អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួន អំពាវនាវឱ្យអាជ្ញាធរកម្ពុជាដោះលែងកូនប្រុសរបស់សកម្មជនម្នាក់ឱ្យមានសេរីភាពវិញ ដោយចាត់ទុកការចាប់ខ្លួននិងចោទប្រកាន់នោះថា ជាការគំរាមកំហែងផ្នែកនយោបាយនិងបង្ខំឱ្យចុះចូលដោយខ្វះគុណធម៌។
អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ឱ្យដឹងនៅថ្ងៃសុក្រនេះថា យុវជនម្នាក់ឈ្មោះ កាក់ សុវណ្ណច្ឆ័យ អាយុ១៦ឆ្នាំ ត្រូវជាកូនរបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ ត្រូវបាននគរបាលនិងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាប់ខ្លួន កាលពីម៉ោង៨និង៣០នាទី យប់ថ្ងៃម្សិលមិញ ដោយមិនបានបង្ហាញដីកាប្រាប់ពីកំហុសនោះទេ។ ករណីនេះ លោកស្រីបានចាត់ទុកចំណាត់ការចាប់ខ្លួនកូនប្រុសរបស់សកម្មជនរូបនោះ ថាធ្វើឡើងខុសនីតិវិធី។
លោកស្រី មូរ សុខហួរ បន្តថា លោក កាក់ កុម្ភារ ដែលជាឱពុករបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួននៅពន្ធនាគារព្រៃស ជិត១ឆ្នាំមកហើយ ដោយរងការចោទពីបទ «រួមគំនិតក្បត់ និងញុះញង់មិនឱ្យយោធាស្តាប់បង្គាប់»។ លោកស្រីថា វិធានការចាប់ខ្លួនសកម្មជននិងសាច់ញាតិសកម្មជនអតីតបក្សប្រឆាំងជាបន្តបន្ទាប់នេះ ជាការគំរាមកំហែងផ្នែកនយោបាយ និងបំបាក់ស្មារតីសកម្មជនរបស់ខ្លួនឱ្យចុះចូលជាមួយបក្សកាន់អំណាច។
ជាមួយគ្នានេះដែរ លោកស្រី មូរ សុខហួរ បានជំរុញឱ្យមានការដោះលែងកូននិងសកម្មជនរបស់គណបក្សនេះដោយគ្មានលក្ខខណ្ឌ ដើម្បីបង្ហាញថា ការអនុវត្តច្បាប់មិននៅក្រោមការបង្គាប់បញ្ជារបស់គណបក្សកាន់អំណាច។
លោកស្រីនិយាយថា៖ «ដោះលែងឪពុកគេទៅ ដោះលែងគ្រួសារគេទៅ [កាក់ សុវណ្ណច្ឆ័យ] កុំបន្តនូវការយាយី កុំបន្តនូវការគំរាមកំហែង យើងកុំបន្តសកម្មភាពអត់មានគុណធម៌ អត់មានសីលធម៌ ដើម្បីតែអំណាចខ្លួនឯងនោះ នេះជារឿងនយោបាយសុទ្ធសាធ តុលាការជាឧបករណ៍នៃលោក ហ៊ុន សែន»។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានច្រានចោលការចោទប្រកាន់នេះ និងថា សមត្ថកិច្ចមានភស្តុតាងសារជាសំឡេង និងមួយទៀតនៅក្នុងគ្រុបតេឡេក្រាម។ លោកបន្តថា ការចុះអនុវត្តច្បាប់លើ ឈ្មោះ កាក់ សុវណ្ណច្ឆ័យ ដែលមានការចូលរួមពីព្រះរាជអាជ្ញា ធ្វើឡើងក្រោយសមត្ថកិច្ចរកឃើញបទល្មើសជាក់ស្តែងចំនួន២ករណី ក្នុងនោះមាន បទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ» និងបទ «ប្រមាថទៅលើមន្ត្រីរាជការសាធារណៈ»។
លោកថា៖ «បើគ្មានការញុះញង់ឬប្រមាថអីផ្សេងៗ គ្មាននរណាសុខៗគេទៅចាប់ទេ។ បើអ៊ីចឹង គេទៅចាប់ប្រជាពលរដ្ឋអស់ហើយ អ៊ីចឹងមានន័យថា វាលើកលែងតែមានការប្រព្រឹត្តអំពើខុសអីទៅ បានសមត្ថកិច្ចគេមានវិធានការតាមច្បាប់»។
អ្នកស្រី ព្រុំ ចាន់ថា ដែលជាម្តាយរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ និយាយថា កូនគាត់មាន«ជំងឺអូទីស៊ឹម»តាំងពីកំណើត ហើយឆាប់ទទួលប្រតិកម្មតបប្លែកៗពេលទទួលរងនូវការប៉ះទង្គិចអ្វីមួយ ពិសេសការខលត្រឡប់ទៅវិញតាមបណ្តាញសង្គម ចំពោះអ្នកដែលបានប្រមាថឪពុករបស់គាត់ថាជាជនក្បត់ជាតិឬជាក្រុមឧទ្ទាមជាដើមនោះ។
ស្ត្រីវ័យ៤៤ឆ្នាំរូបនេះបានរៀបរាប់ទៀតថា អំឡុងពេលសមត្ថកិច្ចចូលចាប់កូនប្រុសរបស់គាត់កាលពីយប់មិញ គាត់ឃើញកម្លាំងចម្រុះប្រហែល២០នាក់បានពង្រាយព័ទ្ធជុំវិញផ្ទះគាត់ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ក្នុងនោះ សមត្ថកិច្ចចំនួន៩នាក់បានសម្រុកចូលទៅក្នុងផ្ទះ ចាប់ក្រៀកគាត់ និងចាប់វាយខ្នោះកូនប្រុសគាត់តែម្តង។
អ្នកស្រីថា៖ «ខ្ញុំអំពាវនាវឱ្យអង្គការជាតិនិងអន្តរជាតិជួយឃ្លាំមើលកូនខ្ញុំផង និងសូមឱ្យរដ្ឋាភិបាលដោះលែងកូនប្រុសខ្ញុំមកវិញមក គាត់នៅក្មេងណាស់ គាត់ជាអនីតិជន គាត់អត់ទាន់គ្រប់អាយុទេ ហើយចាប់គាត់អ៊ីចឹងធ្វើបាបគាត់ណាស់ អ៊ីចឹងស្មារតីគាត់មិនដឹងបាក់ស្បាតប៉ុនណាទេ»។
អ្នកស្រី ព្រុំ ចាន់ថា ជាស្ត្រីមួយរូបក្នុងចំណោមស្ត្រីប្រមាណ១០នាក់ដែលសកម្មក្នុងការប្រមូលផ្តុំតវ៉ានៅមុខសាលាដំបូងរាជធានីភ្នំពេញ និងដើរដាក់ញតិ្តតាមស្ថានទូតនានាជារៀងរាល់ថ្ងៃសុក្រ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នទាំងនោះ ឱ្យមានការដោះលែងស្វាមីរបស់អ្នកស្រីដែលកំពុងជាប់ឃុំ។
ចំណែកក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ធ្លាប់ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញចាប់ខ្លួនម្តងហើយ កាលពីខែតុលា ឆ្នាំ២០២០ ពីបទ «ចូលទីស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ» នៅសង្កាត់ចាក់អង្រែលើ បំពានលើបម្រាមតុលាការ។ ប៉ុន្តែក្មេងប្រុសរូបនោះត្រូវបានសមត្ថកិច្ចដោះលែងវិញ ក្រោយសាកសួរអស់៤៨ម៉ោង។ បើតាមម្តាយបង្កើតរបស់ក្មេងប្រុសនេះ ប៉ុន្មានខែក្រោយមក ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវបានជនមិនស្គាល់មុខលួចវាយពីក្រោយបណ្តាលឱ្យបែកក្បាយដេរ២០ថ្នេរ ហើយថា ច្រើនខែមកនេះ សមត្ថកិច្ចនៅមិនទាន់រកឃើញជនដៃដល់នៅឡើយទេ។
នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ថា ការចាប់ខ្លួននេះជាការគំរាមកំហែងដល់សេរីភាពបញ្ចេញមតិ ដោយថា ក្មេងប្រុស សុវណ្ណច្ឆ័យ និងម្តាយ ជាមនុស្សសកម្មក្នុងការតវ៉ាទាមទារឱ្យដោះលែងក្រុមគ្រួសារនិងអតីតសកម្មជនបក្សប្រឆាំងពីពន្ធនាគារ។
លោកថា៖ «អ៊ីចឹងបើការចាប់ខ្លួនពីម្សិលមិញ ហើយព្រឹកនេះគឺជាព្រឹត្តិការណ៍ដែលស្ត្រីថ្ងៃសុក្រហ្នឹង អ៊ីចឹងបើយើងមើលពីរូបភាពទូទៅ វាជាការធ្វើទុក្ខបុកម្នេញបំភិតបំភ័យទៅដល់អតីតសកម្មជនបក្សប្រឆាំងហ្នឹង»។
យ៉ាងណា អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះជំរុញឱ្យស្ថាប័នអនុវត្តច្បាប់ អនុវត្តតាមបទដ្ឋានជាតិនិងអន្តរជាតិ ដើម្បីបញ្ចៀសការរិះគន់ដែលថាការអនុវត្តច្បាប់នៅកម្ពុជាមានស្តង់ដារពីរ ខណៈជនដៃដល់មួយចំនួនដែលប្រើអំពើហិង្សាទៅក្រុមអតីតបក្សប្រឆាំង សមត្ថកិច្ចមិនទាន់បាននាំខ្លួនមកផ្តន្ទាទោសនៅឡើយ។
បើតាមលោកស្រី មូរ សុខហួរ គិតត្រឹមថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានអតីតសកម្មជននិងមន្រ្តីគណបក្សសង្គ្រោះជាតិចំនួន៣នាក់បានស្លាប់ ដោយសាររងអំពើហិង្សាដែលបង្កឡើងដោយជនមិនស្គាល់មុខ ក្នុងចំណោមជនរងគ្រោះសរុបនៅទូទាំងប្រទេសចំនួន៣១នាក់៕