តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឃុំខ្លួនបុរសជាប្តីដែលត្រូវបានចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន»ទៅលើប្រពន្ធនិងកូន៤នាក់ នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន។
កាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយបានកើតឡើង ស្ថិតក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាលឱ្យឆេះផ្ទះមួយខ្នងទំហំ ៧ម៉ែត្រគុណនឹង១២ម៉ែត្រ សង់ពីដែក បាំងនិងប្រក់ស័ង្កសី និងបង្កឱ្យមនុស្ស៥នាក់ស្លាប់ ក្នុងនោះស្រី្តមានផ្ទៃពោះម្នាក់ និងក្មេងប្រុស៤នាក់ដែលត្រូវជាកូន។
ជុំវិញករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហុក គឹមហាក់ បានប្រាប់ វីអូឌី នៅថ្ងៃទី១៣ ខែឧសភានេះថា ចៅក្រមស៊ើបសួរបានសម្រេចចោទប្រកាន់បុរសឈ្មោះ នន់ ចាន់សារ៉េត ដែលត្រូវជាស្វាមីនិងជាឪពុករបស់ជនរងគ្រោះ ពីបទឃាតកម្មគិតទុកជាមុន តាមមាត្រា២០០ និង៥៣២ នៃក្រមព្រហ្មទណ្ឌ។
លោកបន្តថា៖ «ចោទប្រកាន់ពីបទឃាតកម្មទុកជាមុន ឃុំខ្លួននៅពន្ធនាគារកំពង់ឆ្នាំង ឃុំថ្ងៃនេះ»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន បានឱ្យដឹងកាលពីម្សិលមិញថា ដោយសារតែមានភាពមិនប្រក្រតីជុំវិញកន្លែងកើតហេតុដែលនាំឱ្យមានការសង្ស័យនោះ សមត្ថកិច្ចបាននាំខ្លួនបុរសម្នាក់ឈ្មោះ នន់ ចាន់សារ៉េត ដែលជាស្វាមីនិងឪពុកជនរងគ្រោះ មកសាកសួរ។
បន្ទាប់ពីការសួរនាំ លោកថា បុរសរូបនេះបានសារភាពថា រូបគេជាអ្នកដុតសម្លាប់ប្រពន្ធនិងកូនរបស់ខ្លួនទាំង៤នាក់ប្រាកដមែន។ លោកបន្តថា បើតាមចម្លើយរបស់ជនសង្ស័យរូបនេះ មូលហេតុបង្កឱ្យមានករណីនេះកើតឡើង ដោយសារការឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ។
ទំព័រហ្វេសប៊ុករបស់អង្គភាពការពារកុមារ (Child Protection Unit) ហៅកាត់ថា CPU នៅថ្ងៃនេះ បានបញ្ចេញព័ត៌មាននិងភស្តុតាងដែលខ្លួនបានរកឃើញនៅកន្លែងកើតហេតុ ជុំវិញករណីឃាតកម្មមួយនេះ។
CPU បន្តថា នៅវេលាម៉ោង៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ជនល្មើសមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ៣៨ឆ្នាំ របស់ខ្លួននៅផ្ទះរបស់ពួកគេដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌។ ប្រភពដដែលបន្តថា នៅពេលនោះក៏ជនល្មើសបានយកកន្រ្តៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កឱ្យគាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនល្មើសបានបន្តហិង្សាទៅលើកូនរបស់ខ្លួនដែលមានអាយុ៣ឆ្នាំ បណ្តាលឱ្យបាត់បង់ជីវិត។
អង្គភាពនេះបន្តថា៖ «ភស្តុតាងបានបង្ហាញយើងថា ជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួនអាយុ៩ឆ្នាំ ដោយច្របាច់ក។ កូនភ្លោះពីរនាក់ទៀតដែលមានអាយុ៧ឆ្នាំ បានប្រទះឃើញអំពើទាំងនេះ ក៏រត់ចូលទៅក្នុងបន្ទប់គេងហើយកាន់ឬឱបគ្នាដោយមានការភ័យខ្លាច។ ភស្តុតាងបានបង្ហាញយើងថា ជនល្មើសបានខ្ទាស់សោរបន្ទប់គេងពីខាងក្រៅ»។
អង្គភាពការពារកុមារដដែលនេះបន្ថែមថា បន្ទាប់មក ជនល្មើសបានដុតពូកនិងខោអាវដើម្បីផ្តើមអគ្គិភ័យឡើង ហើយជនល្មើសបានរង់ចាំនៅក្នុងផ្ទះរហូតដល់ពេលអគ្គិភ័យចាប់ផ្តើមរីករាលដាល ទាំងដឹងថាកូនភ្លោះពីរនាក់នៅមានជីវិតនៅឡើយ ហើយជាប់សោរនៅក្នុងបន្ទប់គេង។
ស្ថាប័នជំនាញមួយនេះបន្តថា នៅពេលអគ្គិភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញក្រៅផ្ទះនិងរង់ចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។
ការស្រាវជ្រាវរបស់ CPU បន្តថា ជនរងគ្រោះខ្លះបានស្លាប់ដោយរបួសមុនពេលអគ្គិភ័យ ហើយមួយចំនួនទៀតបានស្លាប់នៅក្នុងអគ្គិភ័យ។ សាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពឱបគ្នាផងដែរ។
អង្គភាពនេះបន្តទៀតថា ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅយប់កើតហេតុ ហើយបានផ្តល់សេចក្តីបំភ្លឺមួយចំនួនទៅសមត្ថកិច្ចរៀបរាប់អំពីការផ្តើមនូវអគ្គិភ័យនេះ ក្នុងពេលនោះ ក្រុមការងារជំនាញក៏បានចាប់ផ្តើមធ្វើកោសលវិច័យទៅលើសាកសពនិងកន្លែងកើតហេតុទាំងស្រុង។
ប្រភពដដែលនេះ ថាពេលដែលក្រុមការងារបានរៀបរាប់និងសួរអំពីភស្តុតាងបែបវិទ្យាសាស្រ្តមួយចំនួនទៅកាន់ជនល្មើស គេក៏ចាប់ផ្តើមសារភាពពីអំពើឃាតកម្មនិងអគ្គិភ័យ។
CUP បន្តថា៖ «នេះគឺជាអំពើដ៏ឃោរឃៅលើសពីការស្មានរបស់អ្នកណាទាំងអស់»។
នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា ឃាតកម្មសាហាវបែបនេះកើតឡើង អាចបណ្ដាលមកពីកត្តាសង្គម គ្រឿងញៀន ការជះឥទ្ធិពលពីសម័យសង្រ្គាម និងជាពិសេសគឺបុគ្គលខ្លួនឯងផ្ទាល់តែម្ដង។
ជាមួយគ្នានេះ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវដោះស្រាយករណីហិង្សាក្នុងគ្រួសារឱ្យបានឆាប់រហ័ស ទោះបីជាករណីនោះតូចតាចក្ដី ដោយមិនត្រូវគិតថាជាបញ្ហាបុគ្គលឬគ្រួសារឡើយ ខណៈលោកសង្កេតឃើញថា ករណីតូចតាចទាំងនេះ អាចបង្កឱ្យមានផលអាក្រក់កើតមានឡើងក្នុងសង្គមនាពេលខាងមុខ។
បន្ថែមពីនេះ លោកស្នើឱ្យពលរដ្ឋនិងអាជ្ញាធរត្រូវចៀសវាងការប្រើពាក្យសម្ដីណាមួយដែលបង្កឱ្យមានអំពើហិង្សាកើតឡើង។
លោកមានប្រសាសន៍ថា៖ «រដ្ឋាភិបាលគួរតែមានការពិចារណានៅក្នុងការចាត់វិធានការគិតគូរអំពើហិង្សាដែលបានកើតឡើងក្នុងគ្រួសារ ធ្វើយ៉ាងណាដើម្បីកុំឱ្យកើតមានធំ ធ្វើយ៉ាងណាគឺឱ្យមានការចាត់វិធានការឱ្យបានឆាប់ ឱ្យបានលឿន មុនពេលបញ្ហាទាំងអស់ហ្នឹងកើតឡើងនៅក្នុងសង្គម ហើយមានផលអាក្រក់ដូចកើតឡើងក្នុងខេត្តកំពង់ឆ្នាំង។ ប្រសិនយើងព្រងើយកន្តើយជាមួយហិង្សានៅក្នុងគ្រួសារនៅក្នុងសង្គមដែលយើងគិតថាជាបញ្ហាផ្ទាល់ខ្លួន វានឹងជះឥទ្ធិពលអាក្រក់កាន់តែធំថែមទៀតសម្រាប់សង្គមយើងនាពេលអនាគត»៕
កែតម្រូវ៖ វីអូឌី សូមធ្វើការកែតម្រូវកថាខណ្ឌទី១៖ «តុលាការខេត្តកំពង់ឆ្នាំង បានសម្រេចឃុំខ្លួនបុរសម្នាក់ដែលសង្ស័យដុតសម្លាប់ប្រពន្ធនិងកូន៤នាក់របស់ខ្លួន នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។» ខ្លឹមសារដែលត្រឹមត្រូវគឺ «តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចឃុំខ្លួនបុរសជាប្តីដែលត្រូវបានចោទប្រកាន់ពីបទ«ឃាតកម្មគិតទុកជាមុន»ទៅលើប្រពន្ធនិងកូន៤នាក់ នៅពន្ធនាគារខេត្តជាបណ្ដោះអាសន្ន។»