ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជូនជនជាតិចិននិងខ្មែរសរុប ១៩នាក់ ទៅសាលាដំបូងខេត្ត នៅថ្ងៃនេះ ដើម្បីបន្តវិធានការច្បាប់ ក្រោយពីពួកគេលួចធ្វើដំណើរចេញពីតំបន់បិទខ្ទប់រាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ល្មើសនឹងបម្រាមរដ្ឋាភិបាល ។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ដោយអនុវត្តចាប់ពីម៉ោងសូន្យ ថ្ងៃទី១៥ ខែឆ្នាំដដែល ក្រោយហេតុផលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន ប្រាប់វីអូឌីនៅថ្ងៃនេះថា កាលពីព្រឹកថៃ្ងទី២៣ ខែមេសា ឆ្នាំ២០ ២១ មានករណីអ្នកបើករថយន្តជនជាតិខ្មែរ បានដឹកជនជាតិចិនចំនួន ១៨នាក់ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តបាត់ដំបង ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅចំណុចភូមិពោធិកោង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្ដកពង់ស្ពឺ ហើយទើបតែបញ្ជូនទៅតុលាការ ចាត់វិធានការច្បាប់នៅថ្ងៃទី២៥ ខែមេសានេះ ដោយសារពួកគេល្មើសនឹងបម្រាមរដ្ឋាភិបាល។
លោកមានប្រសាសន៍ថា៖ «លួចចេញពីតំបន់ដែលរដ្ឋាភិបាល Lockdown [បិទខ្ទប់] ពីរាជធានីភ្នំពេញ នេះជាកំហុស ហើយយើងបានផាកពិន័យម្នាក់ ១លាន២ម៉ឺនរៀល និងបញ្ជូនជនជាតិចិន ១៨នាក់ និងអ្នកបើករថយន្តម្នាក់ ទៅតុលាការ អនុវត្តតាមច្បាប់ព្រឹកមិញនេះអស់ហើយ»។
ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ លោក អ៊ូ ផាត សុំមិនធ្វើការបកស្រាយជុំវិញករណីនេះ ដោយលោកអះអាងថា មិនមែនត្រូវវេនប្រចាំការរបស់លោកនោះទេ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព សង្កេតឃើញថា កន្លងមក មានអ្នកបើករថយន្តជនជាតិខ្មែរមួយចំនួន បានយករថយន្តផ្ទាល់ខ្លួន រថយន្តពេទ្យ និងរថយន្តរដ្ឋជាដើម ដើម្បីលួចដឹកជនជាតិចិន និងជនជាតិខ្មែរឆ្លងកាត់តំបន់បិទខ្ទប់ ទៅតាមបណ្តាខេត្តនានា ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់។
ករណីនេះ លោកស្រី ស្នើដល់អាជ្ញាធរមានសមត្ថកិច្ចពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ថាតើពួកគេប្រព្រឹត្តនោះមានចេតនាគិតទុកមុន ឬក៏មិនយល់ពីវិធាន ឬច្បាប់ មុននឹងធ្វើការផាកពិន័យ និងចោទប្រកាន់ ឬដាក់ពន្ធនាគារតាមច្បាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់សិទ្ធិសេរីភាពពួកគេកាន់តែធ្ងន់ធ្ងរ ។
លោកស្រីមានប្រសាសន៍ថា៖ «ត្រូវមើលតាមស្ថានការណ៍ដែរថា តើលក្ខខណ្ឌនៃការបំពានហ្នឹងធ្ងន់ធ្ងរឬស្រាល ព្រោះវិធានរបស់រដ្ឋាភិបាលចេញមកបន្ទាន់ ហើយការយល់ដឹង និងការបញ្ជ្រាបព័ត៌មានរបស់ពលរដ្ឋនៅមានកម្រិត អញ្ចឹងយើងត្រូវមើលតាមស្ថានការណ៍ដែរថា លក្ខខណ្ឌនៃការបំពានហ្នឹងជាការបំពានបែបណា ជាការមិនបានយល់ច្បាប់ច្បាស់លាស់ ឬក៏គាត់ដឹងហើយនៅតែបំពានបែបលួចលាក់ យើងត្រូវអនុវត្តតាមហ្នឹង»។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា គិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្សចំនួន ២៣៦នាក់ ដែលបានល្មើសទៅនឹងបម្រាមបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដោយក្នុងចំណោមនោះ មាន ៦នាក់ ត្រូវបានតុលាការចេញដីកាឃុំខ្លួន៕