មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌កម្ពុជា ចាត់ទុករបាយការណ៍អង្គការអន្តរជាតិមួយដែលរកឃើញថាសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះធ្ងន់ធ្ងរនៅឆ្នាំ២០២០ ថាជាការបំភ្លៃការពិត ចម្លងតាមក្រុមអង្គការសង្គមស៊ីវិលដែលមាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។
អង្គការលើកលែងទោសអន្តរជាតិ Amnesty International និយាយក្នុងរបាយការណ៍ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ ថា សិទ្ធិស៊ីវិលនិងសិទ្ធិនយោបាយនៅកម្ពុជា ត្រូវបានរឹតត្បិតយ៉ាងខ្លាំងចាប់តាំងពីឆ្នាំ២០១៧មក ហើយវាបានកើនឡើងកាន់តែខ្លាំងនៅឆ្នាំ២០២០។
របាយការណ៍ដដែលដែលសិក្សាទៅលើប្រទេសចំនួន១៤៩នោះ បាននិយាយទៀតថា ការរឹតបន្តឹងនេះស្របគ្នាទៅនឹងការបង្កើតច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន ជាក្របខណ្ឌច្បាប់ ប៉ះពាល់ធ្ងន់ធ្ងរទៅលើសិទ្ធិមនុស្ស «ធ្វើឱ្យក្រុមអ្នកការពារសិទ្ធិមនុស្ស ក្រុមអ្នកតវ៉ាដោយសន្តិវិធី និងសមាជិកបក្សប្រឆាំង នៅតែបន្តប្រឈមការយាយីនិងការធ្វើទុក្ខបុកម្នេញ តាមរយៈការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ដោយមិនត្រឹមត្រូវ»។
Amnesty បានគូសបញ្ជាក់ថា យុទ្ធនាការនេះបាននាំមកនូវការរំលោភបំពានដ៏រីករាលដាលទៅលើសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌។
ប៉ន្តែអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាននិយាយលើហ្វេសប៊ុកផ្លូវការរបស់លោកកាលពីម្សិលមិញ ចាត់ទុករបាយការណ៍នោះថាជារឿងចាស់ ចម្លងចេញពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនតូច មាននិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ក្រោមហេតុផលសិទ្ធិមនុស្ស។
លោកបានគូសបញ្ជាក់ថា៖ «របាយការណ៍របស់ Amnesty International ២០២០/២០២១ អំពីសិទ្ធិមនុស្សនៅកម្ពុជា គ្មានអ្វីថ្មីនោះទេ ពោលគឺ […] ចម្លងចែកចាយតៗគ្នាពីរបាយការណ៍របស់ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកមួយក្តាប់តូចដែលគេផ្តល់លុយឱ្យ ដើម្បីធ្វើសកម្មភាពនយោបាយក្រោមរូបភាពនិងហេតុផលសិទ្ធិមនុស្ស នេះបើពិនិត្យលើឯកសារយោងក្នុងរបាយការណ៍នេះ»។
លោកបានចោទជាសំណួរថា «តើពួកបរទេសទាំងនេះ គេចង់បានអ្វីឱ្យពិតប្រាកដពីការចេញរបាយការណ៍បំផ្លើសខុសពីការពិតបែបនេះ? » ខណៈរបាយការណ៍និងឯកសារផ្លូវការ ការពន្យល់ បកស្រាយ និងឆ្លើយតបបំភ្លឺ របស់រដ្ឋាភិបាលជាសាធារណៈស្តីពីស្ថានភាពសិទ្ធិមុស្សនិងការអនុវត្តច្បាប់នៅកម្ពុជាក្នុងឆ្នាំ២០២០ មិនត្រូវបានគេយកមកពិចារណាបន្តិចណាសោះឡើយនោះ។
អំឡុងខែមករា ឆ្នាំ២០២០ ក្រុមអង្គការសង្គមស៊ីវិលចំនួន៨៨ស្ថាប័ន បានចេញលិខិតចំហរួមគ្នាមួយទាមទារឱ្យតុលាការដោះលែងសកម្មជនដីធ្លី សកម្មជនបរិស្ថាន និងបញ្ចប់ការយាយីដល់ក្រុមសំឡេងជំទាស់ ដោយសម្អាងថា ពួកគេទាំងនោះត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ឃុំខ្លួន ចោទពីបទ «ញុះញង់ឱ្យមានចលាចលដល់សន្តិសុខសង្គម» ដោយគ្រាន់តែតវ៉ាដោយសន្តិវិធី។
ក្រុមអង្គការសង្គមស៊ីវិល តាមរយៈសេចក្តីថ្លែងការណ៍ដដែល មើលឃើញថា ចំណាត់ការនេះជាការគំរាមកំហែងដល់សេរីភាពមូលដ្ឋានដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិមួយចំនួនដែលកម្ពុជាផ្តល់សច្ចាប័ន។
តែយ៉ាងណា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល តាមរយៈលិខិតចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ កម្រាស់៦ទំព័រ បានច្រានចោលការទាមទារនេះ ដោយលើកឡើងថា វិធានការចាប់ខ្លួនដែលធ្វើឡើងដោយអាជ្ញាធរ ជាការអនុវត្តច្បាប់ ដើម្បីរក្សាសន្តិសុខ ស្ថិរភាពសង្គម និងកាត់ផ្តាច់បណ្តាញចាត់តាំងរបស់ក្រុមប្រឆាំង។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ថា «តុលាការជាស្ថាប័នឯករាជ្យ គ្មានគ្មានក្រុមណាឬក្រុមអង្គការអន្តរជាតិណាមួយអាចដាក់សម្ពាធឬបង្គាប់មកលើស្ថាប័ននេះបានទេ» និងមួយវិញទៀត ក៏បានចោទប្រកាន់ក្រុមអង្គការទាំងនោះថា មាននិន្នាការប្រឆាំង ដែលចាត់ទុកការអនុវត្តច្បាប់របស់អាជ្ញាធរថាជាវិធានរំលោភសិទ្ធិមនុស្ស។
នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព និយាយថា ការច្រានចោលរបស់មន្ត្រីរដ្ឋាភិបាលពេលនេះ វាដូចគ្នាទៅនឹងការច្រានចោលរបាយការណ៍របស់អ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែរ បើទោះបីជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានចុះជួបសង្គមស៊ីវិល ពលរដ្ឋរងគ្រោះរឿងដីធ្លី រួមទាំងជួបមន្ត្រីរដ្ឋាភិបាល មុននឹងផ្តល់អនុសាសន៍ក៏ដោយ ក៏រដ្ឋាភិបាលចោទថា របាយការណ៍នោះលម្អៀងដែរ។
លោកស្រីថា៖ «បើសិនជានៅបន្តបែបនេះ អ្នកដែលខាតបង់គឺរដ្ឋាភិបាលខ្លួនឯង ព្រោះការវិវត្តនៃស្ថានភាពសិទ្ធិមនុស្សនេះ វានឹងបង្កវិសមភាពក្នុងសង្គម បង្កនូវអំពើអយុវត្តិធម៌ក្នុងសង្កម ឬក៏វប្បធម៌និទណ្ឌភាពនៅតែបន្ត។ អ៊ីចឹងរដ្ឋាភិបាលពិបាកនឹងកសាងនូវទំនុកចិត្តជាមួយពលរដ្ឋ និងបាត់បង់នូវអភិបាលកិច្ចល្អ ដែលវានឹងប៉ះពាល់ដល់ការអភិវឌ្ឍសង្គមទាំងមូល»។
អ្នកវិភាគតាមដានសង្គម លោក គឹម សុខ ដែលមានមូលដ្ឋាននៅក្រៅប្រទេស បាននិយាយថា ការបដិសេធរបស់មន្ត្រីរដ្ឋាភិបាលអាចជាការលាក់បាំងការពិត ដើម្បីការពារមុខមាត់ប៉ុណ្ណោះ តែថា បញ្ហានេះនឹងមិនបានជួយដោះស្រាយវិបត្តិផ្ទៃក្នុងដែលកំពុងជាប់គាំងពេលនេះបានទេ។
លោកថា៖ «តាមពិតទៅ Amnesty International ដែលគេប្រើពាក្យថា ធ្លាក់ចុះយ៉ាងខ្លាំងហ្នឹង គឺជាភាសាការទូតទេ បើនិយាយឱ្យចំ គឺវិបត្តិសិទ្ធិមនុស្សនៅប្រទេសកម្ពុជា ដោយសារវិបត្តិធ្លាក់ក្នុងវិបត្តិបែបហ្នឹងហើយទើបកម្ពុជារងសម្ពាធខ្លាំងពីសហគមន៍អន្តរជាតិ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប និងដៃគូនានារបស់អឺរ៉ុបនិងអាមេរិកហ្នឹង»។
លោកព្រួយបារម្ភថា បើវិបត្តិសិទ្ធិមនុស្សមិនត្រូវបានដោះស្រាយ វានឹងបង្កឱ្យមានវិបត្តិផ្សេងទៀតដែលកម្ពុជាត្រូវប្រឈម ក្នុងនោះគឺជាចំណងការទូតជាមួយបណ្តាប្រទេសធំៗ សម្ពាធសេដ្ឋកិច្ចមកលើកម្ពុជា ហើយទីបំផុតនឹងធ្លាក់ដល់វិបត្តិសង្គម បើរដ្ឋាភិបាលមិនជំរុញយន្តការផ្សះផ្សារផ្ទៃក្នុងឡើងវិញទេនោះ៕