មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធនាគារ បានស្នើឱ្យផ្អាកការដឹកជញ្ជូនអ្នកជាប់ឃុំនៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ឡើងសវនាការជាបណ្តោះអាសន្នសិន ក្រោយរកឃើញថា អ្នកជាប់ឃុំចំនួន១៨នាក់នៅក្នុងពន្ធនាគារនេះបានឆ្លងជំងឺកូវីដ-១៩ ។
យោងតាមលិខិតដាច់ដោយឡែកពីគ្នាចំនួន២ របស់ប្រធានមណ្ឌលអប់រំកែប្រែទី១ នៃក្រសួងមហាផ្ទៃ លោក យិន គន្ធ ចុះថ្ងៃទី២០ ខែឧសភា ផ្ញើទៅកាន់ប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការសាលាឧទ្ធរណ៍ ឱ្យដឹងថា នៅមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស មានអ្នកជាប់ឃុំចំនួន១៨នាក់បានឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោកបន្តថា ខាងពន្ធនាគារនៅមិនទាន់ដឹងពីមូលហេតុនៃការឆ្លងនេះទេ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ដើម្បីយកមកធ្វើតេស្តរកជំងឺកូវីដ-១៩។
ករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានស្នើសុំឱ្យផ្អាកដឹកអ្នកជាប់ឃុំពីមណ្ឌលអប់រំកែប្រែទី១ (ម១) ចូលរួមសវនាការនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការសាលាឧទ្ធរណ៍មួយរយៈសិន គិតចាប់ពីថ្ងៃទី២០ ខែឧសភា តទៅ។
ទាក់ទងករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់ វីអូឌី នៅថ្ងៃនេះថា បច្ចុប្បន្ន ក្រុមគ្រូពេទ្យកំពុងយកសំណាកអ្នកជាប់ឃុំដែលនៅក្នុងអគារជាមួយអ្នកជំងឺទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ប៉ុន្តែលោកនៅមិនទាន់មានរបាយការណ៍ជាក់លាក់ពីចំនួនអ្នកដែលត្រូវធ្វើតេស្តនៅឡើយទេ។
លោកបញ្ជាក់ថា៖ «បារម្ភ! យើងបារម្ភហើយ ដោយសារជំងឺនេះវារាលដាលឆ្លងលឿន យើងពិបាកកំណត់ប្រភពមុខសញ្ញាអីបន្តបន្ទាប់ គឺគួរឱ្យបារម្ភទាំងអស់។ ធម្មតាទេ វាមិនមែនទទួលមេរោគភ្លាម យើងតេស្តរកឃើញភ្លាមទេ តេស្តលើកទី១ មិនទាន់អីទេ ប៉ុន្តែដល់ក្រោយមក ដល់តេស្តក្រោយ រកឃើញ»។
យ៉ាងណាក្តី លោក នុត សវនា បានបញ្ជាក់ថា ជាវិធានការបឋមនេះ មន្ត្រីពន្ធនាគារបានផ្ទេរអ្នកជាប់ឃុំខ្លះចេញពីអគារដែលមានអ្នកវិជ្ជមានកូវីដ-១៩ ទៅកាន់អគារផ្សេងទៀត ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងធ្វើការស្រាវជ្រាវរកប្រភពចម្លងជំងឺទៅអ្នកជាប់ឃុំនៅក្នុងពន្ធនាគារនេះ។
លោកបន្តថា៖ «វិធានការថ្មី អ្នកដែលចេញទៅព្យាបាលនៅពេទ្យខាងក្រៅ យើងអត់ដាក់ចូលបន្ទប់ដើមទេ គឺយើងធ្វើចត្តាឡីស័កពួកគាត់តែម្ដង។ ហើយការធ្វើចត្តាឡីស័ក គឺមិនមែន១៤ថ្ងៃទេ គឺ២០ថ្ងៃ ព្រោះមេរោគបំប្លែងថ្មីនេះ ទាល់តែយូរដែរទើបចេញរោគសញ្ញា»។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង សុំមិនធ្វើអត្ថាធិប្បាយឡើយ ចំពោះករណីផ្ទុះជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារព្រៃសនេះ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា លោកស្រីមិនទាន់ទទួលបានព័ត៌មាននេះពីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលជាអ្នកចុះធ្វើកិច្ចការងារនៅឡើយទេ។
ពន្ធនាគារព្រៃស (ម១) គឺជាពន្ធនាគារទី២ហើយ បន្ទាប់ពីពន្ធនាគារខេត្តព្រះសីហនុដែលមានអ្នកជាប់ឃុំបានឆ្លងជំងឺកូវីដ-១៩។
កាលពីថ្ងៃទី១០ ខែឧសភា អាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញអ្នកជាប់ឃុំចំនួន៣៤នាក់បានឆ្លងជំងឺកូវីដ-១៩។ ក្រោយពីការផ្ទុះជំងឺកូវីដ-១៩ ក្នុងពន្ធនាគារខេត្តព្រះសីហនុ អាជ្ញាធរបានសម្រេចជម្លៀសអ្នកជាប់ឃុំជាស្ត្រីជាង១៤០នាក់ ទៅពន្ធនាគារខេត្តកំពតជាបណ្តោះអាសន្ន ខណៈអ្នកជាប់ឃុំជិត១០០នាក់ទៀតដែលភាគច្រើនជាអ្នកជាប់ឃុំមានវ័យចាស់ជរា ជាអ្នកជាប់ឃុំក្នុងបទល្មើសស្រាលៗ ឬអ្នកជាប់ឃុំដែលនៅសល់ទោស៣ខែត្រូវដោះលែងនោះ គឺត្រូវបានអាជ្ញាធរស្នើសុំឱ្យតុលាការដោះលែងពួកគេ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
លោក រ៉ុង វិជ្ជា ដែលជាក្មួយប្រុសរបស់សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានបង្ហាញក្ដីបារម្ភចំពោះសុខភាពនិងសុវត្ថិភាពពូរបស់ខ្លួន រួមនឹងអ្នកជាប់ឃុំដទៃទៀត នៅពេលមានអ្នកជាប់ឃុំឆ្លងជំងឺកូវីដ-១៩បែបនេះ។
លោកថ្លែងថា៖ «ប្រសិនបើមានការឆ្លង វាឆ្លុះបញ្ចាំងអំពីស្ថានភាពនៅទីនោះមិនមានសុវត្ថិភាពចំពោះអនាម័យ ជនជាប់ឃុំទាំងអស់មិនយកចិត្តទុកដាក់។ មួយទៀតដែរ ទាក់ទងនឹងរឿងលោកគ្រូ រ៉ុង ឈុន វាជារឿងអយុត្តិធម៌ ដែលយើងបានទាមទារកន្លងមក ដែលចង់ឱ្យខាងមន្ត្រីក្រសួងយុត្តិធម៌និងតុលាការផ្ដល់យុត្តិធម៌ឱ្យគាត់បានឆាប់ ហើយជាពិសេស ក្នុងអំឡុងពេលនេះ ក្រសួងឬតុលាការដោះលែងគាត់ឱ្យគាត់បាននៅក្រៅឃុំ និងអ្នកកំពុងជាប់ទាំងអស់មានសុវត្ថិភាព»។
ចំណែកភរិយារបស់លោក ថុន រដ្ឋា សកម្មជនបរិស្ថាន គឺអ្នកស្រី ប៉ាត់ រស្មី បានលើកឡើងពីការព្រួយបារម្ភដែរថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក អ្នកស្រីមិនបានជួបនិងទៅសួរសុខទុក្ខស្វាមីនៅពន្ធនាគារឡើយ ដោយសារខាងពន្ធនាគារមិនអនុញ្ញាត ដោយខ្លាចឆ្លងជំងឺកូវីដ-១៩ ទៅអ្នកជាប់ឃុំ។
អ្នកស្រី រស្មី៖ «ខ្ញុំសំណូមពរឱ្យក្រសួងសុខាភិបាល ធ្វើយ៉ាងណាមានវិន័យតឹងបន្តិចចំពោះការឆ្លងកូវីដ [ក្នុងពន្ធនាគារ] ហើយសម្រាប់អ្នកជាប់ឃុំថ្មីៗ គួរតែដាក់ដោយឡែក១៤ថ្ងៃសិន។ ជាចុងក្រោយ ខ្ញុំចង់សំណូមពរថា សូមរដ្ឋាភិបាល ក៏ដូចជាតុលាការទម្លាក់ចោលបទចោទទៅ ព្រោះប្ដីខ្ញុំមិនមានកំហុសអីទេ ព្រោះយុវជនដែលស្រឡាញ់បរិស្ថាន ស្នេហាជាតិទាំងអស់ ពួកគាត់មិនមានកំហុសទេ គួរតែដោះលែងពួកគាត់ ដើម្បីឱ្យពួកគាត់បានជួបជុំគ្រួសារ និងបង្ការការរាលដាលការឆ្លងជំងឺកូវីដ-១៩»។
ទាក់ទងនឹងករណីនេះ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានចាត់ទុកការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងពន្ធនាគារថា ជាហានិភ័យធំសម្រាប់អ្នកជាប់ឃុំ ខណៈបន្ទប់នីមួយៗដាក់អ្នកជាប់ឃុំច្រើនលើសលុប ដែលធ្វើឱ្យមានភាពចង្អៀតណែន មិនអាចរក្សាគម្លាតសុវត្ថិភាពនិងអនាម័យបានជាដើម។
លោកបន្តថា ភាពចង្អៀតណែននេះ អ្នកជាប់ឃុំក្នុងបន្ទប់ជាមួយគ្នាងាយនឹងឆ្លងជំងឺកូវីដ-១៩ណាស់។ ករណីនេះ លោកទទូចទៅតុលាការនិងរដ្ឋាភិបាលពិនិត្យដោះលែងអ្នកទោសស្រាលៗឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។
លោក អំ សំអាត ថ្លែងថា៖ «យើងទទួលស្គាល់ អគ្គនាយកដ្ឋានពន្ធនាគារមានការប្រឹងប្រែងក្នុងការទប់ស្កាត់ ប៉ុន្តែយើងដឹងហើយ ជំងឺហ្នឹងមើលអត់ឃើញទេ។ អ៊ីចឹងការរីករាលដាលវាមានហានិភ័យខ្ពស់សម្រាប់ពន្ធនាគារ។ អ៊ីចឹងយើងសង្គមស៊ីវិល យើងមានការបារម្ភ ហើយនៅតែទទូចទៅដល់តុលាការទាក់ទងនឹងការឃុំខ្លួនបណ្ដោះអាសន្ន គួរតែពិនិត្យពិចារណាទៅលើបទល្មើសណាដែលអាចឱ្យនៅក្រៅឃុំបាន ការពន្លឿននីតិវិធី ឬក៏រដ្ឋាភិបាលក៏ត្រូវពិនិត្យទៅលើអ្នកទោសដែលជិតផុតទោស ដែលគួរអនុញ្ញាតឱ្យនៅក្រៅឃុំឬដោះលែងក៏ជាការកាត់បន្ថយនៃការឆ្លងជំងឺដែរ»។
បច្ចុប្បន្ននេះ កម្ពុជាមានអ្នកជាប់ឃុំសរុបតាមពន្ធនាគារនៅទូទាំងប្រទេសប្រមាណ៤០ ០០០នាក់។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ធ្លាប់បានប្រាប់ វីអូឌី ថា ក្នុងចំណោមអ្នកទោសជាង៤០ ០០០នាក់ អាជ្ញាធរបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២៩% ឬប្រមាណជា១១ ០០០នាក់ នៅក្នុងពន្ធនាគារចំនួន៤ ក្នុងនោះក៏មានពន្ធនាគារព្រៃសនេះមួយដែរ៕