តំណាងប្រជាសហគមន៍ជនជាតិដើមភាគតិចអណ្ដូងក្រឡឹង ខេត្តមណ្ឌលគិរី អះអាងថា ដីព្រៃសហគមន៍និងដីតំបន់ដែនជម្រកសត្វព្រៃកែវសីមា ចំនួន៥១ហិកតា ស្ថិតនៅក្នុងស្រុកអូររាំង ត្រូវបានមន្ត្រីនគរបាលមួយរូបរំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
ប្រធានសហគមន៍ភូមិអណ្តូងក្រឡឹង លោក សុខា ថុត ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា មន្ត្រីនគរបាលរូបនោះឈ្មោះ ថាំង រិទ្ធី បានឈូសឆាយរំលោភយកដីសហគមន៍របស់លោកចំនួន១២ហិកតា និងដីដែនជម្រកសត្វព្រៃកែវសីមាចំនួន៣៩ ហិកតាទៀត។
លោកបន្តថា បច្ចុប្បន្ន ឈ្មោះ ថាំង រិទ្ធី បានឈូសឆាយ ហើយហ៊ុមព័ទ្ធយកដីពួកគាត់និងដីដែនជម្រក ដោយម្អាងថា ខ្លួនមានប្លង់កម្មសិទ្ធិត្រឹមត្រូវ។ យ៉ាងនេះក្តី លោក សុខា ថុត បញ្ជាក់ថា បើមិនប្រគល់ដីសហគមន៍ជូនពួកគាត់វិញទេ ពលរដ្ឋនឹងប្តឹងទៅក្រសួងមហាផ្ទៃតែម្តង ត្បិតដីនោះពួកគាត់បានចុះបញ្ជីនៅក្រសួងរួចរាល់ហើយ។
លោកថា៖ «ខ្ញុំគិតថា ពួកគាត់ធ្វើហ្នឹងដោយបំពានច្បាប់។ អ៊ីចឹងពួកខ្ញុំនឹងតវ៉ា បើសិនគាត់មិនដកហូត និងប្រគល់ដីសហគន៍មកឱ្យពួកខ្ញុំវិញ។ អ៊ីចឹងពួកខ្ញុំនឹងដាក់ពាក្យបណ្ដឹងទៅក្រសួងមហាផ្ទៃ»។
ប្រធានសហគមន៍រូបនេះបន្តថា កន្លងមក ពួកគាត់បាននាំគ្នាតវ៉ានិងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាននិងស្រុក ប៉ុន្តអាជ្ញាធរបែរជាមិនអើពើក្នុងការដោះស្រាយឱ្យពួកគាត់ឡើយ។ លោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធចាត់វិធានការច្បាប់លើឈ្មោះ ថាំង រិទ្ធី និងមន្ត្រីដែលបានគប់គិតគ្នាលក់ដីរដ្ឋនិងរំលោភយកដីសហគមន៍។
វីអូឌី មិនអាចរកប្រភពទាក់ទងលោក ថាំង រិទ្ធី ដើម្បីបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៩ ខែមេសា។
អភិបាលស្រុកអូររាំង លោក សៀក មុន្នី អះអាងថា លោក ថាំង រិទ្ធី ជាមន្ត្រីនគរបាលប្រាកដមែន ប៉ុន្តែលោកមិនដឹងប្រាកដថា នគរបាលរូបនោះនៅអង្គភាពណាមួយទេ។ លោកថា បញ្ហានេះ អាជ្ញាធរកំពុងពិនិត្យទីតាំងដីនោះ ប្រសិនរកឃើញថា ដីដែលមន្ត្រីនគរបាលរូបនោះឈូសឆាយ ប៉ះពាល់ដីសហគមន៍១២ហិកតាប្រាកដមែន អាជ្ញាធរនឹងដកហូតទុកឱ្យសហគមន៍វិញ។
លោក សៀក មុន្នី បន្តថា ចំណែកដីជិត៤០ហិកតាទៀត ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា លោក ថាំង រិទ្ធី បានទិញពីប្រជាពលរដ្ឋនៅទីនោះ ហើយបានស្នើសុំប្លង់កម្មសិទ្ធិពីមន្ទីរបរិស្ថាន ដើម្បីកាន់កាប់ទៀតផង។
លោកថា៖ «គាត់បានស្នើសុំទៅមន្ទីរបរិស្ថានខ្លួនឯង ដើម្បីកាត់ចេញមកធ្វើជាដីឯកជន ដើម្បីស្នើសុំធ្វើប្លង់កម្មសិទ្ធិទៅ។ គាត់ដូចជានៅក្រសួង ខ្ញុំដូចជាអត់ច្បាស់ទេ ដឹងតែគាត់មានដីមានអីនៅក្បែរហ្នឹង។ ប៉ុន្តែខ្ញុំមិនដឹងច្បាស់រាល់ថ្ងៃនេះ គាត់នៅខាងណា ដឹងតែគាត់ជានគរបាលអ៊ីចឹង។ គាត់ដូចនៅភ្នំពេញ ឬក៏គាត់នៅខេត្តស្ទឹងត្រែង គាត់ទើបផ្ទេរមក មិនដឹង»។
ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភ័គ មានប្រសាសន៍ថា មន្ទីរបរិស្ថានបានកាត់ដីជិត៤០ហិកតានៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមា ទៅឱ្យលោក រិទ្ធី រួចរាល់ហើយ។
លោកប្រាប់ពីមូលហេតុដែលមន្ទីរសម្រេចកាត់ដីតំបន់អភិរក្សឱ្យទៅលោក ថាំង រិទ្ធី ដោយសារមន្ត្រីប៉ូលិសរូបនេះបានកាន់កាប់យូរឆ្នាំ ម៉្យាងដីនោះមិនមែនជាដីព្រៃស្រោងឡើយ។
នៅពេលសួរថា តើមន្ទីរនឹងដកហូតដីនោះមកទុកជាសម្បត្តិរដ្ឋទេ បើទោះបីជាដីនោះមិនមែនជាដីព្រៃស្រោង? ប្រធានមន្ទីរបរិស្ថានរូបនេះលើកឡើងថា៖ «យើងមើលជាក់ស្ដែងដែរ បើសិនជាគេអាស្រ័យផលរាប់ឆ្នាំ ដោយសារដីកន្លែងនោះមិនមែនជាដីព្រៃ ដីព្រៃខ្លះ ដីចម្ការស្វាយចន្ទីរបស់គេខ្លះ ហើយស្វាយចន្ទីដូចជា៤ទៅ១៩ឆ្នាំហើយ យើងមើលដែរ មិនមែនចេះតែដកៗទេ ទាល់តែដីព្រៃ ទើបយើងដក»។
ដែនជម្រកសត្វព្រៃកែវសីមា គ្របដណ្តប់លើផ្ទៃដី២៩២ ៦៩០ហិកតា ដែលត្រូវបានរដ្ឋាភិបាលប្រគល់ឱ្យក្រសួងបរិស្ថានគ្រប់គ្រងកាលពីខែឧសភា ឆ្នាំ២០១៦។
អ្នកប្រឹក្សាបណ្ដាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី លោក គ្រើង តុលា លើកឡើងថា ដីដែលមន្ទីរបរិស្ថានកាត់ឱ្យឈ្មោះ ថាំង រិទ្ធី ជាដីព្រៃស្រោង មិនមែនដីចម្ការដូចប្រធានមន្ទីរលើកឡើងទេ។
លោកស្នើទៅរដ្ឋាភិបាលដកហូតដីនោះពីលោក ថាំង រិទ្ធី មកឱ្យសហគមន៍និងទុកជាសម្បត្តិរដ្ឋវិញ ហើយត្រូវចាត់វិធានការច្បាប់ចំពោះមន្ត្រីពាក់ព័ន្ធដែលបណ្តោយឱ្យមានការរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ។
លោកថា៖ «កាលណាអ្នកលក់និងអ្នកទិញ បើគ្មានមន្ត្រីមូលដ្ឋានចុះហត្ថលេខាឬការឯកភាព គឺអត់មានអ្នកណាយកទេ អាហ្នឹងជាប្រព័ន្ធ។ អ៊ីចឹង ខ្ញុំមិនថាអីទេ អ្វីដែលរដ្ឋាភិបាលគួរតែធ្វើ វះកាត់ឱ្យអស់ក្រុមជាប្រព័ន្ធហ្នឹង។ គួរតែមានវិធានការរដ្ឋបាល ដកគាត់ពីតំណែង បញ្ឈរជើង ដាក់ទោសគាត់តាមច្បាប់។ ខ្ញុំគិតថា រដ្ឋាភិបាលមិនគួរបណ្ដោយមនុស្សបែបហ្នឹង បន្តទៀតទេ ព្រោះកាលណាទុក ទៅធ្វើអនាធិបតេយ្យ បញ្ហានៅក្នុងសង្គម ដោះមិនចេះចប់»។
បើតាមប្រធានសហគមន៍ភូមិអណ្តូងក្រឡឹង លោក សុខា ថុត អះអាងថា ដីទំហំ១ ៤២៦ហិកតា ត្រូវបានក្រសួងមហាផ្ទៃចុះបញ្ជីជាដីសមូហភាពសហគមន៍អណ្ដូងក្រឡឹង របស់ជនជាតិដើមភាគតិចពូនង កាលពីឆ្នាំ២០០៧ ដែលមានប្រជាពលរដ្ឋ១៧៣គ្រួសារអាស្រ័យផល។ ដីសមូហភាពសហគមន៍អណ្ដូងក្រឡឹងនេះ គឺមានទីតាំងស្ថិតនៅជាប់ដែនជម្រកសត្វព្រៃកែវសីមា៕