អ្នកបើករថយន្ដឈ្នួលដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្នើរដ្ឋាភិបាលនិងសមត្ថកិច្ចកុំដាក់ទោសទណ្ឌឬពិន័យពួកគេ ដោយអះអាងថា ពួកគេមិនបានចូលទៅដឹកកម្មករចេញពីតំបន់ក្រហម យកទៅស្រុកកំណើត ដូចការលើកឡើងកន្លងមកនោះឡើយ។
កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ពលរដ្ឋចំនួន៤៩នាក់ និងអ្នករត់រថយន្តឈ្នួលចំនួន៥៥នាក់ ដែលធ្វើដំណើរចេញ-ចូល និងឆ្លងកាត់តំបន់ក្រហម ឬតំបន់មានការឆ្លងកូវីដ-១៩ខ្លាំង លើផ្លូវវេងស្រេង ម្ដុំស្តុបទួលពង្រ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ មនុស្សទាំង១០៤នាក់ ត្រូវបានបញ្ជូនទៅធ្វើតេស្តសំណាកនិងធ្វើចត្តាឡីស័កនៅវត្តគោកបញ្ជាន់ ក្នុងនោះមាន២នាក់រកឃើញមានវិជ្ជមានកូវីដ-១៩។
អ្នកបើករថយន្ដឈ្នួលដែលត្រូវបានសមត្ថកិច្ចឃាត់និងបញ្ជូនទៅធ្វើចត្តាឡីស័កនៅវត្តគោកបញ្ជាន់ លោក លីម ម៉េង លើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា រូបគាត់មិនបានលួចដឹកប្រជាពលរដ្ឋនិងកម្មករចេញពីតំបន់ក្រហមទៅកាន់ខេត្តគោលដៅណាមួយ ដោយល្មើសនឹងវិធានការហាមឃាត់ដូចការលើកឡើងកន្លងមកនោះទេ។
លោកបន្តថា ពួកគាត់មិនបានដឹងថា ផ្លូវចាប់ពីច្រមុះជូ្រកស្ទឹងមានជ័យទៅដល់រង្វង់មូលចោមចៅ ត្រូវបានអាជ្ញាធរហាមឃាត់ការធ្វើដំណើរឡើយ ព្រោះអាជ្ញាធរមិនបានដាក់ប៉ារ៉ាស់ឬដាក់សញ្ញាសម្គាល់ ដើម្បីហាមឃាត់ការធ្វើដំណើរមិនឱ្យចេញចូលនោះទេ។
លោកថា៖ «ខ្ញុំជិះពីច្រមុះជ្រូកស្ទឹងមានជ័យទៅរង្វង់មូលចោមចៅនៅលើផ្លូវវេងស្រេងហ្នឹង អត់មានបត់បែនទៅណាទៀតទេ។ បើសិនជាខ្ញុំជិះទៅចូលឬមានគេហាមឃាត់ដាក់ប៉ារ៉ាស់ អាហ្នឹងខ្ញុំខុសហើយ! ខ្ញុំខុសពីគោលការណ៍លក្ខខណ្ឌរដ្ឋាភិបាលហើយ ព្រោះតំបន់គេហាមឃាត់ ខ្ញុំជិះចូល។ នេះនៅលើផ្លូវធំ គេឱ្យខ្ញុំឆ្លងកាត់មកហ្នឹង គេឃាត់ ខ្ញុំស្មានគេឃាត់តែឡានដឹកមនុស្ស ដល់ឡានខ្ញុំដឹកអីវ៉ាន់ គេឃាត់ដែរ»។
អ្នកបើករថយន្តរូបនេះបន្តថា រថយន្តរបស់លោកដឹកស្បៀងមានដូចជា អង្ករ ត្រី សាច់ បន្លែ ផ្លែឈើ ដែលពលរដ្ឋនៅខេត្តកំពង់ចាមផ្ញើមកឱ្យកូនៗរបស់គាត់នៅរាជធានីភ្នំពេញតែប៉ុណ្ណោះ ដោយមិនបានដឹកមនុស្សចេញទៅខេត្តនោះឡើយ។
អ្នកបើករថយន្ដឈ្នួលម្នាក់ទៀតនៅខេត្តត្បូងឃ្មុំ លោក ស៊ាង ហាក់ លើកឡើងថា រថយន្តរបស់លោកចាប់ផ្ដើមរត់ឡើងវិញនៅថ្ងៃទី៨ ខែឧសភានេះ ដោយដឹកស្បៀងអាហារដែលអ្នកស្រុកផ្ញើមកឱ្យកូនៗរបស់គាត់នៅរាជធានីភ្នំពេញ បន្ទាប់ពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានថា រដ្ឋាភិបាលបើកឱ្យធ្វើដំណើរវិញនោះ។
លោកបន្តថា រថយន្តរបស់គាត់មានដឹកក្មេងនិងមនុស្សចាស់២នាក់ពីកន្លែងផ្សេងក្នុងរាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវវេងស្រេងនោះ ប៉ុន្តែអ្នកដែលជិះក្នុងរថយន្តនោះមិនមែនជាកម្មកររោងចក្រឬអ្នករស់នៅម្ដុំផ្លូវវេងស្រេងនោះទេ។
ម្ចាស់រថយន្តឈ្នួលរូបនេះនិយាយទៀតថា លោកមិនបានឈប់រថយន្តចាប់ម៉ូយនៅតំបន់ហាមឃាត់ដូចការចុះផ្សាយរបស់សារព័ត៌មានមួយចំនួននោះឡើយ។
លោកថា៖ «កាសែតផ្សេងគេចុះថា ពួកខ្ញុំមកចតឡាន មកចាំចាប់ម៉ូយ គឺមិនមែនទេ! មានកាមេរ៉ាមានអី ឱ្យគាត់ឆែកមើលទៅ ឡានពួកខ្ញុំមានឈប់ដាក់ម៉ូយកន្លែងគេហាមឃាត់អត់? ឱ្យគាត់ឆែកមើលទៅ ពួកខ្ញុំគ្រាន់តែឆ្លងកាត់ទេ»។
អ្នកបើករថយន្តមកពីខេត្តព្រៃវែងម្នាក់ទៀត លោក ស៊ឹម ឌួង និយាយថា លោកបានឈប់ទម្លាក់អង្ករឱ្យកម្មករ ដោយគ្រួសាររបស់គាត់បានផ្ញើមកពីស្រុកកំណើតពិតមែន ប៉ុន្តែមិនបានចាំដឹកកម្មករយកទៅស្រុកល្មើសនឹងវិធានការរបស់រដ្ឋាភិបាលនោះទេ។ លោកថា ដោយសារគ្រួសារគាត់គ្មានប្រាក់សម្រាប់ដោះស្រាយបញ្ហាជីវភាពគ្រួសារ បង់ថ្លៃសាលាកូន និងសងធនាគារ ទើបបង្ខំចិត្តមករត់រថយន្ត ខណៈជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ។
លោកស្នើទៅរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធដោះលែងពួកគាត់ និងសុំកុំឱ្យមានការផាកពិន័យ ឬយកពួកគាត់ទៅដាក់ទោសទណ្ឌ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក ដោយសារពួកគាត់បារម្ភពីសុវត្ថិភាព។
លោកថា៖ «សម្រាប់ខ្ញុំទាំងអស់គ្នាសូមលើកម្រាមដៃដប់ ជួយដោះលែងពួកខ្ញុំទាំងអស់គ្នា ដោយសារពួកខ្ញុំខុសឆ្គងដោយប្រការមិនដឹងហេតុផលថាតំបន់យើងឆ្លងកាត់វាខុសដែរ»។
លោក ឈិត ចិន្តា អះអាងថាជាពលរដ្ឋម្នាក់ដែលជាអ្នកទទួលអីវ៉ាន់ពីអ្នកបើករថយន្តឈ្នួលឈ្មោះ ស៊ឹម ឌួង បានបង្ហាញការសោកស្ដាយនៅពេលទទួលព័ត៌មានថា អ្នកបើករថយន្តឈ្នួលដែលដឹកអង្ករឱ្យលោក ត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ។ លោកបន្តថា លោក ស៊ឹម ឌួង មិនបានចូលដឹកកម្មករទេ លោកគ្រាន់តែដឹកអីវ៉ាន់ដែលគ្រួសាររបស់ពួកគាត់ផ្ញើមកពីខេត្តព្រៃវែងមកឱ្យគាត់តែប៉ុណ្ណោះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា មានប្រសាសន៍ថា អាជ្ញាធរមិនទាន់សម្រេចយ៉ាងណានៅឡើយ ដោយរង់ចាំពួកគាត់បញ្ចប់ការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃរួចសិន។
លោកថា៖ «ឥលូវ យើងរង់ចាំមើលជាក់ស្ដែងយ៉ាងម៉េចសិន ចាំមើលចប់ឬជិតចប់ អាហ្នឹងយើងចាំមានគោលការណ៍ពីសាលារាជធានីភ្នំពេញម៉េច អាហ្នឹងយើងអនុវត្តជាក់ស្ដែង។ តាមពិតបើសិនជាគោលការណ៍ បើមកអ៊ីចឹងមានចម្លងអ្នកដទៃ អាហ្នឹងអាចបញ្ជូនទៅតុលាការ បើសិនជាធ្ងន់ធ្ងរអ៊ីចឹង។ ប៉ុន្តែបើសិនមានពុំមានករណីរាលដាលអីទេ អាហ្នឹងត្រឹមការពិន័យនិងណែនាំអប់រំ ហើយដោះលែងគាត់តែប៉ុណ្ណឹង អ៊ីចឹងយើងមិនទាន់ដឹងចំណុចមួយណាទេ»។
វីអូឌី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បើសិនជាដូចការអះអាងរបស់ពួកគាត់មែន អាជ្ញាធរគួរតែធ្វើការពិចារណាចំពោះរឿងនេះ ដោយថា ពួកគាត់ជាអ្នករងគ្រោះដោយសារ វិបត្តិកូវីដ-១៩ ដូចពលរដ្ឋដទៃទៀតដែរ។
លោកថា៖ «ពួកគាត់សុទ្ធតែបានរងនូវវិបត្តិកូវីដហ្នឹង ត្រូវការចាំបាច់ការរកចំណូលផ្គត់ផ្គង់គ្រួសារ ហើយនិងដោះបំណុលផ្សេងៗហ្នឹងដែលគាត់ចាំបាច់។ អ៊ីចឹង ខ្ញុំគិតថា បើសិនជាដូចការអះអាងហ្នឹង មិនគួរណាឃាត់ទេ។ បើសិនឃាត់ខ្លួនហើយ ត្រូវពិនិត្យមើល បើសិនជារឿងហ្នឹងវាជាការល្មើសឬកំហុសអីដែលអាចយោគយល់ សមត្ថកិច្ចក៏គួរតែពិចារណាត្រឹមធ្វើការអប់រំ ធ្វើកិច្ចសន្យាអីទេ ព្រោះយើងដឹងហើយក្នុងដំណាក់កាលកូវីដនេះ សុទ្ធតែមានវិបត្តិដូចគ្នា»។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ឱ្យដឹងថា បើទោះជារដ្ឋាភិបាលបើកឱ្យមានការធ្វើចរាចរណ៍ឡើងវិញពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយក៏ដោយ ប៉ុន្តែរាជធានីភ្នំពេញនៅតែរក្សាតំបន់៣ដដែល គឺតំបន់លឿង លឿងទុំ និងតំបន់ក្រហម ហើយត្រូវពង្រឹងឱ្យបានហ្មត់ចត់ទៅលើទីតាំងដែលបានកំណត់ ចៀសវាងការបន្តចម្លងជំងឺកូវីដ-១៩ ទៅតំបន់ផ្សេងទៀត៕