សកម្មជនការពារព្រៃឈើ និងជាមន្ត្រីជាន់ខ្ពស់សមាគមបណ្ដាញយុវជនកម្ពុជា ជំរុញទៅក្រសួងកសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ត្រូវស្រាវជ្រាវចាប់ខ្លួនជនល្មើសដែលនាំឈើខុសច្បាប់ចេញទៅលក់នៅហុងកុង ដើម្បីដាក់ទោសតាមច្បាប់ជាជាងឆ្លើយដោះសារយករួចខ្លួន នាំឱ្យអំពើល្មើសនៅតែបន្តកើតមាន។
ការជំរុញនេះធ្វើឡើងបន្ទាប់ពីបណ្តាញសារព័ត៌មានក្នុងស្រុកនិងអន្តរជាតិមួយចំនួនបានចុះផ្សព្វផ្សាយព័ត៌មានថា គយហុងកុងបានរឹបអូសឈើចំនួន៧កុងតឺន័រ ទម្ងន់ប្រមាណ២១១តោន ជាប្រភេទឈើរងការគំរាមកំហែងដែលមានតម្លៃទីផ្សារប្រមាណ១ ១០០ ០០០ដុល្លារហុងកុង ឬស្មើជាង១៤ម៉ឺនដុល្លារអាមេរិក (១៤០ ០០០) នៅកន្លែងត្រួតពិនិត្យ ទំនិញគយក្នុងកំពង់ផែ Kwai Chung និងកំពង់ផែ Tsing Yi ចន្លោះថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។ ឈើទាំងនេះត្រូវបានគេសង្ស័យថាជាឈើគ្មានលិខិតអនុញ្ញាត និងមានប្រភពនាំចេញពីកម្ពុជា។
មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ក្រសួងកសិកម្មត្រូវធ្វើការស្រាវជ្រាវរកមន្ត្រីពាក់ព័ន្ធនៅថ្នាក់ក្រោមមួយចំនួនដែលគប់គិតគ្នាជាមួយឈ្មួញនាំឈើខុសច្បាប់ប្រមាណ២១១តោនឆ្លងទៅហុងកុង ជាជាងឆ្លើយយករួចខ្លួន ដើម្បីទប់ស្កាត់កុំឱ្យមានអំពើល្មើសកើតឡើងបន្តទៀត។
លោកមានប្រសាសន៍ថា៖ «ក្រសួងកសិកម្មគួរតែបង្ហាញនូវយន្តការឬក៏ផែនការមួយច្បាស់លាស់ អំពីយន្តការនៅក្នុងការទប់ស្កាត់ការរត់ពន្ធឈើខុសច្បាប់នេះទៅក្រៅប្រទេសបន្តទៀត។ ដរាបណាក្រសួងមិនបង្ហាញនូវផែនការគួរឱ្យទុកចិត្តទេ យើងនៅតែជឿជាក់ថា អំពើរត់ពន្ធឈើអាចកើតឡើងបានសារថ្មីម្តងហើយម្តងទៀត»។
ទាក់ទិននឹងបញ្ហានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៤ ខែឧសភានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា រយៈពេល៥ឆ្នាំកន្លងទៅនេះ ក្រសួងពុំដែលបានបំពេញបែបបទនាំចេញប្រភេទឈើរងការគំរាមកំហែងជូនដល់ក្រុមហ៊ុនណាមួយសម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស ឬហុងកុងនោះទេ។
ករណីនេះ ក្រសួងបញ្ជាក់ថា ព័ត៌មានដែលផ្សាយថា គយហុងកុងចាប់ឃាត់ឈើនាំចេញពីកម្ពុជាជាការនាំចេញឈើខុសច្បាប់ឬរត់ពន្ធឈើខុសច្បាប់នោះ ក្រសួងកំពុងស្រាវជ្រាវដោយសហការជាមួយក្រសួងនិងស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកការពិត ព្រមទាំងរកអ្នកដែលប្រព្រឹត្តបទល្មើសយកមកផ្តន្ទាទោសតាមច្បាប់ទៀតផង។
របាយការណ៍របស់វៀតណាមដែលចេញផ្សាយដោយសារព័ត៌មាន Vietnam plus កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា រយៈពេល៣ខែដើមឆ្នាំ២០២១ វៀតណាមរកចំណូលបានពីការនាំចេញឈើនិងផលិតផលឈើកែច្នៃ ក្នុងទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារអាមេរិក។ ប្រភពដដែលបន្តថា ចំនួននេះមានការកើនឡើងជាង៤១ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
ដោយឡែក សម្រាប់កម្ពុជាតាមរយៈរបាយការណ៍របស់ក្រសួងកសិកម្មបង្ហាញថា ក្នុងរយៈពេលពេញ១ឆ្នាំ ក្នុងឆ្នាំ២០២០ ចំណូលដែលបានមកពីព្រៃឈើនិងសត្វព្រៃមានចំនួនជាង៤៤លានដុល្លារអាមេរិកប៉ុណ្ណោះ (៤៤ ០៩១ ០០០)។ ក្នុងនោះ តម្លៃសរុបនៃផលិតផលឈើដាំនិងឈើកែច្នៃមានចំនួនត្រឹមតែជាង២៣លានដុល្លារអាមេរិកតែប៉ុណ្ណោះ (២៣ ២៣៧ ០០០)។
កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សៅ សុខា បានបង្ហាញការខកចិត្តចំពោះការបាត់បង់ព្រៃឈើនៅកម្ពុជាច្រើន ប៉ុន្តែចំណូលបានមកវិញតិចតួចបំផុត។ បញ្ហានេះ លោកបង្ហាញអារម្មណ៍ខ្មាសអៀនជាខ្លាំងចំពោះប្រទេសជិតខាង ដោយថា គេគ្មានព្រៃឈើត្រូវបាត់បង់សោះ ប៉ុន្តែចំណូលពីវិស័យមួយនេះវិញ គេទទួលបានរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ។
អង្គការគំនិតផ្តួចផ្តើមសកលប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (Global Initiative Against Transnational Organized Crime) កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញរបាយការណ៍មួយដោយរកឃើញថា ការកាប់បំផ្លាញព្រៃឈើនៅប្រទេសកម្ពុជាក្នុងរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ មានអត្រាខ្ពស់បំផុត ដែលធ្វើឱ្យកម្ពុជាបាត់បង់ព្រៃឈើក្នុងតំបន់ការពារធម្មជាតិជាង៥សែនហិកតា ដែលស្មើនឹងជិត១២ភាគរយនៃគម្របព្រៃឈើសរុប៕