ប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមត្រីមួយចំនួនស្នើទៅក្រសួងពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាតម្លៃត្រីចុះថោកនិងគ្មានទីផ្សារលក់ចេញ ខណៈពួកគេអះអាងថា ប្រសិនបើគ្មានដំណោះស្រាយនឹងអាចបោះបង់ចោលមុខរបរនេះតែម្តង។
កសិករចិញ្ចឹមត្រីមួយរូបនៅស្រុកបាធាយ ខេត្តកំពង់ចាម លោក ឆាយ ឈាង បានអំពាវនាវទៅក្រសួងឬស្ថាប័នជាប់ពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាតម្លៃត្រីធ្លាក់ចុះខ្លាំង ដោយសារការនាំចូលត្រីច្រើនពីប្រទេសជិតខាង ខណៈលោកបង្ហាញពីក្តីអស់សង្ឃឹមក្នុងការប្រកបរបរនេះតទៅទៀត។
បុរសវ័យ៤០ឆ្នាំ ដែលប្រកបរបរចិញ្ចឹមត្រីឆ្ដោ និងត្រីប្រា ជាង២០ឆ្នាំមកហើយនេះ បានឱ្យដឹងទៀតថា ឈ្មួញបានឱ្យតម្លៃត្រីរបស់លោកថោកជាងថ្លៃដើមផលិតទៅទៀត ដែលធ្វើឱ្យលោកត្រូវខាតបង់ ហើយប្រសិនបើលោកមិនលក់ឱ្យពួកគេទេ ឈ្មួញនឹងទិញត្រីពីវៀតណាមតែម្តង។
ទោះជាយ៉ាងណា លោកថា លោកត្រូវបង្ខំចិត្តលក់ត្រីមួយចំនួនក្នុងតម្លៃថោក ដើម្បីបញ្ចៀសការងាប់នៅរដូវរាំងស្ងួត និងបង្វិលលុយសងគេត្រលប់ទៅវិញ។
បើតាមអ្នកប្រកបរបរចិញ្ចឹមត្រីនៅស្រុកបាធាយរូបនេះ ករណីត្រីធ្លាក់ថ្លៃខ្លាំងនិងគ្មានអ្នកទិញនេះបានកើតឡើងរយៈពេលជិតមួយឆ្នាំមកហើយ។
លោកមានប្រសាសន៍ថា៖ «ឈប់ចិញ្ចឹម លក់ដីសងធនាគារ សល់លុយខ្លះទុករកអីផ្សេងរបរអីផ្សេង បើរបរហ្នឹងជួបឧបសគ្គតាំងពីដើមមករហូត។ បើប្រុងអ៊ីចឹងទៀត [អត់ទីផ្សារនិងតម្លៃថោក] សូម្បីតែលក់ដីហើយ សងធនាគារក៏អត់គ្រប់ដែរ»។
អ្នកប្រកបរបរចិញ្ចឹមត្រីម្នាក់ទៀតនៅសង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោក ជុក លឹមហ៊ាន់ រៀបរាប់ថា បច្ចុប្បន្នមិនមានឈ្មួញមកទិញត្រីរបស់ពួកគាត់នោះទេ។
បញ្ហានេះ លោកស្នើទៅរដ្ឋាភិបាលឱ្យកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេស ដើម្បីឱ្យត្រីក្នុងស្រុកអាចលក់ចេញទៅកាន់ទីផ្សារបានទូលំទូលាយ ខណៈលោកអះអាងថា ដោយសារតែមានការនាំចូលត្រីពីខាងក្រៅប្រទេសច្រើន ទើបឈ្មួញក្នុងស្រុកមិនអាចទិញត្រីពីកសិករខ្មែរ។
លោកមានប្រសាសន៍ថា៖ «មិនមែនថាឈ្មួញឱ្យតម្លៃថោកម៉េចទេ លក់មិនចេញហ្មង! មូលហេតុអត់មានឈ្មួញទិញ ឈ្មួញរាល់ដងគាត់ថាគេនាំចូលច្រើន អ៊ីចឹងគាត់លក់អត់បាន គាត់ថាគាត់លក់អត់បាន! ប៉ុន្តែឥលូវវាកូវីដ ឈ្មួញនៅក្នុងស្រុកគាត់ថាលក់អត់សូវដាច់ដែរ ប៉ុន្តែលំហូរនាំចូលមកក្រៅ វានៅតែចូលមកអ៊ីចឹង»។
កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ សមាគមវារីវប្បករនៅកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ត្រីច្រើនប្រភេទរបស់ប្រជាពលរដ្ឋដែលជាសមាជិកវារីវប្បករចំនួន៣១៥កន្លែង ដែលមានបរិមាណត្រីចំនួន៥ ៥២៧តោន ត្រូវកកស្ទះនៅសល់ក្នុងស្រះនៅឡើយ។ ត្រីទាំងនោះមានជាច្រើនប្រភេទ ដូចជា ត្រីប្រា ត្រីឆ្ដោ ត្រីពោ ត្រីអណ្ដែង ត្រីឆ្ពិន ត្រីទីឡាព៉្យា ត្រីក្រាញ់ និងត្រីធម្មជាតិដទៃទៀត។
សេចក្ដីប្រកាសព័ត៌មានដដែលបន្តថា ក្នុងខែឧសភានេះ ប្រជាពលរដ្ឋជាសមាជិកវារីវប្បករទាំងនោះមានត្រីចំនួន៤ ៨២៩តោនដែលត្រូវចាប់លក់ជាបន្តទៀតផងដែរ។
សមាគមមួយនេះបានស្នើទៅក្រសួងចំនួន៣ រួមមាន ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច ឱ្យជួយបន្តរឹតបន្តឹងគ្រប់គ្រងត្រីនាំចូលឱ្យបានកាន់តែម៉ឺងម៉ាត់ និងដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីដោះស្រាយបញ្ហាទីផ្សារ ព្រមទាំងហានិភ័យរបស់កសិករចិញ្ចឹមត្រីនៅកម្ពុជា។
ប្រធានសមាគមវារីវប្បករនៅកម្ពុជា លោក សុខ រ៉ាដែន មានប្រសាសន៍ថា តម្លៃទីផ្សារត្រីមានការធ្លាក់ចុះនិងគ្មានឈ្មួញទិញនេះ ដោយសារតែការនាំចូលប្រភេទត្រីពីក្រៅប្រទេសច្រើនដែលជាប្រភេទត្រីមានលក់នៅក្នុងស្រុកស្រាប់ ដូចជា ត្រីពោ ត្រីឆ្ដោ និងត្រីប្រា ជាដើម។
យ៉ាងណាក៏ដោយ លោកស្នើឱ្យក្រសួងពាក់ព័ន្ធ ត្រូវប្រមូលពន្ធលើការនាំចូលត្រីឱ្យបានត្រឹមត្រូវ ដើម្បីជំរុញឱ្យផលិតផលត្រីទាំងនោះមានតម្លៃប្រហាក់ប្រហែលនឹងទីផ្សារក្នុងស្រុក និងពិនិត្យមើលគុណភាពត្រីទាំងនោះ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋក្នុងការទទួលទានផងដែរ។
លោកនិយាយថា៖ «ស្នើសុំធ្វើម៉េចប្រមូលពន្ធឱ្យគ្រប់ ពេលគេប្រមូលពន្ធគ្រប់ទៅ អាតម្លៃនាំចូលមកអាចប្រកួតប្រជែងដោយយុត្តិធម៌ សមធម៌ជាមួយត្រីយើងផលិតក្នុងស្រុក»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ស្រី វុឌ្ឍី បានទេ។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គីម សុភៈ បានប្រាប់ វីអូឌី តាមរយៈតេឡេក្រាម នៅថ្ងៃទី៦ ខែឧសភា ថាចាប់តាំងពីមានការលើកឡើងជាសាធារណៈ ស្តីពីការនាំចូលត្រីច្រើនធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមត្រីក្នុងស្រុក កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចេញលិខិតណែនាំ ដើម្បីពង្រឹងបន្ថែមទៀតលើការគ្រប់គ្រង និងទប់ស្កាត់ការរត់ពន្ធមុខទំនិញនេះ ឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា ការនាំចូលត្រីត្រូវបានអនុញ្ញាតឱ្យនាំចូលដោយការបង់ពន្ធនិងអាករបាន លុះត្រាមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម។
លោកថា៖ «អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានដាក់ចេញភ្លាមលិខិតណែនាំលេខ ៥៨៤/២១ អគរ ចុះថ្ងៃទី២៦ មីនា ២០២១ ដើម្បីពង្រឹងបន្ថែមទៀត ការគ្រប់គ្រង និងការទប់ស្កាត់ការរត់ពន្ធមុខទំនិញនេះ [ត្រី] ឱ្យកាន់តែមានប្រសិទ្ធភាព»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន ជំរុញឱ្យរដ្ឋាភិបាលត្រូវស្វែងរកដំណោះស្រាយជុំវិញករណីនេះ ដើម្បីធានាថា ការប្រកបរបរចិញ្ចឹមត្រីរបស់កសិករខ្មែរនឹងទទួលបានផលចំណេញ។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលត្រូវតែធ្វើការជំរុញ ផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋជួយទិញនូវផលិតផលប្រជាពលរដ្ឋក្នុងស្រុកឱ្យបានច្រើន និងរៀបចំធ្វើម៉េចឱ្យទីផ្សារសម្រាប់លក់ផលិតផលត្រីហ្នឹង ទាំងកម្រិតទីផ្សារសហគមន៍ តាមខេត្តៗតំបន់នីមួយៗ រួមជាមួយនឹងការបោះចែកចាយត្រីតាមទីផ្សារធំៗទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត»៕