អ្នកជំនាញកិច្ចការបោះឆ្នោត និងអ្នកនយោបាយ បានហៅប្រតិកម្មរបស់នាយករដ្ឋមន្រ្តីដែលតម្រូវឱ្យ គ.ជ.ប លុបការបោះឆ្នោតសាកល្បងតាមអនឡាញក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែលនៅសល់ពេលប្រមាណ១សប្តាហ៍ខាងមុខទៀតនេះ ថាជាការធ្វើឱ្យប៉ះពាល់ទៅដល់ឯករាជ្យភាពរបស់ គ.ជ.ប។
ការលើកឡើងដូច្នេះ ធ្វើឡើងក្រោយពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាភ្លាមៗតាមសារសំឡេងកាលពីព្រលប់ថ្ងៃទី៩ ខែមិថុនា ទៅកាន់អភិបាលរាជធានី-ខេត្តទូទាំងប្រទេស មិនឱ្យមានការប្រមូលផ្តុំប្រជាពលរដ្ឋទៅហ្វឹកហាត់រៀនសូត្រពីការបោះឆ្នោតសាកល្បង និងផ្ញើសារលិខិតស្នើឱ្យ គ.ជ.ប លុបចោលគម្រោងបោះឆ្នោតសាកល្បងនេះ។
លោក កន សាវាង្យ មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអង្កេតរបស់អង្គការ ខុមហ្វ្រែល (Comfrel) មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា កិច្ចការនេះគួរទុកឱ្យ គ.ជ.ប. ជាអ្នកធ្វើសេចក្តីសម្រេចវិញល្អជាង ព្រោះបញ្ហានេះទាក់ទិននឹងផ្នែកបច្ចេកទេស។ លោកបន្តថា ការដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លូកដៃចូលក្នុងដំណើរការបច្ចេកទេសរបស់ គ.ជ.ប ដូច្នេះ នឹងធ្វើឱ្យមានមន្ទិលសង្ស័យទៅលើឯករាជ្យភាពរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ។
លោកបន្តថា៖ «សម្រាប់ខ្ញុំថាគួរតែឱ្យស្ថាប័ន គ.ជ.ប ហ្នឹងធ្វើការពិចារណាវិញ។ ពិចារណាហ្នឹង មានន័យថា អាចនឹងពន្យារពេលរហូតដល់ពេលណា ឬក៏ត្រូវផ្អាកមួយរយៈសិន ឬយ៉ាងម៉េច! យើងគួរតែទុកលទ្ធភាពឱ្យស្ថាប័ន គ.ជ.ប សម្រេចចិត្តវិញ ព្រោះស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យមួយដែលអាចសម្រេចរឿងហ្នឹងបាន»។
តាមគម្រោង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងដាក់ឱ្យអង្គបោះឆ្នោត ចូលរួមបោះឆ្នោតសាកល្បងតាមអនឡាញឬហៅថាជា«ប្រព័ន្ធបោះឆ្នោតទំនើប» នៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ។ ការបោះឆ្នោតសាកល្បងដែលគ្រោងរៀបចំនៅតាមការិយាល័យបោះឆ្នោតទាំង៥០ការិយាល័យនៅទូទាំងប្រទេស ឬ២ការិយាល័យក្នុងមួយឃុំ-សង្កាត់ ដែលមានសំណាកគណបក្សនយោបាយចំនួន៥ ដែល គ.ជ.ប សន្មតនៅលើសន្លឹកបណ្ណបោះឆ្នោត ដើម្បីដាក់ឱ្យអង្គបោះឆ្នោតជ្រើសរើស។
នៅក្នុងសារសំឡេងកាលពីថ្ងៃទី៩ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា ស្ថិតក្នុងកាលៈទេសៈចំពោះមុខនៃវិបត្តិកូវីដ-១៩នេះ មិនមានការចាំបាច់ក្នុងការរៀបចំការបោះឆ្នោតសាកល្បងអ្វីនោះទេ។ លោកបន្តថា ហេតុនេះការបោះឆ្នោតណាមួយក្នុងពេលនេះ មិនគួរកើតមានឡើងនោះឡើយ។
លោកបន្តថា៖ «ខ្ញុំត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋ ដាក់បទបញ្ជាឱ្យអភិបាលខេត្ត-រាជធានី ដើម្បីបញ្ឈប់ប្រមូលប្រជាជនមករៀនសូត្រតាមការចាត់តាំងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទាំងថ្នាក់ជាតិ ទាំងថ្នាក់ខេត្ត ឬថ្នាក់ណាក៏ដោយចុះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមតាមរយៈសារលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកដែរថា៖ «យើងគោរពឯករាជ្យភាពរបស់ គ.ជ.ប តែ គ.ជ.ប ក៏ត្រូវយល់ពីការលំបាករបស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងសម្ពាធពីការវាយលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង»។
យ៉ាងនេះក្តី អ្នកនយោបាយនៃអតីតគណបក្សប្រឆាំងចាត់ទុកថា ការសម្រេចចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនេះ ទៅលើដំណើរការបោះឆ្នោតសាកល្បង ជារឿងនយោបាយច្រើនជាងផ្នែកបច្ចេកទេស។
ថ្លែងពីប្រទេសបារាំង តាមបណ្តាញសង្គម នៅថ្ងៃទី១០ ខែមិថុនា លោក ម៉ែន សុថាវរិន្ទ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រចាំមណ្ឌលសៀមរាប យល់ឃើញថា ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នជាតិដែលបម្រើឱ្យការបោះឆ្នោតដូច្នេះ បង្ហាញឱ្យឃើញពីឥទ្ធិពលរបស់នាយករដ្ឋមន្ត្រីទៅលើ គ.ជ.ប ហើយក៏នឹងធ្វើឱ្យស្ថាប័ននេះលែងជាស្ថាប័នដែលផ្តល់ទំនុកចិត្តសម្រាប់អ្នកបោះឆ្នោតទៀតដែរ។
លោកបន្តថា៖ «នាយករដ្ឋមន្រ្តីគាត់បញ្ជាអ៊ីចឹងមានន័យថា គាត់បញ្ជា គ.ជ.ប. គាត់បញ្ជាតុលាការ អ្វីៗទាំងអស់ហើយ! អានេះជាបុគ្គលខ្ញុំមើលឃើញ។ ហេតុនេះ វាគឺជារឿងនយោបាយសុទ្ធសាធ។ ខ្ញុំមើលទៅ នេះជារឿងនយោបាយទេ»។
យ៉ាងណាក៏ដោយ លោក កែម រិទ្ធិសិត ប្រធានកិត្តិយសគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់វិញ គាំទ្រចំពោះសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
បើតាមលោក រិទ្ធិសិត ដោយសារពេលនេះ កម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហេតុនេះការលុបចោលដំណើរការបោះឆ្នោតសាកល្បងនេះ ជាមធ្យោបាយល្អប្រសើរដែរ។ មិនតែប៉ុណ្ណោះ លោកយល់ថា ការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាឬបោះឆ្នោតតាមអនឡាញនេះ ពិតជាពិបាកជឿទុកចិត្តថា មានភាពសុក្រឹត្យ សេរី និងយុត្តិធម៌ណាស់។
លោក កែម រិទ្ធិសិត មានប្រសាសន៍ថា៖ «ប្រព័ន្ធចាស់ មានន័យថា ប្រជាពលរដ្ឋគាត់មានសិទ្ធិទៅចុះឈ្មោះ មានសិទ្ធិទៅបោះឆ្នោតដោយបង្ហាញខ្លួន។ បើយើងបោះឆ្នោតតាមប្រព័ន្ធទំនើបដោយប្រព័ន្ធអេឡិចត្រូនិចនេះ គឺថាយើងវាមិនអាចថាទុកចិត្តទេ»។
បើទោះជាបែបណា ភ្លាមៗក្រោយប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ខ្លួននឹងលុបចោលដំណើរការបោះឆ្នោតសាកល្បងដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បដិសេធក្នុងការអត្ថាធិប្បាយលើការស្នើរបស់លោកនាយករដ្ឋមន្រ្តី។
ឆ្លើយនឹងសំណួរថាតើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែរក្សាជំហរដូចដើមឬយ៉ាងណាចំពោះគម្រោងដាក់ឱ្យសាកល្បងការបោះឆ្នោតតាមប្រព័ន្ធអនឡាញនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គឺត្រូវរង់ចាំមើលស្ថានភាពក្រោយវិបត្តិកូវីដ-១៩នេះស្ងប់ស្ងាត់ទៅវិញសិន។
លោកបន្តថា៖ «គឺផ្អែកទៅលើកូវីដ-១៩ អ៊ីចឹងអ្វីៗទាល់តែចប់កូវីដ-១៩ បានយើងមានការប្រកាសថា តើ គ.ជ.ប ត្រូវដើរតាមវិធីណា»។
សម្រាប់លោក កន សាវាង្យ មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការខុមហ្វ្រែល ដែលតាមដានពីដំណើរការប្រព័ន្ធបោះឆ្នោតថ្មី មើលឃើញថា ការបោះឆ្នោតតាមអនឡាញនេះជាជំនួយឬជាមធ្យោបាយដ៏ល្អទៅវិញទេ ពីការឆ្លងកូវីដ-១៩ ព្រោះការបោះឆ្នោតនេះមិនធ្វើឱ្យអ្នកបោះឆ្នោតពពាក់ពពូនគ្នាដូចប្រព័ន្ធចាស់។ លោកបន្តថា ព្រោះតែបង្ការរឿងកូវីដនេះ គ.ជ.ប ព្យាយាមលើកពេលបោះឆ្នោតសាកល្បងនេះជាច្រើនដងមកហើយ។
អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ មានសុទិដ្ឋិនិយមថា ប្រព័ន្ធបោះឆ្នោតថ្មីនិងទំនើបនេះ មិនត្រឹមតែជាឧបករណ៍ជួយអ្នកបោះឆ្នោតឱ្យមានភាពងាយស្រួលទេ វានឹងក្លាយជាប្រព័ន្ធបោះឆ្នោតមួយដែលជឿទុកចិត្ត សេរី ត្រឹមត្រូវ និងយុត្តិធម៌ថែមទៀតផងសម្រាប់អ្នកបោះឆ្នោត៕