសន្យា»។
តែយ៉ាងណា លោកថា ចំពោះកងយោធពលខេមរភូមិន្ទ ចាក់បានស្ទើរមួយរយភាគរយសម្រាប់ដូសទី១ និងប្រមាណ៨០ភាគរយសម្រាប់ដូសទី២។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេនៅថ្ងៃនេះ។
ប៉ុន្តែអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ប្រាប់ថា សម្រាប់កងកម្លាំងនគរបាលនៅតាមរាជធានី-ខេត្ត ចាក់បានប្រមាណ៧០ភាគរយ ខណៈនៅអគ្គស្នងការចាក់បានប្រមាណ៨០ភាគរយ។
តែយ៉ាងណា លោកថា មិនទាន់ទទួលបានទិន្នន័យថា មានកងកម្លាំងនគរបាលណាម្នាក់ព្យាយាមគេចវេះមិនទៅទទួលវ៉ាក់សាំងនេះនៅឡើយទេ។ ប៉ុន្តែលោកធ្លាប់ទទួលបានព័ត៌មានថា នៅមានមន្ត្រីខ្លះនៅរារែកដែរ។
លោកថា៖ «យើងអត់ហ៊ានថាមានឬអត់ [អ្នកគេចវេះ] ទេ ដោយសារយើងមិនទាន់ស្រង់ឈ្មោះអស់។ ទី២ បងប្អូនខ្លះមានបញ្ហាសុខភាពមែន ប៉ុន្តែសម្តេច [ហ៊ុន សែន] បានបញ្ជាក់ហើយ ទី១ ត្រូវមានការបញ្ជាក់ពីមន្ទីរសុខាភិបាល ចៀសវាងការ[សមគំនិត]ជាមួយគ្រូពេទ្យ។ មួយទៀត ដោយសារការចាក់នេះជាការចាក់ដោយស្ម័គ្រចិត្ត ដូច្នេះបងប្អូនប្រហែលជារារែកខ្លះ»។
អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ និយាយថា មិនមានករណីមន្ត្រីគេចវេះទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទេ។
លោកថា៖ «អ្នកខ្លះគាត់នៅរារែកអ៊ីចឹងដែរ តែដល់យើងពន្យល់គាត់ ដូចជាមន្ត្រីនៅមន្ទីរសាធារណការ ខ្ញុំជួបសួរគាត់ថាចាក់បានប៉ុន្មានហើយ គាត់ថាចាក់បាន៩៥ភាគរយហើយ នៅ៣០នាក់ទៀតនៅទេ [ស្ទាក់ស្ទើរ] គាត់នៅចាំមើល។ ឥលូវព្រឹកហ្នឹងទៅចាក់អស់ហើយ។ យើងនិយាយតែពីរបីម៉ាត់ថា បងឯងមើលមេៗចាក់អស់ហើយ មេខេត្តចាក់មុនគេ ឥលូវបងប្អូននៅអីទៀត»។
ប្រធានផ្នែកសិទ្ធិមនុស្សនៅសមាគមអាដហុក លោក នី សុខា បានលើកឡើងថា ការចាក់វ៉ាក់សាំងជាការចូលរួមទប់ស្កាត់ជំងឺឆ្លង ប៉ុន្តែថា បើរដ្ឋាភិបាលមិនទាន់មានច្បាប់ចងជាកាតព្វកិច្ច វាគួរប្រើពេលផ្សព្វផ្សាយលើកទឹកចិត្តឱ្យពលរដ្ឋចូលរួម ដើម្បីបញ្ចៀសការចោទប្រកាន់ថា រដ្ឋាភិបាលរំលោភសិទ្ធិសម្រេចចិត្តរបស់ប្រជាពលរដ្ឋដែលធានាដោយច្បាប់។
លោកថា៖ «បើយើងមិនទាន់មានច្បាប់ដាក់ជាកាតព្វកិច្ច ហើយយើង[បែរជា]ដាក់លក្ខខណ្ឌឬដាក់សម្ពាធ បើមិនទៅចាក់វ៉ាក់សាំងហ្នឹង មានបញ្ហាអញ្ចេះ បញ្ហាអញ្ចុះ! ខ្ញុំគិតថា អាហ្នឹងមិនទាន់ជាលក្ខណៈមួយតម្រូវទេ ហើយវារំលោភទៅលើគោលការណ៍ស្ម័គ្រចិត្តហើយ»។
តែយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈនៃសារសំឡងដដែល បានបន្តក្រើនរំឭកថា អ្នកដែលមិនទាន់ទៅចាក់វ៉ាក់សាំង គឺនៅមិនទាន់ហួសពេលទេ ពួកគេអាចទៅរកសេវានេះនៅតាមទីតាំងដែលអាជ្ញាធរពាក់ព័ន្ធកំពុងបន្តបើកយុទ្ធនាការនៅតាមបណ្តារាជធានី-ខេត្ត។
យុទ្ធនាការចាក់វ៉ាក់សាំងជុំទី២ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ដែលការចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ជុំទី២នេះ ធ្វើឡើងក្នុងក្របខណ្ឌទូទាំងប្រទេស ផ្តោតលើមនុស្សអាទិភាព៧៤៥ ០០០នាក់ ក្នុងនោះមានក្រុមគ្រូពេទ្យ បុគ្គលិក មន្ត្រីសុខាភិបាលជួរមុខ កងកម្លាំងប្រដាប់អាវុធ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសាររបស់ពួកគេ រួមនឹងអ្នកសារព័ត៌មាន និងអ្នកដែលបានផ្ញើបញ្ជីឈ្មោះទៅកាន់គណៈកម្មការចំពោះកិច្ចរួចហើយ។
ទោះយ៉ាងណា ក្រសួងមុខងារសាធារណៈ នៅថ្ងៃនេះ បានចេញលិខិតមួយដោយស្នើទៅក្រសួងពាក់ព័ន្ធជូនដំណឹងបន្ទាន់ទៅមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យារបស់ក្រសួងស្ថាប័ន អង្គភាព រដ្ឋបាលរាជធានី-ខេត្ត ដែលនៅមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយគិតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ដើម្បីបូកសរុបផ្ញើទៅកាន់នាយករដ្ឋមន្ត្រី៕