អង្គការ សមាគម និងសហជីព ជិត៤០ បានអំពាវនាវទៅរដ្ឋាភិបាលត្រូវមានវិធានការម៉ឺងម៉ាត់ ដើម្បីធានាសុខភាពនិងសុវត្ថិភាពដល់កម្មករនិយោជិតនៅកន្លែងធ្វើការងារអំឡុងពេលជួបវិបត្តិកូវីដ-១៩ ខណៈបច្ចុប្បន្ន ពួកគេកំពុងជួបបញ្ហាប្រឈមជាច្រើនទាំងផ្នែកសុខភាពនិងសុវត្ថិភាពស្បៀង បន្ទាប់ពីរដ្ឋាភិបាលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។
អង្គការសមាគមទាំង៣៦នោះ រួមមាន សម្ព័ន្ធខ្មែរជំរឿន និងការងារសិទ្ធិមនុស្ស ហៅកាត់ថា លីកាដូ, មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា, អង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់, អង្គការសម្ព័ន្ធភាពការងារសិទ្ធិមនុស្សកម្ពុជា, អង្គការសមាគមធាងត្នោត, សមាគមសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា, គណៈកម្មាធិការ ដើម្បីបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខុមហ្វ្រែល, សមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សម្ព័ន្ធសហជីពកម្ពុជា, សម្ព័ន្ធសហជីពឯករាជ្យ, សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា, សហព័ន្ធសហជីពជាតិ នៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរ និងសហជីពឯករាជ្យកម្លាំងសាមគ្គីកម្មករ ជាដើម។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់អង្គការសមាគមចំនួន៣៦ ដែល វីអូឌី ទទួលបាន ឱ្យដឹងនៅថ្ងៃនេះថា សុខភាព សុវត្ថិភាពនៅកន្លែងការងារមានសារៈសំខាន់បំផុត ក្នុងការរួមចំណែកពីសំណាក់ភាគីនិយោជក សហជីព រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីយកឈ្នះជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងរីករាលដាលខ្លាំងនៅកម្ពុជា និងលើសកលលោក។ ពួកគេបន្តថា ជំងឺផ្លូវដង្ហើមមួយនេះធ្វើឱ្យមានបញ្ហាប្រឈមនានាក្នុងការរក្សាដំណើរការផលិតភាព សុខភាព និងសុវត្ថិភាពកម្មករនិយោជិត ដែលមិនត្រូវបានយកចិត្តទុកដាក់ជាចម្បងនៅកន្លែងធ្វើការងារ ជាដើម។
បន្ថែមពីនេះ អង្គការសមាគមទាំងនោះក៏បានលើកជាឧទាហរណ៍ពាក់ព័ន្ធរឿងបាក់រលំអគារនៅពេលកំពុងសាងសង់ក្នុងខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៩ និងបាក់អគារកំពុងសាងសង់នៅខេត្តកែបនៅឆ្នាំ២០២០ បណ្តាលឱ្យកម្មករស្លាប់និងរបួសរាប់សិបនាក់ ដោយសារការដ្ឋានសាងសង់នោះពុំមានច្បាប់អនុញ្ញាតពីមន្ទីរដែនដី នគរូបនីយកម្ម និងសំណង់នោះទេ។
ដោយឡែក នៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់និងដេរស្បែកជើង ក៏កំពុងតែប្រឈមនឹងគ្រោះថ្នាក់ដែរ ដោយសារតែប្រព័ន្ធធ្វើដំណើររបស់ពួកគេពីផ្ទះទៅកន្លែងធ្វើការងារជិះប្រជ្រៀតគ្នាខ្លាំង ពុំមានបច្ចេកទេសត្រួតពិនិត្យសុវត្ថិភាពត្រឹមត្រូវ ដែលអាចប្រឈមនឹងគ្រោះថ្នាក់បាត់បង់ជីវិតនៅពេលធ្វើដំណើរ ឬឆ្លងជំងឺជាសកលនេះនាអំឡុងពេលជួបវិបត្តិកូវីដ-១៩ ទៀតផង។
ករណីនេះ អង្គការសមាគមទាំងនោះអំពាវនាវទៅរដ្ឋាភិបាលធ្វើកំណែទម្រង់ប្រព័ន្ធគោលនយោបាយរបស់រដ្ឋ ដើម្បីជំរុញឱ្យមានការលើកកម្ពស់ និងធានាសុខភាពនិងសុវត្ថិភាពនៅកន្លែងធ្វើការងារ។ ពួកគេបន្តថា វិធានការនេះ ត្រូវធ្វើចំពោះក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថាននានា ដើម្បីឱ្យមានសណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គម ខណៈកម្មករជាង១ពាន់នាក់ហើយត្រូវបានរកឃើញឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។
សេចក្តីថ្លែងការណ៍ឱ្យដឹងថា៖ «គិតមកដល់ពេលនេះ មានកម្មករជាង១ពាន់នាក់ត្រូវបានរកឃើញឆ្លងកូវីដ-១៩ នៅតាមរោងចក្រជាង៩០ នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្តនានា ដែលជាទីបារម្ភបំផុតចំពោះសុខភាពនិងសុវត្ថិភាពរបស់កម្មករដែលប្រថុយប្រថានក្នុងការវិលត្រឡប់ទៅកន្លែងធ្វើការងាររបស់ពួកគេវិញ ក្នុងស្ថានភាពមិនទាន់ធានាសុខភាពនិងសុវត្ថិភាពនៅកន្លែងការងារ»។
ក្រុមអង្គការសមាគមដដែល ចង់ឱ្យរដ្ឋាភិបាលបង្កើតយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃចំពោះបញ្ហាសុខភាព និងសុវត្ថិភាពកម្មករនិយោជិត ជាមួយនឹងដៃគូអង្គការសង្គមស៊ីវិល តំណាងសហព័ន្ធ សហជីព សមាគម តំណាងកម្មករនិយោជិត និយោជក នៅតាមបណ្តាការដ្ឋានសំណង់និងក្រុមហ៊ុនសាងសង់តាមបណ្តារាជធានី-ខេត្តនានា ជាប្រចាំ ប្រកបដោយតម្លាភាព។ ជាងនេះទៀត ត្រូវឱ្យក្រុមហ៊ុនទាំងនោះគោរពលក្ខខណ្ឌសុខភាព សុវត្ថិភាព រួមទាំងចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ទើបទប់ស្កាត់បញ្ហាប្រឈមទាំងនោះមានប្រសិទ្ធភាពខ្ពស់។
វីអូឌី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី២ ខែឧសភា ខណៈខាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ក៏នៅមិនទាន់អាចទាក់ទងបានដែរ។
យ៉ាងណា រដ្ឋាភិបាលតាមរយៈក្រសួងការងារ កន្លងមក បានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងជូនកម្មករនិយោជិត ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ-១៩ ទៅកាន់សហគមន៍ ពិសេសវិស័យកាត់ដេរនៅកម្ពុជាបន្ថែមទៀត។
កាលពីថ្ងៃម្សិលមិញ ក្រសួងការងារបានចេញសេចក្តីជូនដំណឹងមួយ ដោយបង្ហាញពីលទ្ធផលនៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដូសទី១ ជូនកម្មករ និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់តាំងពីថ្ងៃទី៧ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា គឺមានចំនួន១២២ ១៣៤នាក់ ក្នុងនោះជនបរទេសចំនួន៣ ៩៣៩នាក់។
ដោយឡែក សម្រាប់កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈដែលបានចាក់វ៉ាក់សាំងដូសទី២ គិតត្រឹមម្សិលមិញ មានចំនួន៤៥ ៥៤១នាក់ ក្នុងនោះជនបរទេសមានចំនួន១ ៥៨៨នាក់។
ជាមួយគ្នានេះ គណៈកម្មការចំពោះកិច្ចនៃក្រសួងការងារ បញ្ជាក់ថា នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនកម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសជាបន្តបន្ទាប់ទៀត។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានឱ្យដឹងពេលនោះថា មានកម្មករនិយោជិត១ ៧០០នាក់ បម្រើការងារនៅរោងចក្រជាង២០០ (២០៦) នៅតាមបណ្តារាជធានី-ខេត្ត បានឆ្លងជំងឺកូវីដ-១៩។
លោកបន្តថា ក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល២សប្តាហ៍ ចាប់តាំងពីថ្ងៃទី១៥ ខែមេសាមកនោះ មានកម្មកររោងចក្រប្រមាណ៤០០ ០០០នាក់ មិនអាចចេញទៅធ្វើការបានឡើយ ខណៈកម្មករនិយោជិតជាង១លាន២សែននាក់បានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ដែលកំពុងឆ្លងរាលដាលនៅក្នុងសហគមន៍នោះ៕