មន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ ឱ្យដឹងថា រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ត្រូវបានអ្នកបច្ចេកទេសរុះរើចេញ ដើម្បីជួសជុលនិងកែលម្អឡើងវិញ ដោយពុំបានរំកិលចេញទៅណាទេ ខណៈសាធារណជនមួយចំនួនដាក់ការព្រួយបារម្ភទៅលើការវិនិយោគរបស់អ្នកស្រី ជឹង សុភាព ហៅ យាយភូ ថាអាចនឹងធ្វើឱ្យប៉ះពាល់ដល់រូបសំណាកដ៏ចំណាស់មួយនេះ។
រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ត្រូវបានគេដាក់តាំងបង្ហាញជាសាធារណៈនៅលើសួនច្បារផ្នែកខាងជើង ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប៉ុន្តែថ្មីៗនេះ រូបសំណាកដែលទាក់ទិននឹងប្រវត្តិសាស្រ្តអក្សរសិល្ប៍របស់ខ្មែរនេះ ត្រូវបាត់ដោយមិនដឹងមូលហេតុ។
ទាក់ទិនរឿងនេះ អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក កើត ឆែ បានប្រាប់ វីអូឌី នៅថ្ងៃទី៧ ខែមិថុនា ថាតាមពិតទៅរូបសំណាកលោកព្រឹទ្ធាចារ្យ ក្រមង៉ុយ នេះ មិនបានយកចេញពីទីតាំងចាស់ដូចការព្រួយបារម្ភរបស់សាធារណជនទេ។
លោកបន្តថា ដោយសាររូបសំណាកនេះមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ ទើបអ្នកជំនាញសម្រេចរុះរើនិងជួសជុលដោយកែលម្អនៅផ្នែកខ្លះនៃរូបសំណាកឡើងវិញ។
បើតាមលោក កើត ឆែ រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ នេះ នឹងត្រូវដំឡើងលើទីតាំងចាស់នេះដដែល ក្រោយជួសជុលរួចរាល់។
លោកបញ្ជាក់ថា៖ «គេជួសជុលកែលម្អនិងទុកនៅកន្លែងដើមដដែលហ្នឹង មានយកទៅណា! នៅក្នុងការដ្ឋាន ឃើញរូបនៅទីនោះហើយ! រូបលោកតា ក្រមង៉ុយ បាក់ឆ័ត្ររួតបាក់អីទៅ! គេកំពុងជួសជុល។ ទៅមើលក្នុងសួនហ្នឹងទៅឃើញហើយ នៅក្នុងរបងការដ្ឋានហ្នឹងណា»។
ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការរិះគន់ជាហូរហែនៅលើបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះ អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហាញរូបភាពប៉ុន្មានសន្លឹក និងបន្តចែកចាយជាបន្តបន្ទាប់ ដោយមិនមានរូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ នៅទីតាំងចាស់ ហើយជំនួសមកវិញដោយការហ៊ុមព័ទ្ធរបងស័ង្កសី។
លោក វង្ស វិចិត្រ ស្ថាបត្យករគូរប្លង់ និងជាពលរដ្ឋម្នាក់រស់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្លែងថា លោកហាក់លែងមានការភ្ញាក់ផ្អើលអំពីការរុះរើរូបសំណាកលោកតា ក្រមង៉ុយ ក្នុងរូបភាពអភិវឌ្ឍន៍ដែលធ្លាប់មានជាហូរហែកន្លងមកនោះហើយ។ ប៉ុន្ដែអ្វីដែលលោកមានការព្រួយបារម្ភនោះ គឺលំហបៃតងក្នុងរាជធានីភ្នំពេញដែលនៅមានតិចតួចនិងចេះតែបាត់បង់ទៅថែមទៀត។
លោកបន្តថា៖ «និយាយទៅ ត្រៀមចិត្តទុកមុនហើយ ថាដីសួនហ្នឹងមុននិងក្រោយ រូបសំណាកអីអស់ហ្នឹង គង់គេដកចេញហើយ»។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យដោយកាត់ដីនៅទីតាំងសួនច្បារនេះ ប្រគល់ទៅឱ្យទៅក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា។
អនុក្រឹត្យនេះបានផ្តល់សិទ្ធិវិនិយោគឱ្យទៅក្រុមហ៊ុន ផានអ៊ីម៉ិច នៅលើទំតាំងដី៣កន្លែង ក្នុងទំហំសរុប៨ ០០០ម៉ែត្រការ៉េ។ ដោយឡែក សម្រាប់ទីតាំងដីដែលមានរូបសំណាកលោកព្រឹទ្ធាចារ្យ ក្រមង៉ុយ នេះ ស្ថិតនៅផ្នែកខាងជើង ទល់មុខសណ្ឋាគារកាំបូឌីយ៉ាណា តាមបណ្តោយមហាវិថីព្រះសីហនុ ដោយទីតាំងនេះមានទំហំដីចំនួន៥ ០០០ម៉ែត្រការ៉េ។
យ៉ាងនេះក្តី លោក កើត ឆែ អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ បដិសេធអត្ថាធិប្បាយជុំវិញការផ្តល់សិទ្ធិវិនិយោគទៅឱ្យក្រុមហ៊ុននេះ។
ក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ជឹង សុភាព ធ្លាប់រងការរិះគន់ ក្រោយទទួលបានសិទ្ធិវិនិយោគលុបបឹងកក់។
វីអូឌី ពុំអាចស្វែងរកការបំភ្លឺពីអ្នកស្រី ជឹង សុភាព ហៅយាយភូ បានទេ កាលពីថ្ងៃម្សិលមិញនេះ។
ដោយឡែក លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បដិសេធថា លោកពុំបានដឹងពីការបាត់រូបសំណាក់អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ នេះទេ។ លោកបន្តថា ការដករូបសំណាក់នេះចេញ មិនមែនខាងក្រសួងវប្បធម៌ជាអ្នកទទួលខុសត្រូវឡើយ។
លោកបន្តថា៖ «អត់ដឹងរឿងផង! កាលណាបើគេយកចេញ គឺខាងមន្ទីរគេរាយការណ៍មកក្រសួងហើយ។ បើទាក់ទងអាជ្ញាធរដែនដីយកចេញ គឺអត់ដឹងរឿងផង»។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ប្រសិនបើរូបសំណាកនេះពិតជាត្រូវបានគេរំកិលចេញពីទីតាំងចាស់មែន នោះជារឿងដែលគួរឱ្យសោកស្តាយ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ បន្តថា ចំពោះរូបសំណាកដែលជាវត្ថុមានតម្លៃ និងសម្រាប់សាធារណជនគោរពបែបនេះ គួរត្រូវបានរក្សាទុកនៅទីតាំងដែលមនុស្សគ្រប់គ្នាអាចមើលឃើញនិងគោរពបាន៕