មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឱ្យដឹងថា មនុស្សជាង១៧០នាក់ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងការនាំពលករឆ្លងដែនខុសច្បាប់ក្នុងអំឡុងពេលនៃការរឹតបន្តឹងច្រកព្រំដែនតាមវិធានសុខាភិបាល រយៈពេលជាងពីរខែមកនេះ។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន មានប្រសាសន៍នៅថ្ងៃចន្ទនេះថា គិតចាប់តាំងពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១មក សមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ឡាវ និងវៀតណាម បានស្រាវជ្រាវតាមចាប់មេខ្យល់ចំនួន១៧២នាក់ដែលនាំពលករឆ្លងដែនខុសច្បាប់។
លោកបន្តថា ក្រោយការឃាត់ខ្លួនមេខ្យល់ទាំងនោះ អាជ្ញាធរក៏បានបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
លោកមានប្រសាសន៍ថា៖ «១៧២នាក់ មេខ្យល់ខុសច្បាប់ ជុំវិញប្រទេសខ្មែរ-វៀតណាម កម្ពុជា-ឡាវ-ថៃ មានទាំងអស់ហ្នឹង បញ្ជូនទៅតុលាការអស់ហើយ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តបន្ទាយមានជ័យជាប់ព្រំដែនថៃ លោក ស៊ុំ ចន្ទគា មានប្រសាសន៍ថា តាំងពីមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី អាជ្ញាធរតាមច្រកព្រំដែនខេត្តបានអនុវត្តការឃាត់ខ្លួនមេខ្យល់ច្រើនជាងមុន។
ទោះជាយ៉ាងណា លោកបន្តថា អាជ្ញាធរបានឃាត់ខ្លួនមនុស្សជាច្រើន ដោយចោទប្រកាន់ថាជាមេខ្យល់ ខណៈពួកគេខ្លះអាចគ្រាន់តែជាពលករចំណាកស្រុកធម្មតាប៉ុណ្ណោះ។ ករណីនេះ លោកជំរុញឱ្យអាជ្ញាធរត្រូវពិនិត្យមើលច្បាប់ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ជាមុនសិន ជុំវិញការចោទប្រកាន់ពួកគេថាជាមេខ្យល់នោះ។
លោកមានប្រសាសន៍ថា៖ «កន្លែងខ្លះយើងឃើញដូចការលើកឡើងការសន្មតជាមុន វាគ្រាន់តែថា ពេលខ្លះយើងរកឃើញពុំមែនជាមេខ្យល់ ព្រោះហេតុអី? នៅពេលខ្លះយើងឃើញមនុស្ស យើងមើលឃើញអ្នកខ្លះដើរមកជាមួយគ្នាអ៊ីចឹងទៅ ក៏គេថាមេខ្យល់ទៅ។ ពេលខ្លះទៅនាំគ្នារត់ពីថៃទាំងអស់គ្នាទៅ ក៏គេចាត់ទុកថាមេខ្យល់អ៊ីចឹងទៅ។ កន្លែងខ្លះគាត់ដើរមកពីថៃជាមួយគ្នាតាមច្រករបៀងជាមួយក្មេងៗជាមួយចៅគាត់អី គេចោទគាត់ជាមេខ្យល់អ៊ីចឹងទៅ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែកុម្ភៈ បានដាក់បទបញ្ជាតឹងរ៉ឹងឱ្យមន្ត្រីអនុវត្តច្បាប់នៅតាមច្រកព្រំដែនទាំងអស់រឹតបន្តឹងការឆ្លងដែនរបស់ពលករខ្មែរ ដោយមិនត្រូវបំពានវិធានការធ្វើចត្តាឡីស័ករកជំងឺកូវីដ-១៩ នោះឡើយ។
លើសពីនេះ លោកថែមទាំងបានព្រមានបណ្តេញមន្ត្រីកងកម្លាំងនគរបាលណាដែលជាប់ពាក់ព័ន្ធនឹងការរត់ពន្ធមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីគេចចេញពីការធ្វើចត្តាឡីស័ក។
ក្រោយសារព្រមានរបស់ប្រមុខដឹកនាំមិនបានប៉ុន្មានម៉ោងផង អតីតអធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង លោក គឹម ពន្លក ត្រូវបានដកតំណែងនិងចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ក្រោយសមត្ថកិច្ចរកឃើញថា លោកបានប្រព្រឹត្តខុសនីតិវិធី ដោយបានដោះលែងមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា គេចវេះពីការធ្វើចត្តាឡីស័ក។
មាត្រា១១ នៃច្បាប់ស្ដីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ចែងថា ជនណាដែលនាំយកជនដទៃចេញដោយមិនស្របច្បាប់ ក្នុងគោលដៅប្រគល់ឬនាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំ ដល់១៥ឆ្នាំ។ សម្រាប់អំពើល្មើសប្រព្រឹត្តឡើងដោយមន្ត្រីសាធារណៈដែលបំពានដោយអំណាចរបស់ខ្លួន មន្រ្តីរូបនោះត្រូវប្រឈមនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំ ទៅ២០ឆ្នាំ៕