អ្នកប្រកបរបររកស៊ីផ្លូវភេទ អំពាវនាវឱ្យរដ្ឋាភិបាលមានកិច្ចអន្តរាគមន៍ផ្តល់ស្បៀងអាហារនិងថវិកា ខណៈដែលពួកគេបានបាត់បង់ចំណូលទាំងស្រុងក្នុងអំឡុងពេលអាជ្ញាធរចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ។
អ្នកស្រី ចិន ជាអ្នកប្រកបរបររកស៊ីផ្លូវភេទ បានលើកឡើងថា មុនពេលនៃការរីករាលដាលជំងឺកូវីដ-១៩ អ្នកស្រីអាចរកចំណូលបានចន្លោះពី៤០ ០០០រៀល ទៅ៥០ ០០០រៀល នៅក្នុងមួយថ្ងៃ។ ប៉ុន្តែបន្ទាប់ពីអាជ្ញាធរចេញវិធានការរាំងខ្ទប់រាជធានីភ្នំពេញមក អ្នកស្រីបានបាត់បង់ចំណូលទាំងស្រុងពីរបរនេះ។ អ្នកស្រីបន្តថា បច្ចុប្បន្ន អ្នកស្រីមិនមានផ្ទះស្នាក់នៅនោះទេ ដោយសារតែមិនមានថវិកាសម្រាប់ជួលនៅបន្ត។
អ្នកស្រី ចិន និយាយថា៖ «ពួកខ្ញុំប្រឈមមុខ បញ្ហាទី១ កន្លែងស្នាក់នៅ ការហូបចុក។ ធម្មតាតែគេបិទ អាហ្នឹងខ្ញុំទៅធ្វើអីកើត តែចេញដើរទៅណាក៏គេមិនឱ្យទៅដែរ អ៊ីចឹងពួកខ្ញុំខ្វះខាតជីវភាពច្រើនណាស់។ ហើយទី២ អ្នកខ្លះគេមានកូនក្មេង កូនតូចនៅហ្នឹង ទើបតែបានប៉ុន្មានខែ អត់មានកន្លែងស្នាក់នៅ គឺគេដេញចេញពីផ្ទះ ហើយមកដេកតាមសំយាបផ្ទះគេ»។
បើតាមអ្នកស្រី ចិន បានអះអាងថា បច្ចុប្បន្ន អ្នកស្រីបានទទួលអាហារហូបចុកខ្លះពីពលរដ្ឋរស់នៅក្បែរខាងផ្តល់ឱ្យតែប៉ុណ្ណោះ។ អ្នកស្រីបានអំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធផ្តល់ជំនួយដល់អ្នកស្រី ដោយថា អាជ្ញាធរមិនទាន់មានដំណោះស្រាយនោះទេ។
អ្នកស្រី ចិន សំណូមពរថា៖ «សុំឱ្យពួកគាត់ [ស្ថាប័នពាក់ព័ន្ធ] ជួយផ្តល់ជាជំនួយដល់ពួកខ្ញុំហូបផង ថវិកាតិចតួចដើម្បីរួចបង់ថ្លៃផ្ទះគេ សុំឱ្យជំងឺហ្នឹងឈប់មានការកើតឡើងទៀតទៅ ឱ្យបើកផ្លូវបើកអីវិញទៅ ឱ្យពួកខ្ញុំបានរកស៊ីវិញផង។ ខាងអាជ្ញាធរមិនជួយពួកខ្ញុំទេ ឃើញពួកខ្ញុំអត់អ៊ិចឹង គេដៀលពួកខ្ញុំថែម»។
ចំណែកអ្នកប្រកបរបរផ្លូវភេទម្នាក់ទៀតស្នាក់នៅម្តុំផ្សារតូច ក្នុងខណ្ឌឫស្សីកែវ អ្នកស្រី លាប បានឱ្យដឹងថា បច្ចុប្បន្ននៅក្នុងតំបន់ដែលអ្នកស្រីរស់នៅ មានអ្នកប្រកបរបររកស៊ីផ្លូវភេទ ប្រមាណជា៤០នាក់។ អ្នកស្រីថា ជាទូទៅ ក្រុមអ្នកស្រីសម្រេចជួលផ្ទះគិតជាថ្ងៃ ដោយក្នុងមួយថ្ងៃត្រូវបង់ឱ្យម្ចាស់ផ្ទះចំនួន២ម៉ឺនរៀល។ អ្នកស្រីបន្តថា អ្នកប្រកបរបរផ្លូវភេទមួយចំនួនកំពុងរងការបណ្តេញចេញពីម្ចាស់ផ្ទះ ដោយសារមិនមានលទ្ធភាពរស់នៅបន្ត ហើយខ្លះទៀតកំពុងប្រឈមការដាច់ស្បៀងអារហារផងដែរ។
អ្នកស្រី លាប និយាយថា៖ «ស្ថានភាពបច្ចុប្បន្នកំពុងតែពិបាកខ្លាំងមែនទែន ដោយសារអត់មានចំណូល ទី១។ ទី២ គឺអត់មានអារហារហូបចុក ថ្លៃទឹកថ្លៃភ្លើងហ្នឹងគេនៅតែយក ហើយថ្លៃផ្ទះគេនៅតែយកដែរ គេអត់ចុះឱ្យយើងទេ ហើយអំឡុងពេលដែលបិទខ្ទប់នេះទៀតហ្នឹង គឺគាត់ [អ្នកប្រកបរបរផ្លូវភេទ] ទៅណាអត់រួចហ្មង។ ពីមុនបិទដែរ តែគាត់ [អ្នកប្រកបរបរផ្លូវភេទ] អាចរកលុយបានតាមទូរសព្ទ [ភ្ញៀវទំនាក់ទំនងតាមទូរសព្ទ] តែឥលូវនេះ គេបិទខ្ទប់ហ្មង គឺអត់អាចទៅរកអីបានទៀតទេ។ អ៊ីចឹងនៅតែផ្ទះ អាហារក៏ឡើងថ្លៃ ដូចពងទា មី ត្រីខ ឡើងថ្លៃទាំងអស់ ធ្វើឱ្យពិបាកមែនទែន ទាំងខ្ញុំទាំងគេសុទ្ធតែដាច់បាយ ដាច់ពេលទាំងអស់»។
អ្នកប្រកបរបររកស៊ីផ្លូវភេទរូបនេះបានស្នើឱ្យរដ្ឋាភិបាលមានកិច្ចអន្តរាគមន៍ផ្តល់អារហារ ថវិកា និងការផ្អាកការបង់លុយសម្រាប់ជួលផ្ទះក្នុងអំឡុងពេលនេះ។
អ្នកស្រីថ្លែងថា៖ «ក្នុងអំឡុងពេលកូវីដហ្នឹង ខ្ញុំចង់ស្នើសុំទៅកាន់រដ្ឋាភិបាលជួយសម្រួលដល់ម្ចាស់ផ្ទះ ថ្លៃទឹក ថ្លៃភ្លើង កុំឱ្យយកលុយពួកយើងក្នុងពេលកំពុងពេលបិទខ្ទប់ហ្នឹង។ ហើយជួយចែកជាស្បៀងអាហារ ឬមួយក៏ទឹកអាល់កុលអីការពារខ្លួនផង។ ខ្ញុំទទួលស្គាល់ថា គាត់កំពុងតែបង្ការការរីករាលដាលជំងឺកូវីដ អ៊ីចឹងក៏គាត់ត្រូវមានដំណោះស្រាយសម្រាប់ប្រជាជន ក៏ដូចជាអ្នកប្រកបរបរផ្លូវភេទ ឬអ្នកអត់ផ្សេងទៀត ទាក់ទងរឿងអាហារ និងអំពាវនាវឱ្យម្ចាស់ផ្ទះកុំឱ្យគេយកលុយក្នុងអំឡុងពេលកូវីដហ្នឹង»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ បានថ្លែងថា ក្នុងពេលនៃការចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញនេះ រដ្ឋាភិបាលគួរផ្តល់ជំនួយឱ្យបានគ្រប់គ្រាន់ដល់ពលរដ្ឋដែលបានស្នាក់នៅផ្ទះជួលក្នុងរាជធានីភ្នំពេញ ដោយលោកបានសង្កេតឃើញថា ពួកគេទាំងនោះមិនបានទទួលជំនួយពីអាជ្ញាធរមូលដ្ឋាននោះទេ ដោយសារតែមិនមានឯកសារបញ្ជាក់ផ្សេងៗដើម្បីបានជំនួយពីអាជ្ញាធរ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះ បានជំរុញឱ្យរដ្ឋាភិបាលរៀបចំយន្តការមួយដើម្បីដោះស្រាយបញ្ហានេះ។
លោក វន់ ពៅ បានលើកឡើងថា៖ «សម្រាប់រដ្ឋាភិបាល ខ្ញុំគិតថា គួរតែអង្កេតមើលមន្រ្តីថ្នាក់ក្រោមផងថា ត្រូវតែរៀបយន្តការយ៉ាងម៉េចឱ្យផ្តល់ជំនួយជាក់ស្តែងតែម្តង កុំចាំថាអ្នកមានបញ្ជីស្នាក់នៅហ្នឹងបានឱ្យ អ្នកជួលផ្ទះជួលសម្បែង [អត់មានបញ្ជីស្នាក់នៅ] អត់ឱ្យ អាហ្នឹងវាមិនកើតដែរ! ត្រូវតែឱ្យ ឱ្យស្មើគ្នា ឃើញរដ្ឋឱ្យដែរអ្នកធ្វើការរោងចក្រ ប៉ុន្តែអ្នកក្រៅប្រព័ន្ធមានការរអ៊ូរទាំ អត់ទាន់បានអីសោះ»។
លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលនៅក្នុងតំបន់បិទខ្ទប់ គឺរដ្ឋាភិបាលបានតម្រូវឱ្យពួកគេរាយការណ៍ទៅកាន់អាជ្ញាធរ ដើម្បីទទួលបានស្បៀងអារហារ។
លោកស្រី ជូ ប៊ុនអេង៖ «ខ្ញុំដឹងមិនច្បាស់ទេ តែគ្រាន់តែខ្ញុំដឹងថា អ្នកដែលនៅជាប់ក្នុងតំបន់ហ្នឹង [បិទខ្ទប់] គេមានការឧបត្ថម្ភគាំទ្រនៅពេលដែលខ្វះស្បៀង ប៉ុន្តែដល់ពេលដែលចេញថ្លៃផ្ទះឈ្នួល ដូចជាមិនអាចទេ។ ហើយមិនមែនតែមុខរបររកស៊ីផ្លូវភេទទេ ព្រោះឥលូវហ្នឹងកម្មករ កសិករ អាជីវករ គ្នាបិទគ្រប់តែគ្នាហ្នឹង។ បើថ្លៃឈ្នួលផ្ទះ បើកម្មកររោងចក្រគេឱ្យចុះថ្លៃឈ្នួល ប៉ុន្តែដល់នៅក្នុងនេះ [អ្នកប្រកបរបរផ្លូវភេទ] មិនដឹងជាយើងចុះបញ្ជីជាមួយការងារអីដែរអត់ ប៉ុន្តែមុខរបរហ្នឹងដូចជាអត់ទេ។ ខ្ញុំមិនដឹងគេបានឧបត្ថម្ភប៉ុន្មាន តែទោះបីយ៉ាងណានៅពេលដែលខ្វះស្បៀង គឺគេឱ្យរាយការណ៍ទៅអាជ្ញាធរ គេឧបត្ថម្ភ ហើយទូទៅមិនតែនារីរកស៊ីផ្លូវភេទទេ»។
លោកស្រី ជូ ប៊ុនអេង បានបញ្ជាក់បន្ថែមថា រដ្ឋាភិបាលមិនមានគោលនយោបាយដើម្បីគាំទ្រឱ្យពលរដ្ឋប្រកបរបរផ្លូវភេទនេះទេ ហើយថា មុខរបរនេះក៏មិនមានការទទួលស្គាល់ដោយក្រសួងការងារដែរ។
ទោះយ៉ាងណា អ្នកស្រីថា ក្នុងច្បាប់របស់ប្រទេសកម្ពុជា មិនបានហាមឃាត់ពួកគេមិនឱ្យប្រកបរបរនេះនោះទេ ដោយលោកស្រីចាត់ទុកថាជាការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងការជ្រើសរើសតែប៉ុណ្ណោះ។
លោកស្រី ជូ ប៊ុនអេង បានគូសបញ្ជាក់ថា៖ «យើងអត់បានលើកទឹកចិត្តឱ្យគាត់ធ្វើមុខរបរហ្នឹងជាអាជីពប្រចាំជីវិតទេ ពីព្រោះវាមិនមែនជាអាជីព។ ទោះបីគាត់រកស៊ីផ្លូវភេទក៏ដោយ ប៉ុន្តែគាត់នៅតែអាចលក់ដូរ ធ្វើអាជីវកម្មផ្សេងទៀត ដើម្បីជាមុខរបរសម្រាប់ជាអាជីព ប៉ុន្តែមុខរបររបស់គាត់ក៏គេមិនបានទៅហាមឃាត់ ហើយធ្វើយ៉ាងណា កុំឱ្យតែគាត់ទៅទាក់ទាញគេជួញដូរផ្លូវភេទអ្នកដទៃ ប៉ុណ្ណឹងបានហើយ»៕