តុលាការ​បដិសេធ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​​បណ្ដោះ​​អាសន្ន​​របស់​​​លោក​ រ៉ុង ឈុន

លោក រ៉ុង ឈុន ក្រោយ​ចេញពី​សវនាការ​នៅ​តុលាការ​កំពូល ពាក់ព័ន្ធ​នឹង​បទ​ចោទ «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ RONG CHHUN​)

តុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចបដិសេធបណ្តឹង​សុំនៅក្រៅឃុំបណ្តោះអាសន្ន​​​របស់​លោក រ៉ុង ឈុន ប៉ុន្តែត្រូវបាន​មេធាវីការពារក្តី និងសាច់ញាតិ​សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ​ហៅការ​​សម្រេចនេះថា មិន​​ផ្អែក​​លើ​អង្គហេតុនិងអង្គច្បាប់ប្រកបដោយសុភនិច្ឆ័យឡើយ។

ថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ក្រោយបញ្ចប់សវនាការ លោក ឡោ ជុនធី សហមេធាវីម្នាក់ក្នុងចំណោម​មេ​ធាវីទាំង​​ពីររូបដែលចូលការពារក្តីឱ្យ​លោក ​រ៉ុង ឈុន​ បានប្រាប់ក្រុមអ្នកសារព័ត៌មាន​នៅថ្ងៃទី០៨ ខែមិថុនានេះ​ថា ជាការសោកស្តាយ​​ដែល​​នៅ​​នាទីចុងក្រោយ សេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះហាក់មិន​បានពិចារណា​​​ទៅ​លើ​សេចក្តី​​សន្និដ្ឋានរបស់មេធាវីការពារ​ក្តីឱ្យជនត្រូវចោទសោះ។

លោកបន្តថា តាមពិតទាំងលោក រ៉ុង ឈុន និង​​កញ្ញា សរ កណិកា គួរត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បើផ្អែកលើអង្គហេតុនិង​​​​នីតិវិធី​​ច្បាប់​​។

លោកមេធាវី ឡោ ជុនធី ផ្ដល់បទសម្ភាសន៍នៅមុខសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសវនាការលើលោក រ៉ុង ឈុន ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)
លោកមេធាវី ឡោ ជុនធី ផ្ដល់បទសម្ភាសន៍នៅមុខសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសវនាការលើលោក រ៉ុង ឈុន ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ម៉ម មុនីរតន៍)

លោកបន្តថា៖ «[ការ]ឃុំខ្លួន​របស់​គាត់​ហ្នឹងដូចខ្ញុំបានលើកឡើងអ៊ីចឹង គិតមកដល់​​ពេល​​​​​នេះ ​​​មាន​រយៈពេល១១ខែនិង២៣ថ្ងៃហើយ ដូច្នេះ ភាពសមហេតុ​សមផលគួរតែឱ្យគាត់​បាន​​​​​​នៅ​​​ក្រៅឃុំ នេះជាចំណុចទី១។ ហើយចំណុចទី២ តើកូនក្តី​របស់ខ្ញុំគាត់គេចវេះ​ទៅណា​! ចាប់​​ពី​​នី​​តិ​វិ​ធី​ចាប់ផ្តើមរហូតមកដល់នីតិវិធីសវនា​ការរហូតដល់២ទៅ៣ដង គាត់ចូលរហូត ​គាត់មាន​គេ​ច​​​​វេះទៅ​ណា​! បើគាត់នៅក្រៅឃុំ គាត់ធ្វើអីកើត!»

យុវជន រ៉ុង​ វិជ្ជា ដែលត្រូវជាក្មួយប្រុសបង្កើតរបស់​លោក រ៉ុង ឈុន​ ចាត់ទុកសេចក្តីសម្រេចរបស់​​ចៅ​​ក្រម​​​ជំនុំជម្រះ លោក លិ សុខា ថាជាការសម្រេចដែលមាន​ភាពអយុត្តិធម៌ចំពោះលោក រ៉ុង ឈុន​​។

លោកបន្តថា ក្រុមគ្រួសាររបស់លោក​នឹងនៅ​តែបន្តស្វែងរកនីតិវិធីជាថ្មីទៀត ធ្វើយ៉ាងណាដើម្បីអាច​ជួយ​​ឱ្យលោក រ៉ុង ឈុន​ បាន​​រួច​ផុតពីការចោទ​​ប្រកាន់​។

លោក​​បន្ត​​​ថា៖ «ខ្ញុំមានការសោកស្តាយ​ជាខ្លាំង នេះជារឿងអយុត្តិធម៌ដែលក្រុមគ្រួសារ ក៏ដូច​ជាប្រ​ជា​ពល​រដ្ឋទូទៅមិនអាចទទួលយកបាន ពីព្រោះតុលាការមិនបានលើកហេតុផលសមរម្យ។ វាមើលឃើញពីការ​អនុវត្តស្តង់ដារពីររបស់តុលាការ»។

បើទោះជាបែបណា នៅក្នុងអង្គសវនាការដែលប្រព្រឹត្តទៅនៅថ្ងៃ​ទី​៨ ខែមិថុនានេះ​ គឺពុំ​​មាន​​វត្ត​មាន​ជនជាប់ចោទទាំងពីរនាក់ រួមមាន ​លោក រ៉ុង ឈុន និងកញ្ញា សរ កណិកា សកម្មជន​​អតីត​​គណបក្ស​​សង្រ្គោះ​​​ជាតិ ចូលរួមដោយផ្ទាល់នៅពេលជំនុំជម្រះទេ។

គេសង្កេតឃើញនៅ​​ក្នុង​​បន្ទប់​​​សវនាការ ទាំង​​នៅ​​ក្នុងដំណាក់កាលធ្វើសេចក្តីកត់សម្គាល់ សេចក្តីថ្លែងហេតុ និងសេចក្តី​​សន្និ​ដ្ឋាន ភាគីទាំងពីរ គឺ​​សហ​មេធាវីការពារក្តីឱ្យជនជាប់ចោទ និងតុលាការ បាន​បន្តខ្វែង​​គំនិតគ្នា​​ជា​​ច្រើន​ចំណុចនៅក្នុង​​មាត្រា​​ច្បាប់ រហូតដល់សេចក្តីសន្និដ្ឋានចុងក្រោយ។

នៅក្នុងសេចក្តីថ្លែងហេតុពីដំបូងទី លោក សំ សុគង់ សហមេធាវីម្នាក់ក្នុង​​ចំណោម​​មេធា​វីទាំ​ង​ពីររូប ឆ្លើយតបទៅចៅក្រមជំនុំជម្រះ​ថា ដោយយោងមាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ គឺមានភាពចាំបាច់ដែលតម្រូវឱ្យមេធាវីអាច​​ស្នើ​​សុំ​ទៅតុលាការ ដើម្បី​​បើក​​ផ្លូវឱ្យកូនក្តីរបស់ខ្លួនបាននៅ​​ក្រៅ​​ឃុំបណ្តោះអាសន្ន។ លើសពីនេះទៀត មាត្រា​​៤៩៥ នៃក្រម​​នេះ​​ដដែល គឺការកំណត់នៃបទល្មើស មានន័យថា បទល្មើសប្រឆាំងលោក រ៉ុង ឈុន និងកញ្ញា សរ កណិ​​កា នេះជាបទល្មើសមជ្ឈិមទេ។

លោក សំ សុគង់ បន្ត​ថា បើផ្អែកលើការឃុំខ្លួននេះ អ្នកទាំងពីរ​បាន​អនុវត្តទោស​បាន​​​២​​​​ភាគ​​៣​​នៃទោស​អតិបរមាដែលកំណត់ផ្តន្ទាទោសដោយក្រមនេះចន្លោះពី៦ខែ ទៅ២៤​ខែរួច​​បាត់​​ទៅហើយ ដែលករណីនេះ ​កូនក្តីរបស់លោក​​គួរ​ត្រូវដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។

ភ្លាមៗ ក្រោយពីមេធាវីការពារក្តីឱ្យជនត្រូវចោទ ព្យាយាមដោះបន្ទុកនោះ តំណាង​អយ្យការ​​ លោក សេង ហៀង បានប្រតិកម្មតបភ្លាម ដោយលើកសម្អាងហេតុថា តាមពិតទៅ ទាំងលោក រ៉ុង ឈុន និងកញ្ញា សរ កណិកា មិនបានឃុំខ្លួនលើសពីនីតិវិធីឡើយ។

លោកថា ​បើ​តាម​មាត្រា​៣០៥ នៃ​​ក្រម​​ព្រហ្មទណ្ឌនេះ តាម​​រយៈការបង្ហាញខ្លួនចំនួន២ ទៅ៣ដងកន្លងទៅ នៅចំពោះមុខតុលាការ មាន​​ន័យ​​ថា ​​គឺ​​ជា​​កា​រ​អនុវត្ត​​នីតិវិធីពេញ​​លេ​ញ​​​​​ហើយ។

នៅក្នុងដំណាក់កាលនៃ​ដំណើរការក្តីឯណោះវិញ សហមេធាវីទាំងពីររបស់​​ជន​​​ត្រូវ​​ចោទ ក៏បានស្នើ​ទៅចៅក្រមជំនុំជម្រះ ឱ្យកូន​ក្តីរបស់ខ្លួនមានវត្តមាននៅក្នុងបន្ទប់សវនា​ការផងដែរ។

ករណីនេះ លោក សេង ហៀង ព្រះរាជ​​អាជ្ញា​​រង ដែល​កាន់សំណុំរឿងនេះ បានលើកឡើង​ថា ការជំនុំជម្រះនេះពុំ​​ចាំ​​បាច់​​មាន​​វត្ត​​​​មាន​​ជន​ត្រូវ​​ចោទ​ទាំងពីររូបចូលរួមកាត់ក្តី​​ដោយ​​​ផ្ទាល់ទេ ដោយសារ​ខាង​ពន្ធនាគារបាន​ជូន​​ដំណឹងមក​តុលា​ការ​​រួចទៅហើយ ពីហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ ដែលពិបាកដល់ការដឹកជញ្ជូនអ្នកជាប់ឃុំមកសាល​​សវ​នា​ការ។

ម៉្យាងវិញទៀត លោកថា នេះជាសវនា​ការមុនអង្គសេចក្តី ហេតុនេះពុំមានហេតុផល​អ្វីដែល​ចាំបាច់​​តម្រូ​វឱ្យ​មាន​​ជនជាប់ចោទទាំងពីរបង្ហាញវត្តមាននៅទីនេះឡើយ។

បើទោះជាបែបណា យោងតាមលិខិតកោះអញ្ជើញរបស់តំណាងអយ្យការ លោក សេង ហៀង ដែល​​ចេញកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ ការជំនុំ​​ជម្រះដែល​​ធ្វើឡើងនៅព្រឹកថ្ងៃទី​៨ ខែ​មិថុនា​នេះ ជា​​​សវនាការ​លើអង្គ​​សេចក្តីទេ។ ប៉ុន្តែគេមិនបានដឹង​​ថា​តើមានមូលហេតុអ្វីឱ្យប្រាកដបានជាតុលាការ​​សម្រេច​​បង្វែ​​​រ​​រឿងក្តី​ មកជាសវនាការមុន​អង្គសេចក្តី​ទៅវិញ។

យ៉ាងនេះក្តី សវនាការសុំនៅក្រៅ​​ឃុំ​​ណ្តោះ​អាសន្ន​ដែលប្រើពេលប្រមាណជិត១ម៉ោង ប្រព្រឹត្តទៅក្រោមការឃ្លាំមើលនិងចូលរួមសង្កេត​​ការ​​​ពីអង្គការដៃគូជាតិនិងអន្តរជាតិ ដូចជា ​តំណាង​​ស្ថាន​​​ទូតជប៉ុន សហរដ្ឋអាមេរិក អាល្លឺម៉ង់ អ៊ីយូ អូស្រ្តាលី ស៊ុយអែត និងសមាគមបណ្តាញ​​យុវជន​​កម្ពុជា (CYN) ជាដើម។

លោក អំ សំអាត នាយករងអង្គការការពារសិទ្ធិមនុស្ស​លីកាដូ យល់ឃើញថា ចៅក្រមជំនុំជម្រះមិនគួរបដិសេធ​​បណ្តឹង​សុំនៅក្រៅឃុំដូចនេះឡើយ។ លោកបន្តថា ទាំងសេចក្តីសន្និដ្ឋាននិងសម្អាងហេតុរបស់​​សហ​​​មេធាវីការពារក្តីឱ្យជនត្រូវចោទ មានធាតុផ្សំគ្រប់គ្រាន់​ ដែលល្មមអាចឱ្យ​ជន​​​ជាប់ឃុំទាំ​​ង​២​​រូបបាននៅក្រៅឃុំបណ្តោះអាសន្ន​។

លោកបន្តថា៖ ​«វាគួរតែមានការពិចារ​ណាដែរ ចំពោះ​ការ​លើ​កឡើងរបស់មេធាវី ពួកគាត់មានអំណះអំណាងមួយចំនួន គឺជាការត្រឹមត្រូវហើយ។ យើងមើលឃើញថា បើទោះបីកន្លងមក មានបើកសវនាការ​ជាបន្តបន្ទាប់ហើយក្តី តែបើយើងគិតពីរយៈពេលនៃការឃុំខ្លួនបណ្តោះអាសន្នហ្នឹង វាលើសទៅហើយ»។

លោក រ៉ុង ឈុន ដែលជា​អតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យផងនោះ​ ត្រូវបានសមត្ថកិច្ចចាប់​​ខ្លួន​ទាំង​យប់ កាល​​ពីចុងខែ​កក្កដា ឆ្នាំ២០២០ និង​ត្រូវបានតុលាការ​​ចោទប្រកាន់​ពី​បទ «ញុះញង់​បង្ក​ឱ្យមានភាពវឹកវរ​ធ្ងន់​​​ធ្ងរ​ដល់សន្តិសុខ​សង្គម​​»​​។ ដោយឡែក កញ្ញា សរ កណិកា ជាសកម្មជននយោបាយរបស់អតីត​គណ​​​​បក្ស​​សង្រ្គោះ​​ជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខាងមុខ​សាលាដំបូងរាជធានីភ្នំពេញ ខ​ណៈ​​​​​មាន​ការ​​តវ៉ា​ឱ្យដោះលែងលោក រ៉ុង ឈុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ