អង្គការសហប្រជាជាតិផ្នែកសិទ្ធិមនុស្សនិងបរិស្ថាន បង្ហាញកង្វល់អំពីការឃុំខ្លួនសកម្មជនបរិស្ថាន និងអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាសិទ្ធិសេរីភាពអ្នកការពារសិទ្ធិមនុស្សនិងអ្នកការពារបរិស្ថាន។
នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ សកម្មជនបរិស្ថាន៤នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ប៉ុន្តែម្នាក់ត្រូវបានដោះលែងវិញ ខណៈ៣នាក់ទៀត រួមមាន យុវជន លី ចាន់ដារ៉ាវុទ្ធ យុវជន យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានតុលាការសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមបទចោទ«រួមគំនិតក្បត់» និង«ប្រមាថអង្គព្រះមហាក្សត្រ»។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អង្គការសហប្រជាជាតិ តាមរយៈអង្គភាពសិទ្ធិមនុស្ស និងកម្មវិធីបរិស្ថាននៃអង្គការពិភពលោកមួយនេះ ចេញផ្សាយនៅថ្ងៃពុធនេះ បានបង្ហាញកង្វល់យ៉ាងខ្លាំងចំពោះការចាប់ឃុំខ្លួនសកម្មជនបរិស្ថាននៅកម្ពុជា។
លើកឡើងក្នុងសេចក្តីប្រកាសព័ត៌មាន នាយកប្រចាំតំបន់នៃកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក លោក Dechen Tsering លើកឡើងថា សង្គមស៊ីវិលដែលតស៊ូដោយសន្តិវិធី ដើម្បីការពារបរិស្ថាន គឺជាដៃគូមួយដ៏សំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមទាំងឡាយនៃការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថានផងដែរ។
ចំណែកតំណាងអាស៊ីអាគ្នេយ៍នៃការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំទីក្រុងបាងកក លោកស្រី Cynthia Veliko ក៏បានលើកឡើងដែរថា ការងារសិទ្ធិមនុស្សនិងបរិស្ថានមិនមែនជាបទល្មើសព្រហ្មទណ្ឌនោះទេ។
ករណីនេះ លោកស្រីជំរុញឱ្យអាជ្ញាធរកម្ពុជាត្រូវធានាថា អង្គការការពារសិទ្ធិមនុស្សនិងអង្គការសង្គមស៊ីវិលនានានៅកម្ពុជា អាចធ្វើប្រតិបត្តិការដោយគ្មានការភ័យខ្លាចនិងការបំភិតបំភ័យ ហើយរាល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ សិទ្ធិជួបជុំដោយសន្តិវិធី និងការចងក្រងសមាគម ត្រូវបានការពារនិងគោរព។
លោកស្រី Cynthia Veliko៖ «វាជាការចាំបាច់ ដើម្បីបញ្ឈប់ការប្រើវិធានការដាក់ទណ្ឌកម្មទាំងអស់ដែលជាទម្លាប់ទៅលើសកម្មជនសិទ្ធិមនុស្សនិងសកម្មជនបរិស្ថាននៅក្នុងប្រទេសកម្ពុជា»។
អង្គភាពនានានៃអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិ រួមទាំងអនុសាសន៍ទាំងឡាយដែលបានធ្វើឡើងដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ ទទួលបន្ទុកការលុបបំបាត់ការរើសអើងប្រឆាំងនឹងស្ត្រីភេទ។ លើសពីនេះទៀត អនុសាសន៍នានាដែលត្រូវបានទទួលយកដោយស្ម័គ្រចិត្តក្នុងអំឡុងពេលត្រួតពិនិត្យជាសកល ដើម្បីធានាសិទ្ធិអ្នកការពារសិទ្ធិមនុស្សនិងការពារបរិស្ថាន។ លើសពីនេះ ត្រូវធានាសិទ្ធិសេរីភាពបញ្ចេញមតិ ការជួបជុំ និងសិទ្ធិចូលរួមក្នុងសមាគមដោយគ្មានការយាយីឬរំខាន ការតាមឈ្លបមើល ឬការរឹតត្បិតហួសហេតុដទៃទៀត។
ជាថ្មីម្តងទៀត អង្គភាពនានានៃអង្គការសហប្រជាជាតិ ចាត់ទុកការលើកស្ទួយនិងការពារសិទ្ធិផ្នែកបរិស្ថាន ថា មិនមែនជាបទល្មើសឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កត្តា អ៊ន ហៅការលើកឡើងរបស់អង្គភាពនានានៃអង្គការសហប្រជាជាតិ ថាមិនបានដឹងព័ត៌មានពិតពីកម្ពុជា។ លោកបន្តថា ការចាប់និងឃុំខ្លួនសកម្មជនបរិស្ថាននោះ មិនមែនធ្វើឡើងដើម្បីប្រឆាំងនឹងអ្នកការពារបរិស្ថានឡើយ។ ផ្ទុយទៅវិញ លោកថា ដោយសារ ពួកគេធ្វើខុសទៅនឹងច្បាប់ព្រហ្មទណ្ឌកម្ពុជាតែប៉ុណ្ណោះ។
លោកបន្តថា៖ «ដូច្នេះ មូលដ្ឋានច្បាប់ដែលសមត្ថកិច្ចតាមដានយូរណាស់មកហើយ វាជាភស្តុតាងមួយដែលតុលាការពិនិត្យមើលអង្គហេតុ អង្គច្បាប់ តំបន់បទល្មើសទាំងអស់នេះ។ អ៊ីចឹងពួកគាត់ត្រូវបានចោទប្រកាន់ពីតុលាការ។ ទី៣ ខ្ញុំយល់ថា យើងទាំងអស់គ្នាមិនអាចទៅដាក់សម្ពាធ ឬទៅបង្ខំ ឬបញ្ជាសមត្ថកិច្ចតុលាការបានទេ ពីព្រោះយើងចង់បានតុលាការឯករាជ្យ។ យើងចង់បានភាពយុត្តិធម៌ យើងចង់បាននីតិរដ្ឋនៅកម្ពុជា។ ដូច្នេះ យើងគួររង់ចាំនិងពិនិត្យមើលចំណាត់ការរបស់តុលាការ ហើយភាគីរងគ្រោះគួរតែការពារផ្លូវច្បាប់តាមរយៈមេធាវីក្នុងការតស៊ូពីផ្លូវច្បាប់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា សង្កេតឃើញថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់គោរពទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្សអន្តរជាតិនៅឡើយ ជាពិសេសពាក់ព័ន្ធនឹងរឿងសិទ្ធិរបស់ប្រជាពលរដ្ឋនិងនយោបាយ ដែលកម្ពុជាបានផ្ដល់សច្ចាប័នទៅលើកតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិកន្លងមក។
លោកបន្តថា រដ្ឋាភិបាលគួរតែពិចារណាឡើងវិញចំពោះការចាប់និងឃុំខ្លួនសកម្មជនបរិស្ថាននិងអ្នកផ្សេងទៀត ប៉ុន្តែបើសិនជាមិនមានការដោះស្រាយទេ លោកថា កម្ពុជានឹងរងផលប៉ះពាល់ចំពោះមុខមាត់នៅលើឆាកអន្តរជាតិបន្ថែមទៀត។
លោកថា៖ «ខ្ញុំគិតថា វាជារឿងមួយគួរគប្បីនឹងធ្វើ ហើយអាចទទួលបានការកោតសរសើរពីសហគមន៍ជាតិនិងអន្តរជាតិឡើងមកវិញដែរ ណាមួយក៏អាចឱ្យគេមើលឃើញផងដែរ នៅកម្ពុជាយើងកំពុងបើលំហសេរីភាពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដែរ ក្នុងខណៈដែលគេកំពុងមើលឃើញថា កម្ពុជាយើងកំពុងធ្លាក់ចុះក្នុងស្ថានភាពធ្ងន់ធ្ងរទាំងអស់នេះ។ ចំណុចនេះក៏ជាមុខមាត់មួយរបស់កម្ពុជានៅលើឆាកអន្តរជាតិដែរ បើសិនជាបើកនូវលំហសេរីភាព សិទ្ធិ និងលទ្ធិប្រជាធិបតេយ្យឡើងវិញ»។
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០មក មកដល់ខែមិថុនា ឆ្នាំ២០២១នេះ មានសកម្មជនចលនាមាតាធម្មជាតិចំនួន៦នាក់ហើយត្រូវបានចាប់និងឃុំខ្លួនជាបន្តបន្ទាប់ ដោយក្នុងនោះ យុវជន៣នាក់ រួមមាន កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវ រស្មី និងលោក ថុន រដ្ឋា រួមទាំងស្ថានិកចលនាមាតាធម្មជាតិ លោក អាឡិច ហ្គន់សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារពី១៨ខែ ដល់២០ខែ និងពិន័យជាប្រាក់មួយចំនួន ក្រោមបទចោទ«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
សេចក្ដីប្រកាព័ត៌មានរបស់អង្គភាពនានារបស់អង្គការសហប្រជាជាតិដដែល បញ្ជាក់ថា យ៉ាងហោចណាស់មានអ្នកការពារសិទ្ធិមនុស្សចំនួន២៤រូប ក្នុងនោះមានស្ត្រីចំនួន១២រូប ដែលបច្ចុប្បន្នកំពុងជាប់ឃុំនៅពន្ធនាគារក្នុងប្រទេសកម្ពុជា។ យ៉ាងនេះក្តី ក្រោយពីមានការចោទប្រកាន់និងឃុំខ្លួនសកម្មជនបរិស្ថានជាបន្តបន្ទាប់ ក៏មានប្រតិកម្មជាច្រើនពីសាធារណជន អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ រួមទាំងស្ថានទូតធំៗប្រចាំនៅកម្ពុជា ក្នុងនោះ ស្ថានទូតអាមេរិក ស្ថានទូតស៊ុយអ៊ែត និងអូស្រ្តាលី ជាដើម ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់ទៅលើយុវជនបរិស្ថានទាំងនោះឱ្យមានសេរីភាពឡើងវិញ៕
អត្ថបទទាក់ទង