លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃនេះ បានប្រកាសពីកិច្ចអន្តរាគមន៍ជួយឧបត្ថម្ភពលរដ្ឋដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ដោយក្នុងនោះ អ្នកដែលរស់នៅតំបន់ត្រូវបិទខ្ទប់នឹងទទួលបាន ប្រាក់៣០ម៉ឺនរៀលក្នុង១គ្រួសារ អង្ករ២៥គីឡូក្រាមនិងគ្រឿងបរិភោគមួយចំនួនទៀត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ក្នុងពិធីថ្លែងសារពិសេសនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះថា ពលរដ្ឋដែលរស់នៅក្នុងតំបន់ ដែលអាជ្ញាធរបិទខ្ទប់ ពួកគេនឹងទទួលបានការឧត្ថម្ភប្រាក់៣០ម៉ឺនរៀល អង្ករ២៥គីឡូ និងមីមួយកេះតូច រយៈពេល២ខែ រួមទាំងចេញថ្លៃទឹក និងភ្លើងផងដែរ។
មួយវិញទៀត គ្រួសារដែលមានសមាជិកស្លាប់ដោយសារជំងឺកូវីដ១៩ រដ្ឋនឹងជួយបង់ជំនួសថ្លៃទឹក ភ្លើង យ៉ាងតិច៥ខែបន្ថែម ចំពោះអ្នកដែលសមាជិកឆ្លងកូវីដ-១៩ និងធ្វើចត្តាឡីស័ក រដ្ឋជួយចេញថ្លៃទឹកថ្លៃភ្លើងអប្បបរមា រយៈពេល៣ខែ។
ក្រៅពីនេះរដ្ឋាភិបាល ក៏បានសម្រេចយកវិទ្យាល័យមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ រួមទាំងតំបន់កោះពេជ្រ សម្រាប់ធ្វើកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងកម្រិតស្រាល និងក្រើនរំឭកមន្ត្រីអនុវត្តច្បាប់ឱ្យពង្រឹងវិធានសុខាភិបាល។
កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីជំងឺកូវីដ-១៩ មួយរយៈចុងក្រោយនេះ បានវាយលុកចូលទីផ្សារ និងរោងចក្រមួយចំនួននៅរាជធានីភ្នំពេញ។
សាលារាជធានីភ្នំពេញ កាលពីយប់មិញ ក៏បានប្រកាសពីវិធានបិទខ្ទប់ទីតាំងមួយចំនួន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល ខណៈរកឃើញការចម្លងមានទ្រង់ទ្រាយធំ ដែលកាលពីថ្ងៃទី៩ ខែមេសា ក្រសួងរកឃើញ អ្នកឆ្លង៥៧៦នាក់ ជាចំនួនច្រើនមិនធ្លាប់មានពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២ នៃខណ្ឌមានជ័យត្រូវបានបិទខ្ទប់ ខណៈខណ្ឌសែនសុខ បានបិទខ្ទប់ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម។ រីឯខណ្ឌពោធិ៍សែនជ័យ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១ ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូងជាដើម។
សាលារាជធានីឱ្យដឹងដែរថា ក្នុងអំឡុងពេលនៃការអនុវត្តវិធានបិទខ្ទប់នេះ ត្រូវហាមឃាត់រាល់ការជួបជុំ ការធ្វើដំណើរ រួមទាំងសកម្មភាពការងារ មុខរបរ ឬអាជីកម្មដែលមិនមែនជាតម្រូវការចំាបាច់ប្រចាំថ្ងៃ លើកលែងតែករណីចាំបាច់មួយចំនួនដូចជា អ្នកធ្វើការងារក្នុងក្របខណ្ឌរដ្ឋ កងកម្លាំងប្រដាប់អាវុធ ការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត សេវាដឹកជញ្ជូនសំរាមជាដើម៕