លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំអាជ្ញាធរពាក់ព័ន្ធឱ្យត្រៀមជំនួយសង្គ្រោះបន្ទាន់ដល់ពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ ពិសេសតំបន់ក្រហម នៅរាជធានីភ្នំពេញ ខណៈរដ្ឋាភិបាលឱ្យបន្តអនុវត្តវិធានបិទខ្ទប់ ដើម្បីទប់ស្កាត់រលកចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ។
លោក ហ៊ុន សែន កាលពីម្សិលមិញ បានថ្លែងតាមរយៈសេចក្តីណែនាំថ្មីមួយទៀតថា ដើម្បីការពារអាយុជីវិតនិងសុខភាពប្រជាជន និងធានាសុវត្ថិភាពធ្វើដំណើរប្រក្រតីផ្នែកសង្គមនិងសេដ្ឋកិច្ច រដ្ឋាភិបាលសម្រេចបញ្ចប់ការបិទខ្ទប់តំបន់ភូមិសាស្ត្រនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ប៉ុន្តែរដ្ឋាភិបាលបានដាក់ចេញវិធានការ១៤ចំនុច ដើម្បីទប់ស្កាត់រលកចម្លងដែលបានផ្ទុះជាលើកទី៣នៅកម្ពុជាចាប់ពីថ្ងៃទី២០ ខែកុម្ភៈមក ខណៈក្រសួងសុខាភិបាលមិនទាន់អាចកាត់ផ្តាច់ការឆ្លងរាលដាលបាននៅឡើយ។
តាមសេចក្តីណែនាំកម្រាស់៤ទំព័រដដែល រដ្ឋាភិបាលបានទុកលទ្ធភាពឱ្យអាជ្ញាធររាជធានី-ខេត្តកំណត់ក្នុងដែនគ្រប់គ្រងរបស់ខ្លួន ថាជាតំបន់ក្រហមឬតំបន់ឆ្លងរាលដាលធ្ងន់ធ្ងរដោយខ្លួនឯង និងបើកផ្លូវឱ្យពលរដ្ឋអាចធ្វើអាជីវកម្មបាននៅតំបន់មួយចំនួនឡើងវិញ ដោយភ្ជាប់ទៅនឹងវិធានសុខាភិបាល។
លោកបានណែនាំថា៖ «ការដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្រណាមួយ គណៈអភិបាលរាជធានី-ខេត្ត ត្រូវត្រៀមបម្រុងទុកជាមុន ដោយសហការជាមួយក្រសួងពាក់ព័ន្ធ សម្រាប់ធានាឱ្យបានការផ្គត់ផ្គង់ស្បៀងចូលក្នុងភូមិសាស្ត្របិទខ្ទប់ និងជំនួយសង្គ្រោះបន្ទាន់ចាំបាច់នានាជូនប្រជាពលរដ្ឋក្រីក្រនិងមានការលំបាកក្នុងជីវភាព នៅក្នុងភូមិសាស្ត្របិទខ្ទប់ ជាពិសេសនៅក្នុងតំបន់ក្រហម»។
ក្នុងសេចក្តីណែនាំដដែល រដ្ឋាភិបាលឱ្យពង្រឹងវិធានសុខាភិបាល យកសំណាកអ្នកធ្វើដំណើរចូល វិធានធ្វើចត្តាឡីស័ក និងពន្លឿនការចាក់វ៉ាក់សាំងជាដើម ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
សាលារាជធានីភ្នំពេញ ២ថ្ងៃមុននេះ បានប្រកាសថា សង្កាត់ស្ទឹងមានជ័យ១ ស្ទឹងមានជ័យ២ និងតំបន់មួយចំនួននៅខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ស្ថិតក្នុងតំបន់ក្រហម។
ការកំណត់បែបនេះ ដើម្បីអនុវត្តវិធានបិទខ្ទប់នៅមានសុពលភាព ទៅលើការបិទការធ្វើដំណើរចេញចូល ការប្រកបមុខរបរ និងការធ្វើអាជីវកម្មផ្សេងដែលត្រូវបានបន្តបិទខ្ទប់ដដែល។
លោក ប៊ូ សារ៉ុម អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ រស់នៅបន្ទប់ជួលក្នុងភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននិយាយថា គាត់បាត់បង់ចំណូលតាំងពីជាង១ខែមុន ស្របគ្នានឹងវិធានការបិទខ្ទប់ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ ហើយថា ពេលនេះគាត់កំពុងប្រឈមខ្វះលុយបង់ធនាគារ និងស្បៀងអាហារ។
លោកថា៖ «ខ្ញុំបារម្ភខ្លាំងណាស់ សំខាន់រឿងអង្ករ [ឥលូវ] អាប្រាក់កាសក៏អត់ អង្ករក៏អត់ ថ្លៃឈ្នួលផ្ទះក៏អត់ដឹងទៅរកឯណាឱ្យគេ។ ថ្លៃទឹកថ្ងៃភ្លើងជិតដល់ហើយ ថ្ងៃនេះថ្ងៃ៥ហើយ ថ្ងៃ១០ទៅថ្ងៃ១២នេះ គេត្រូវទូទាត់ទឹកភ្លើងហើយ។ អ៊ីចឹងបើបានរដ្ឋាភិបាលគាត់ជំនួយស្បៀងមក ខ្ញុំអរណាស់! ព្រោះចេញទៅណាគេមិនឱ្យចេញ ព្រោះចំតួតំបន់ក្រហមហ្មង ខ្ញុំ!»
យ៉ាងណា ក្រោយរដ្ឋាភិបាលប្រកាសវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ជាបន្តបន្ទាប់រួចមក គេសង្កតឃើញក្រុមអង្គភាពអ្នកនាំពាក្យរបស់រដ្ឋាភិបាលបានប្រកាសលេខទូរសព្ទច្រើនខ្សែសម្រាប់ទំនាក់ទំនងសុំជំនួយស្បៀងចំពោះពលរដ្ឋដែលខ្វះខាត និងមួយវិញទៀត សាលារាជធានីភ្នំពេញក៏បានបង្កើតក្រុមតេឡេក្រាម សម្រាប់ជួយសម្របសម្រួលក្នុងការបញ្ជូនស្បៀងសង្គ្រោះទៅកាន់តំបន់បិទខ្ទប់ផងដែរ។
អ្នករស់នៅតំបន់បិទខ្ទប់ម្នាក់ទៀត អ្នកស្រី ផេន ចាន់ធឿន ជាកម្មការិនីរោងចក្រមួយដែលស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងឈូក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បាននិយាយដែរថា គាត់បាត់បង់ការងារតាំងពីខែមីនាមក ហើយថាជាង១ខែមកនេះ គាត់មិនទាន់ទទួលបានជំនួយម្តងណាពីអាជ្ញាធរពាក់ព័ន្ធទេ បើទោះបីជាគាត់បានផ្ញើសារទៅកាន់ក្រុមតេឡេក្រាមរបស់សាលារាជធានីភ្នំពេញតាំងពីខែមុនមកក៏ដោយ។
ស្ត្រីអាយុ៣១ឆ្នាំ មានកូនពីរនាក់ក្នុងបន្ទុក និយាយទៀតថា ពេលនេះក្រុមគ្រួសារគាត់កំពុងប្រឈមនឹងបញ្ហាបំណុលនិងដាច់ស្បៀង។ បញ្ហានេះ គាត់អំពាវនាវទៅដល់មន្ត្រីឱ្យពន្លឿនជំនួយសង្គ្រោះស្បៀងបន្ទាន់នេះ មកកាន់តំបន់ដែលគាត់រស់នៅ។
អ្នកស្រីថា៖ «បញ្ហាទី១ ស្បៀង! និងទី២ បញ្ហាម៉ែចាស់និងកូនតូចនៅផ្ទះបៅទឹកដោះគោ។ អ៊ីចឹង ខ្ញុំអត់មានចំណូល អត់មានស្បៀងផ្តល់ឱ្យគាត់ ដល់អ៊ីចឹងខ្ញុំក៏អត់ គាត់ក៏អត់ទាំងអស់គ្នា អត់ដឹងថាគិតម៉េច! ណាមួយអត់ដឹងថារោងចក្រគេបើកឱ្យធ្វើការថ្ងៃណា»។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ថ្លែងថា ពលរដ្ឋនៅតំបន់ក្រហមក្នុងខណ្ឌមានជ័យ នៅមិនទាន់បានទទួលអំណោយ។ យ៉ាងណា លោកថា នឹងប្រាប់ទៅអាជ្ញាធរឱ្យចុះពិនិត្យនិងចែកស្បៀងនៅតំបន់នេះ។
លោកថា៖ «ចែកគ្រប់កន្លែងទាំងអស់ ប៉ុន្តែគ្រាន់តែកន្លែងខ្លះមិនទាន់ទៅដល់ យើងនឹងបន្តចែក។ ប៉ុន្តែតំបន់ក្រហមនៅខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ ឈានទៅរកការបញ្ចប់ហើយ ចង់គ្រប់គ្នាអស់ហើយ ស្ទើរតែអស់ហើយ នៅសល់តិចតួច ប្រហែលជា១ភាគរយទេ»។
យ៉ាងនេះក្តី មន្ត្រីមួយរូបបានទូរសព្ទប្រាប់ VOD វិញភ្លាមៗថា ក្រុមការងារខណ្ឌមានជ័យ បាននាំយកអំណោយជាស្បៀងទៅចែកពលរដ្ឋដែលអះអាងថាខ្វះស្បៀងនោះហើយ បន្ទាប់ពីមានការណែនាំពីអភិបាលរាជធានីភ្នំពេញ។
យ៉ាងណា ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ធ្លាប់លើកឡើងថា ភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវដើរទន្ទឹមគ្នារវាងវិធានការបិទខ្ទប់ ការចាក់ថ្នាំបង្ការ និងការដោះស្រាយបញ្ហាស្បៀងនិងជីវភាពរបស់អ្នកដែលរងផលប៉ះពាល់។
លោកថា៖ «ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ឱ្យមានប្រសិទ្ធភាព រដ្ឋត្រូវគិតទាំងសេដ្ឋកិច្ច គិតទាំងសុវត្ថិភាពនៃការឆ្លងជំងឺកូវីដ-១៩»។
គិតត្រឹមព្រឹកថ្ងៃទី៥ ខែឧសភានេះ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលបានអូសបន្លាយជាង២ខែមកនេះ ជំងឺកូវីដ-១៩ បានសម្លាប់មនុស្សអស់១១០នាក់ ឆ្លងទៅកាន់មនុស្សជាង១ម៉ឺននាក់ និងមនុស្សប្រមាណ១ម៉ឺននាក់កំពុងព្យាបាលនៅឡើយ៕