ក្រសួង​នឹង​ដោះ​លែង​ទណ្ឌិត​​ដែល​អនុវត្ត​ទោស​​ជិត​​ចប់​ ដើម្បី​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​យុត្តិធម៌ ​អះអាង​ថា ​ឆាប់ៗនេះ ​ក្រសួង​នឹ​ងអនុ​វត្តយន្តការដោះលែងទណ្ឌិតដែល​អនុវត្ត​​ទោស​ជិតចប់​តាមលក្ខខណ្ឌច្បាប់ ដើ​ម្បីកា​ត់បន្ថ​យភាពចង្អៀតណែនក្នុងពន្ធនាគារ និងយន្តការមួយចំនួន​ទៀត។

កាលពីថ្ងៃម្សិលមិញ​ រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានអនុញ្ញាត​ឱ្យលោកស្រី​ PA​​ULI​NE TAM​ES​IS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា អមដោយតំណាងការិយាល័យឧត្តមស្នងកា​រ​​ទទួលបន្ទុ​កសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងតំណាងអង្គការ UNICEF ចូលជួបពិភាក្សាការងារ ពាក់ព័ន្ធនឹងការដោះស្រា​​​​យភាពចង្អៀ​តណែនក្នុងពន្ធនាគារ ក្នុងក្របខណ្ឌនៃយុទ្ធនាការដោះស្រាយ​ការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធា​នី​-ខេត្ត និងប​ញ្ហាមួយចំនួនទៀត។ នេះ​បើ​តាម​ការ​​ផ្សព្វ​ផ្សាយ​​នៅ​លើ​​ទំព័រហ្វេស​ប៊ុក​របស់​ក្រសួង​យុត្តិធម៌។

លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមន្ត្រីជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារជាមួយលោកជំទាវ PAULINE TAMESIS ប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ពាក់ព័ន្ធនឹងការដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ និងច្បាប់ទាក់ទងនឹងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងយុត្តិធម៌ Ministry of Justice)

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានប្រាប់ VOD នៅថ្ងៃសុក្រនេះថា ក្នុងជំនួប​នោះ លោករដ្ឋមន្ត្រី កើត រិទ្ធ បានស្នើតំណាងអង្គការសហប្រជាជាតិ ជួយចូលរួមចំណែកស្តារនីតិសម្បទាអ្នកជាប់ឃុំ ដើម្បីឱ្យពួកគេមានជំនាញ អាចរកប្រាក់ចំណូលបាននៅពេលពួកគេត្រូវបានដោះលែង ដើម្បីបញ្ចៀសកុំឱ្យពួកគេ​ត្រឡប់ចូលទៅពន្ធនាគារជាថ្មីឡើងវិញ ដោយសារតែប្រព្រឹត្ត​បទល្មើសជាថ្មីទៀត។

នៅពេលសួរថា តើតំណាងអង្គការសហប្រជាជាតិមានបានលើកពីជម្រើសអនុវត្តទោសសហគមន៍ ដើម្បីកាត់បន្ថយភាពចង្អៀតណែន​ក្នុងពន្ធនាគារ​ឬទេ? លោកអះអាងថា ក្រសួងយុត្តិធម៌កំពុងសិក្សាពីលទ្ធភាព​នេះ តែថាជំហានដំបូង ក្រសួ​ង ត្រូវអនុវត្តយន្តការដែលមានស្រាប់សិន។

លោកថា៖ «ឆាប់ៗខាងមុខនេះ ក្រសួងយុត្តិធម៌នឹងរៀបចំយន្តការ ដែលគេហៅថាគណៈកម្មការមួយពាក់ព័ន្ធនឹងការដោះលែងមា​ន​​លក្ខខណ្ឌ អាហ្នឹងជាច្បាប់អនុញ្ញាត! អ៊ីចឹងចំពោះទណ្ឌិតដែលប្រព្រឹត្ត​បទល្មើស ហើយ​ដែលអនុវត្តទោសជិតចប់អីហ្នឹង យើ​ងធ្វើទៅ​លើរូបភាពហ្នឹង! បន្ថែមពីលើអ្វីដែលយើងមានហើយ គឺបន្ធូរ​បន្ថយនិងលើកលែងទោស»។

លោកបានបន្តថា ក្រៅពីនេះ ក្រសួងកំពុងសិក្សាពីលទ្ធភាពដាក់ឱ្យអនុវត្តទោសសហគមន៍នៅតំបន់ណាមួយជាជំហានដំបូងផងដែរ ប៉ុន្តែលោកថា ត្រូវការពេល ដើម្បីបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ពង្រាយតាមគោលដៅ រួមទាំងត្រូវពន្យល់ពលរដ្ឋឱ្យយល់ដឹង បញ្ចៀសការប្រើអំពើហិង្សា​ណាមួយលើជនត្រូវចោទ​ដែលបានបញ្ជូនទៅអនុវត្តទោសសហគមន៍នេះ។

លោ​កថា៖ «យើងមានក្រុមការងារមួយកំពុងសិក្សាទៅលើបញ្ហានេះ ហើយបើដាក់ចេញ ក៏យើងដាក់ក្នុងតំបន់ណាមួយជាការសា​ក​​ល្ប​​ងសិន ឥលូវមិនទាន់ដល់ជំហានសាកល្បងនៅឡើយទេ»។

យ៉ា​​ងណា លោកបានគូសបញ្ជាក់ថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងរយៈពេល៣៦៥ថ្ងៃកន្លងទៅ​​នេះ បានកាត់បន្ថយការហក់ឡើងចំនួនអ្នកជា​ប់​ឃុំ។

បើតា​មមន្ត្រីរូបនេះ យុទ្ធនាការកន្លងទៅ ត្រូវបានបិទបញ្ចប់ហើយ ជាលទ្ធផលទទួលបាន២៣​សាលាដំបូងខេត្ត លើកឡែងតែសា​​លាដំបូងរាជធា​នីភ្នំពេញ និងសាលាដំបូងខេត្តព្រះសីហនុ នៅមិនទាន់បានបិទបញ្ចប់។ លោកបន្ត​ថា តាមរយៈ​យុទ្ធនាការនោះ សំណុំ​រឿងចា​ស់​ជាង៩៥ភាគរយ និងសំណុំ​រឿ​ងថ្មី៧៥​ភាគរយ ត្រូវ​បានដោះស្រាយបញ្ចប់។

វីអូឌី មិនទាន់អាចទាក់ទង​តំណាងការិយាល័យឧត្តមស្នងកា​រ​​ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបាននៅឡើយ​ទេ គិតត្រឹមថ្ងៃសុក្រនេះ។

លោក រ៉ុង វិជ្ជា ត្រូវជាក្មួយរបស់លោក រ៉ុង ឈុន សមាជិក​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែល​ត្រូវបានចាប់ខ្លួនអំឡុងខែកក្កដា ឆ្នាំ២០២០នោះ មានប្រសាសន៍ថា​ តាមរយៈយន្តការរបស់ក្រសួងយុត្តិធម៌នេះ លោក​រំពឹង​ថា ឪពុក​មារបស់​លោក​​ រួមទាំងអ្នកទោសមនសិការផ្សេងទៀត នឹងត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ដោយសម្អាងថា អ្នកទាំងនោះមិនបានធ្វើអ្វីខុសដូចការចោទប្រកាន់ឡើយ។

លោកថា៖ «យើងនៅតែមានសង្ឃឹមថា បើតុលាការមានភាពយុត្តិធម៌នៅប្រទេសកម្ពុជា​យើងហ្នឹង ត្រូវតែផ្តល់យុត្តិធម៌ឱ្យគាត់ទាំងអស់គ្នាមានសិទ្ធិសេរីភាពឡើងវិញ»។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានលើកឡើង​ថា យន្តការថ្មីរបស់​ក្រសួងយុត្តិធម៌នេះ ដូចគ្នាទៅនឹងអ្វីដែលក្រុមអង្គការសង្គមស៊ីវិលធ្លាប់ស្នើកន្លងទៅ ដែល​នោះគឺ​​ការឃុំខ្លួនបណ្តោះអាសន្នជាជម្រើសចុងក្រោយ ហើយត្រូវយកអាទិភាពសេរីភាពនៃជនជាប់ចោទជាធំ។

លោកថា៖ «ការដោះស្រាយអាភាពចង្អៀតណែនហ្នឹង យើងស្វាគមន៍! ក៏ប៉ុន្តែធ្វើឱ្យមានប្រសិទ្ធភាពដែលអាចអនុវត្តទៅបានហើយឆាប់ទៀត បើសិនជាគ្រាន់តែគម្រោង ហើយយូរទៀត អាហ្នឹងវានៅតែមិនអាចកាត់បន្ថយបាន ហើយវានៅតែជាហានិភ័យនៃការព្រួយបារម្ភខ្ពស់ នៅក្នុងអំឡុងនៃកូវីដរីករាលដាលទៅដល់ពន្ធនាគារមួយចំនួនហើយហ្នឹង។ អ៊ីចឹងយើងចង់បានឱ្យការអនុវត្តហ្នឹងឱ្យបានឆាប់»។

អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានថ្លែងកាល​ពី​ដើម​សប្តាហ៍នេះ​ថា អ្នកជាប់ឃុំ​សរុប​នៅ​ទូទាំងប្រទេសមានជិត៤០ ០០០​នាក់។

ដោយឡែក អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពីដើមឆ្នាំមុន បានបង្ហាញរបាយការណ៍មួយថា ​គិត​ត្រឹម​ខែ​មីនា ​ឆ្នាំ​​២០២០ ​អ្នក​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេស​​ជិត៤០ ០០០​​នាក់​ ខណៈ​ពន្ធនាគារ​​របស់​កម្ពុជា​អាច​ដាក់​អ្នកជាប់ឃុំ​បានប្រមាណ​២៦ ០០០​នាក់តែ​ប៉ុណ្ណោះ។​

អង្គការ​អន្តរ​ជាតិ​នេះ​បញ្ជាក់​ថា៖​ «វិបត្តិ​នៃ​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារនេះ​ កំពុង​បង្ក​ឱ្យ​​មាន​ការ​​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរ និង​លក្ខណៈ​ជា​ប្រព័ន្ធ»៕​ 


អត្ថបទទាក់ទង

  1. មន្រ្តី​​កម្ពុជា​រិះគន់​ UN លើ​សំណើ​បញ្ចេញ​អត្ត​សញ្ញាណ​អ្នក​ឆ្លង​កូវីដ-១៩​ក្នុង​ពន្ធនាគារ​
  2. អង្គការ​​អន្តរជាតិ​​២​​​ ​អំពាវ​នាវ​ឱ្យ​ដោះ​លែង​អ្នក​ជាប់​ឃុំ​​ខ្លះ​​ក្រោយ​ជំងឺ​កូវីដ-១៩​ឆ្លង​​​ចូល​ពន្ធនាគារ​
  3. សង្គ​ម​ស៊ី​វិល​​បារម្ភ​ថា​ឥទ្ធិពល​នយោ​បាយ​នឹង​ធ្វើ​ឱ្យ​ការ​ជំរុញ​​ប្រសិ​ទ្ធ​ភាព​ការ​កាត់​ក្តី​ដោយ​យុត្តិធម៌​ជួប​បញ្ហា​
  4. អ្នក​ទោស​នយោ​បាយ​និង​អ្ន​ក​ទោស​មន​សិការ​​ឆ្លង​ជំងឺ​កូវីដ-១៩​​នៅ​​ពន្ធនា​គារ​ព្រៃស​
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ